29 C
Phnom Penh

បុរស​​​ហូឡង់​​​​នឹង​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​្ធ​ការ​ធ្វើ​ទារុណកម្ម​​​​កុមារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជអាជ្ញាបាននិយាយកាលពីម្សិលមិញថា លោកនឹងធ្វើការចោទប្រកាន់បណ្តោះអាសន្នលើជនជាតិហូឡង់ម្នាក់នៅថ្ងៃនេះពីបទល្មើសមួយចំនួនរួមទាំងការមិនរាយការណ៍ពីបទល្មើស និងការបិទបាំងភ័ស្តុតាងបន្ទាប់ពីមិត្តប្រុសរបស់ខ្លួនបានធ្វើទារុណកម្មលើក្មេងប្រុសម្នាក់នៅក្នុងវីដេអូឃ្លីបដែលត្រូវបានបែកធ្លាយតាមប្រព័ន្ធអីុនធឺណិតនៅសប្តាហ៍នេះ។

វីដេអូឃ្លីបបង្ហាញពីការធ្វើទារុណកម្មលើក្មេងប្រុសអាយុ២ឆ្នាំដោយប្រើឧបករណ៍ឆក់នោះធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមកាលពីថ្ងៃអង្គារដែលឈានទៅដល់ការចាប់ខ្លួនលោក Stefan Struik អាយុ៥៣ឆ្នាំ ក្នុងខេត្តកំពង់ចាមកាលពីយប់នោះ។

ង្វៀន ថាញ់ឌុង អាយុ៣៤ឆ្នាំជនជាតិវៀតណាម ជាមិត្តប្រុស និងជាជនសង្ស័យធ្វើទារុណកម្ម ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធក្នុងទីក្រុងហូជីមិញ បន្ទាប់ ពីការតាមប្រមាញ់អស់រយៈពេល២ថ្ងៃ។

ង្វៀន ថាញ់ឌុង ជនជាតិវៀតណាមដែលរងការចោទប្រកាន់ថាបានធ្វើទារុណកម្មកូនក្មេង ត្រូវអ្នកកាសែតសាកសួរ ក្នុងរូបថតតាមហ្វេសប៊ុករបស់បណ្តាញព័ត៌មានវៀតណាម។
ង្វៀន ថាញ់ឌុង ជនជាតិវៀតណាមដែលរងការចោទប្រកាន់ថាបានធ្វើទារុណកម្មកូនក្មេង ត្រូវអ្នកកាសែតសាកសួរ ក្នុងរូបថតតាមហ្វេសប៊ុករបស់បណ្តាញព័ត៌មានវៀតណាម។

លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា អាជ្ញាធរវៀតណាមមិនទាន់បានឆ្លើយតបចំពោះសំណើសុំធ្វើបត្យាប័ននៅឡើយទេ។

លោក សាន សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងចោទប្រកាន់បណ្តោះអាសន្នលើលោក Struik ដែលមានសញ្ជាតិខ្មែរ និងមានចម្ការកាកាវនៅក្នុងប្រទេសកម្ពុជាពីបទ “មិនដាក់ពាក្យបណ្តឹងប្រឆាំងការធ្វើបាបអនីតិជន” និងបទ “ការបិទបាំងភ័ស្តុតាង”។

បទចោទប្រកាន់ទាំងពីរនេះមានទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលដល់៦លានរៀល។ លោក Struik កំពុងត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ហើយគ្រោងនឹងបញ្ជូនទៅតុលាការវិញនៅថ្ងៃនេះ។

ប្រសិនបើ ង្វៀន ថាញ់ឌុង ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញនោះ ជននេះនឹងត្រូវចោទប្រកាន់ពីបទធ្វើទារុណកម្មមានទម្ងន់ទោស និងពីបទប្រព្រឹត្តអំពើឃោរឃៅ ដែលមានទោសជាប់ពន្ធនាគារពី១០ឆ្នាំដល់២០ឆ្នាំ។

លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍ថា អាជ្ញាធរកំពុងរង់ចាំមើលថា តើជននេះនឹងត្រូវបញ្ជូនត្រឡប់មកវិញដើម្បីប្រឈមការជំនុំជម្រះឬយ៉ាងណា។

លោកបានថ្លែងថា “យើងបានធ្វើសំណើរួចហើយ តែគេមិនទាន់ឆ្លើយតបនៅឡើយទេ ។ យើងចង់ឲ្យមានការចោទប្រកាន់នៅទីនេះ”។

លោក James McCabe ប្រធានអង្គភាពការពារកុមារដែលបានចូលរួមក្នុងការសើុបអង្កេតក៏បានមានប្រសាសន៍ផងដែរថា លោក សង្ឃឹមថា ជនសង្ស័យធ្វើទារុណកម្មនេះនឹងត្រូវបញ្ជូនឲ្យមកទទួលទោសចំពោះបទល្មើសមួយចំនួនដែលគេបានប្រព្រឹត្តក្នុងប្រទេសកម្ពុជា”។

នៅក្នុងវីដេអូឃ្លីបដែលបង្ហោះតាមហ្វេសប៊ុក ង្វៀន ថាញ់ឌុង បានសារភាពប្រាប់នគរបាលក្នុងប្រទេសវៀតណាមថា ខ្លួនបានរំលោភបំពានក្មេងប្រុសនេះកាលពីថ្ងៃទី២២ ខែសីហានៅលើចម្ការមួយនៅពេលឪពុកម្តាយរបស់ក្មេងប្រុសនេះទៅធ្វើការនៅកន្លែងផ្សេង។

នៅក្នុងវីដេអូឃ្លីបដាច់ដោយឡែកមួយទៀតដែលបានបង្ហោះចូលក្នុងគេហទំព័រព័ត៌មានទូរទស្សន៍វៀតណាម ជនសង្ស័យរូបនេះនិយាយថា ឪពុកម្តាយក្មេងប្រុសរូបនេះតែងតែទុកក្មេងនេះឲ្យខ្លួនមើល ហើយថែមទាំងពិចារណាចង់ឲ្យខ្លួនធ្វើជាឪពុកធម៌របស់ក្មេងនេះទៀតផង។ជននេះក៏បានអះអាងផងដែរថា ខ្លួនគឺជាមិត្តប្រុសរបស់លោក Struik។

រូបថតដែលបង្ហោះចូលក្នុងទំព័រហ្វេសប៊ុករបស់អង្គភាពការពារកុមារកាលពីម្សិលមិញ បង្ហាញពីក្រុមមន្ត្រីឆែកឆេរបន្ទប់របស់ង្វៀន ថាញ់ឌុង ក្នុងខេត្តមណ្ឌលគិរី ហើយបានរកឃើញឧបករណ៍ឆក់ដែលគេគិតថា ជាឧបករណ៍តែមួយដែលប្រើក្នុងវីដេអូឃ្លីបនោះ។

លោក សូ សុវណ្ណ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា “យើងបានឆែកឆេរកាលពីម្សិលមិញក្នុងគោលបំណងរកឧបករណ៍ឆក់នោះ ហើយឥឡូវនេះយើងបានរកឃើញហើយ”។ លោកបានបន្ថែមថា លោក Struik អះអាងថា គាត់មិនដឹងថាមានឧបករណ៍ឆក់នៅក្នុងបន្ទប់ទេ។

យោងតាមលោក ហួន គឹមហេង ស្នងការរងនគរបាលខេត្តមណ្ឌលគិរីទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះអាយុ២ឆ្នាំរូបនេះត្រូវបានបញ្ជូនមកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញកាលពីម្សិលមិញ ដើម្បីពិនិត្យសុខភាពដែលត្រូវបានរ៉ាប់រងការចំណាយដោយលោកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់លោកនាយករដ្ឋមន្ត្រី ៕ សារុន (រាយការណ៍បន្ថែមដោយ George Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស