មន្ត្រីបាននិយាយកាលពីម្សិលមិញថា មនុស្សចំនួន១៣នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីផឹកស្រាសដែលមានជាតិមេតាណុលអំឡុងពិធីបុណ្យសពបន្តបន្ទាប់គ្នានៅឃុំមួយក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេលមួយខែមកនេះ។
ទីតាំងផលិតស្រាសនានាត្រូវបានបិទ ហើយអ្នកបិតស្រាម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការធ្វើតេស្តបង្ហាញថា ស្រាដែលគាត់ចែកចាយឲ្យទៅគ្រួសារសពមានផ្ទុកកម្រិតជាតិមេតាណុលខ្ពស់រហូតដល់ទៅ២៥ភាគរយ។
លោក សុរិន ទីរ៉ាវុទ្ធី ប្រធានមន្ទីរពេទ្យបង្អែកខេត្តដែលជនរងគ្រោះជាច្រើនត្រូវបានបញ្ជូនទៅសង្គ្រោះដោយមានអាការៈពុល បានមានប្រសាសន៍ថា “ខ្ញុំគិតថា ថ្ងៃស្អែកប្រហែលជាមានជនរងគ្រោះបន្ថែមទៀត”។
លោកថ្លែងថា នៅចន្លោះថ្ងៃពុធនិងថ្ងៃម្សិលមិញ មនុស្ស៦២នាក់មកពីឃុំក្រាំងស្គារ ស្រុកទឹកផុស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តនេះ ហើយ៥នាក់ក្នុងចំណោមអ្នកមានអាការៈធ្ងន់បំផុតត្រូវបានបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ ហើយពីរនាក់បានស្លាប់នៅទីនេះកាលពីម្សិលមិញ។
លោកលើកឡើងទៀតថា “អាការៈរបស់ពួកគាត់ស្រដៀងគ្នាខ្លាំងដូចជាក្អួត ចង្អោរថប់ដង្ហើម និងស្រវាំងភ្នែកជាដើម។ យើងសង្ស័យថា ពួកគាត់ពុលស្រា បន្ទាប់ពីជនរងគ្រោះចុងក្រោយបានស្លាប់នៅមន្ទីរពេទ្យរបស់យើង។ពេលនោះយើងបានបញ្ជាមន្ត្រីរបស់យើងឲ្យធ្វើការសើុបអង្កេត ហើយបាន រកឃើញថា មនុស្ស៩នាក់ទៀតដែលបានផឹកស្រាក៏បានបាត់បង់ជីវិតក្នុងឃុំនេះដែរ”។
លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស បានមានប្រសាសន៍ថា បញ្ហាបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដែលនៅពេលនោះគ្រួសារមួយបានដាក់ស្រាសឲ្យភ្ញៀវផឹកក្នុងពិធីបុណ្យសពសាច់ញាតិម្នាក់វ័យ៧៩ឆ្នាំ។ អ្នកភូមិបានចាប់ផ្តើមត្អូញឈឺពោះមិនឈប់ហើយការស្លាប់ក៏បានកើនឡើងសន្សឹមៗ នៅពេលគេបន្តយកស្រានោះទៅទទួលភ្ញៀវក្នុងពិធីបុណ្យសពក្រោយៗមកទៀត។
លោក គង់ សំឯម ដែលជាមេឃុំមានប្រសាសន៍ថា “ខ្ញុំឃើញអ្នកភូមិធ្លាក់ខ្លួនឈឺតាំងពីដើមខែមុន ហើយមួយចំនួនបានស្លាប់នៅពេលក្រោយមក ប៉ុន្តែគ្មានអ្នកណាគិតថា ពួកគាត់ពុលអីទេ។ ពេលប្រជាពលរដ្ឋចាប់ផ្តើមស្លាប់ម្តងមួយៗនៅឯពិធីបុណ្យសព ពួកគាត់បានបន្តផឹកស៊ី។ ពេលនេះទីតាំងបិតស្រាសទាំងអស់ត្រូវបាននគរបាលបិទជាបណ្តោះអាសន្នដើម្បីធ្វើការសើុបអង្កេត”។
យោងតាមលោក លី វីរៈ ស្នងការរងខេត្តបានឲ្យដឹងថា អ្នកបិតស្រាម្នាក់នៅក្នុងឃុំខាងលើនេះត្រូវបាននគរបាលស្រុកចាប់ខ្លួនយកទៅសាកសួរកាលពីរសៀលម្សិលមិញ ។
លោកមានប្រសាសន៍បន្តថា មន្ត្រីបានរកឃើញថា ស្រារបស់អ្នកបិតដែលត្រូវបានដាក់ទទួលភ្ញៀវនៅតាមពិធីបុណ្យសពមានជាតិមេតាណុល២៥ភាគរយ។ មេតាណុលគឺជាវត្ថុរាវគ្មានក្លិន ប៉ុន្តែពុលដែលជាធម្មតាត្រូវបានប្រើប្រាស់ជាឥន្ធនៈ ឬសម្រាប់ ប្រឆាំងភាពកកក្នុងរថយន្ត។
ការពុលមេតាណុលបានកើតមានជាថ្មីឡើងវិញនៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់ ដោយជាញឹកញាប់ការស៊ើបអង្កេតបាននាំឆ្ពោះទៅរកអ្នកបិតស្រាទុច្ចរិតទ្រង់ទ្រាយធំដែលបានលាយជាមួយសារធាតុគីមីនេះដើម្បីបង្កើនកម្រិតជាតិអាកុលនៅក្នុងស្រា។
លោក លី វីរៈ មិនបានពន្យល់ពីវិធីរកឃើញជនសង្ស័យនោះទេ ប៉ុន្តែថ្លែងថា គាត់នឹងត្រូវឃុំខ្លួនមួយយប់នៅអធិការដ្ឋាននគរបាល មុនពេលបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃេនះសម្រាប់ការសាកសួរបន្ថែមទៀត។ លោកបានបង្វែរសំណួរបន្ថែម ទៀតទៅនគរបាលស្រុក ប៉ុន្តែ លោក ខែម វិបុល ដែលជាអធិការនគរបាលស្រុកបានបដិសេធមិនឆ្លើយបំភ្លឺទេ។
វេជ្ជបណ្ឌិត សុរិន ទីរ៉ាវុទ្ធី ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានមានប្រសាសន៍ថា ការធ្វើតេស្តសំណាកស្រាដាច់ដោយឡែកនឹងធ្វើឡើងដោយមន្ត្រីមកពីក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញអាហរ័ណ នីហរ័ណ និងបង្ក្រាបការក្លែងបន្លំប៉ុន្តែ “លទ្ធផលមិនទាន់ចេញទេ”។
កាលពីខែធ្នូឆ្នាំមុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះអ្វីដែលពួកគាត់ទទួលទាន បន្ទាប់ពីមនុស្ស១៨នាក់នៅខេត្តក្រចេះ បានស្លាប់បន្តបន្ទាប់គ្នាក្នុងរយៈពេល១សប្តាហ៍ ដោយសារការពុលមេតាណុល ហើយការបិតស្រាសនៅក្នុងខេត្តក្រចេះ ត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន៕ សុខុម