28 C
Phnom Penh

គេហទំព័រ​​​នៃ​​​កាសែត​​​ Daily Mail ចុះ​​​ផ្សាយ​​​​​​ខុស​​​​​​ស្រឡះ​​​​​​ស្តី​​​ពី​​​ករណី​​​ធ្វើ​​​ទារុណកម្ម​​​កុមារ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃពុធ ម៉េល អនឡាញ (Mail Online) ដែលជាគេហទំព័រមួយក្នុងចំណោមគេហទំព័រព័ត៌មានដ៏មានប្រជាប្រិយភាពបំផុត ក្នុងពិភពលោកបានចុះផ្សាយមិនពិតថា វីដេអូ ដ៏រន្ធត់ស្តីពីកុមារកម្ពុជា ម្នាក់រងការធ្វើទារុណកម្មដោយឧបករណ៍ឆក់ គឺជាកុមារជនជាតិរ៉ូហីុងយ៉ា ដែលរងការធ្វើបាបដោយទាហានភូមាម្នាក់។ 

ព័ត៌មានដែលបានចុះផ្សាយអមដោយចំណងជើងថា “រូបភាពស្លុតចិត្តបង្ហាញពី’កុមាររ៉ូហីុងយ៉ា ត្រូវបានធ្វើទារុណកម្មដោយឧបករណ៍ឆក់ពីសំណាក់ទាហានភូមា ម្នាក់ដែលសើចសប្បាយ’ ខណៈប្រទេសភូមា បន្តការបង្ក្រាបលើជនជាតិដើមភាគតិចមូស្លីមក្នុងប្រទេសនេះ” បានដកស្រង់ “វីដេអូគ្មានប្រភពច្បាស់លាស់” ដែលគេបង្ហោះតាមបណ្តាញអីុនធឺណិតមកធ្វើជាប្រភពរបស់ខ្លួន។

ក្រោយមក ព័ត៌មានដែលសរសេរដោយអ្នកយកព័ត៌មាន ដេវ បឺក (Dave Burke) នេះត្រូវបានដកចេញពីគេហទំព័រនៃកាសែតដេលី ម៉េល (Daily Mail) ដោយគ្មានការបកស្រាយ។

តាមពិត វីដេអូនេះគឺស្តីពីកុមារកម្ពុជាដែលរងការធ្វើទារុណកម្មពីសំណាក់ជនជាតិវៀតណាម ម្នាក់ដែលនគរបាលបញ្ជាក់ថាមានឈ្មោះ ង្វៀន ថាញ់ឌុង ដែលបានបែកធ្លាយយ៉ាងសុះសាយកាលពីថ្ងៃអង្គារ និងបង្កការជ្រួលច្របល់ពេញប្រទេស។

ជនជាតិរ៉ូហីុងយ៉ា គឺជាជនជាតិដើមភាគតិចម៉ូស្លឹម (អុិស្លាមសាសនិក) ដែលរងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរក្នុងរដ្ឋរ៉ាឃីន (Rakhine) ប្រទេសភូមា។ កាលពីពេលថ្មីៗនេះមានការចោទប្រកាន់ថា រដ្ឋាភិបាលបានលាងជម្រះសីលធម៌ប្រឆាំងក្រុមនេះ ខណៈមេដឹកនាំ អ៊ុង សានសុជី បានរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិចំពោះការមិនអើពើបញ្ហានេះ ។

គេហទំព័រម៉េល អនឡាញ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ត្រូវបានស្នើជាច្រើនលើកដើម្បីសុំការបំភ្លឺ ប៉ុន្តែគ្មានការឆ្លើយតបនោះទេ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស