គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបានស្នើឱ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមកឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែធ្នូ ខណៈក្រុមអ្នកភូមិក្នុងខេត្តកោះកុងមានការសង្ស័យលើការអះអាងរបស់រដ្ឋាភិបាលដែលថាខ្លួនបានចេញបម្រាមហាមឃាត់ជាបណ្ដោះអាសន្នមិនឱ្យបូមខ្សាច់នៅទីនោះ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោក ស៊ុយ សែម នឹងឆ្លើយបំភ្លឺទាក់ទិន “ការបូមខ្សាច់ក្នុងខេត្តកោះកុង និងការរុករករ៉ែ ជាពិសេសអំពើពុករលួយ”។

របាយការណ៍មកពីអង្គការសហប្រជាជាតិ និងប្រទេសសិង្ហបុរីបង្ហាញថា ប្រទេសនេះបាននាំចូលខ្សាច់រាប់លានតោនពីប្រទេសកម្ពុជាច្រើនជាងប្រទេសដែលបានរាយការណ៍ថាបាននាំចេញទៅទីនោះ។ រដ្ឋាភិបាលនេះបានសន្និដ្ឋានថា ភាពខុសគ្នានេះបណ្ដាលមកពីប្រព័ន្ធតាមដានខុសៗគ្នា ក្រុមអ្នកជួញដូរមកពីប្រទេសផ្សេងៗទៀតធ្វើប្រតិបត្តិការក្រោមទង់ជាតិកម្ពុជា និង “ការអនុវត្តគ្មានប្រសិទ្ធភាព” ដែលគេមិនដឹងច្បាស់។
បន្ថែមពីលើតួលេខខុសគ្នានេះ លោក សុន ឆ័យ បានមានប្រសាសន៍ថា ក្រុមតំណាងរាស្ត្រចង់បានការពន្យល់ពីដំណើរការផ្ដល់អាជ្ញាប័ណ្ណរបស់ក្រសួងសម្រាប់សកម្មភាពផ្សេងទៀត រួមទាំងការរុករករ៉ែមាសជាដើម។
លោកបានមានប្រសាសន៍ថា “មានអាជ្ញាប័ណ្ណច្រើនណាស់ត្រូវបានលក់ដោយមិនបានអ្វីសោះទៅឱ្យអ្នកដែលមិនដឹងថា ការរុករករ៉ែជាអ្វីផងនោះ។ ហើយពួកគេអាចលក់ទៅឱ្យមនុស្សផ្សេងទៀតក្នុងតម្លៃដ៏ខ្ពស់”។គេមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងនេះដើម្បីសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ជាការឆ្លើយតបទៅនឹងការរិះគន់កាលពីពេលថ្មីៗជុំវិញការបូមខ្សាច់ដែលអាចបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីទន្លេនោះ លោករដ្ឋមន្ត្រីបានធ្វើដំណើទៅកាន់ខេត្តកោះកុងកាលពីថ្ងៃអង្គារ និងថ្ងៃពុធដើម្បីជួបក្រុមអ្នកភូមិ និងពិនិត្យមើលប្រតិបត្តិការបូមខ្សាច់។
យោងតាមលោក ធន់ រដ្ឋា សកម្មជនអង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថាន ដែលបានចូលរួមកិច្ចប្រជុំរបស់ក្រសួងបាននិយាយថា លោក ស៊ុយ សែម ”បានសន្យាហាមឃាត់ការរុករ៉ែទាំងអស់” នៅក្នុងខេត្តនេះ។
លោកបាននិយាយថា ”ការបូមខ្សាច់មិនមែនកើតឡើងតែអំឡុងពេលថ្ងៃនោះទេ វាក៏កើតឡើងនៅពេលយប់ផងដែរ”។ លោកបានបន្ថែមថា ក្រសួងបានសុំឱ្យក្រុមអ្នកភូមិដែលឃើញហេតុការណ៍នោះប្រមូលភ័ស្តុតាង និងរាយការណ៍ពីសកម្មភាពនេះ។
លោកបន្ថែមថា “យើងមិនទុកចិត្តពួកគេ១០០ភាគរយនោះទេ លុះណាតែពួកគេបានដកទូកបូមខ្សាច់ទាំងអស់ចេញ”។
នៅក្នុងសារបង្ហោះតាមទំព័រហ្វេសប៊ុកអំពីការចុះទៅពិនិត្យមើលនេះ ក្រសួងមិនបានលើកឡើងពីបម្រាមណាមួយឡើយ ដោយផ្ទុយទៅវិញបានផ្ដោតទៅលើមូលនិធិសហគមន៍ ដែលមានទឹកប្រហែល៤០.០០០ដុល្លារ បង្កើតឡើង ”ដើម្បីគោលបំណងអភិវឌ្ឍសហគមន៍ ដូចជាការស្ថាបនាផ្លូវបេតុង ទិញធុងចម្រោះទឹកស្អាត និងទិញម៉ាស៊ីនបូមទឹកដើម្បីបង្ការអគ្គិភ័យជាដើម។
យោងតាមលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានឱ្យដឹងថាលោក ស៊ុយ សែម គឺជារដ្ឋមន្ត្រីទី២ហើយដែលរដ្ឋសភាបានកោះហៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះជុំវិញការចោទប្រកាន់ពីការគ្រប់គ្រងមិនល្អ រួមជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ឥឡូវនេះសំណើទាំងពីនេះស្ថិតនៅលើតុលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា សម្ដេច ជាប់រវល់ ឬមានបញ្ហាបច្ចេកទេស ប៉ុន្តែលោកទាំងពីនឹងមកឆ្លើយបំភ្លឺ”៕ សារុន