35 C
Phnom Penh

តុលាការ​​​​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តីលោក រង្ស៊ី ទាក់​​​ទង​​​នឹង​​​ការ​​​បង្ហោះ​​​សន្ធិសញ្ញា​​​ព្រំដែន​​​ក្លែងក្លាយ​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញនៅថ្ងៃនេះបានបើកសវនាការជំនុំជម្រះ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនិរទេសខ្លួន និងជំនួយការពីរនាក់របស់លោក ដែលត្រូវបានចោទប្រកាន់ពីបទបង្ហោះសារតាមហ្វេសប៊ុក ដែលគេចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ។

លោក រង្ស៊ី និងជំនួយការពីរនាក់របស់លោកកំពុងប្រឈមនឹងបទចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងបទល្មើសដែលប្រព្រឹត្តឡើងដោយលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាបក្សប្រឆាំង នៅពេលដែលលោកបង្ហាញសន្ធិសញ្ញាព្រំដែនក្លែងក្លាយក្នុងវីដេអូលើទំព័រហ្វេសប៊ុកលោក រង្ស៊ី។ លោក សុខហួរ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំកាលពីខែមុន ពីបទក្លែងឯកសារសាធារណៈ និងញុះញង់ ដោយសារតែបង្ហាញសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៧៩ក្លែងក្លាយរវាងកម្ពុជា និងវៀតណាមកាលពីឆ្នាំមុន។

ក្នុងសវនាការនៅព្រឹកមិញ លោក សុខហួរ បានផ្តល់សក្ខីកម្មថា លោកមិនបានសុំការអនុញ្ញាតពីលោក រង្ស៊ី ដើម្បីបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុកលោកទេ។

លោក សុខហួរ បាននិយាយថា “ការបង្ហោះនោះ ខ្ញុំមិនបានសុំការអនុញ្ញាតពី សម រង្ស៊ី ទេ។ ខ្ញុំគ្រាន់តែដឹងថា ពីរនាក់ធ្វើការផ្នែកហ្នឹង ខ្ញុំមិនដឹងថា គាត់រាយការណ៍ឲ្យ សម រង្ស៊ី ទេ”។

លោក សំ សុគង់ មេធាវីការពារលោក រង្ស៊ី បានស្នើសុំឲ្យតុលាការលើកលែងបទចោទប្រឆាំងកូនក្តីលោក ដោយសារតែគ្មានភ័ស្តុតាងគ្រប់គ្រាន់។

លោក រង្ស៊ី ត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសវិញកាលពីខែតុលា ក្នុងពេលដែលរស់នៅក្រៅប្រទេស ដើម្បីគេចពីការជាប់ពន្ធនាគាររយៈពេល២ឆ្នាំទាក់ទងនឹងរឿងក្តីដាច់ដោយឡែកមួយ។ ជំនួយការដែលត្រូវចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងឯកសារ និងញុះញង់ គឺមានលោក សត្យា សម្បត្តិ ដែលជាប់ចោទថាផលិតវីដេអូ និងលោក អ៊ឹង ជុងលាង អ្នកកាន់ទំព័រហ្វេសប៊ុកលោក រង្ស៊ី។ អ្នកទាំងពីរត្រូវគេគិតថាកំពុងរស់នៅប្រទេសបារាំង។

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេជាង២ឆ្នាំកន្លះដែរកាលពីខែតុលា ដោយសារតែការបង្ហោះតាមទំព័រហ្វេសប៊ុករិះគន់ការកំណត់ព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាជាមួយវៀតណាម។

សាលក្រមនឹងប្រកាសនៅថ្ងៃទី២៧ ខែធ្នូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស