35 C
Phnom Penh

ការគំរាមកំហែង​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​​​​ត្រូវ​​​បានដាក់​​​បញ្ចូល​​​​​​ទៅ​​​ក្នុង​​​យុទ្ធនាការ​​​​​​ប្រឆាំងលោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយលោកនាយករដ្ឋមន្ត្រីនៅតែស្ងាត់ស្ងៀមជុំវិញការអះអាងដែលថា លោកបានផ្តល់ប្រាក់១លានដុល្លារទៅឲ្យសកម្មជននយោ បាយដ៏វ័យក្មេងម្នាក់ដែលបានធ្វើយុទ្ធនាការប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិនោះ បក្ខពួករបស់នាងទំនងជាដាក់បញ្ចូលការគំរាមកំហែងដ៏ហិង្សានៅក្នុងយុទ្ធនាការរបស់ពួកគេកាលពីចុងសប្តាហ៍។

កញ្ញា ធី សុវណ្ណថា ដែលបានលេចធ្លោក្នុងនាមជាសកម្មជនតាមបណ្តាញទំនាក់ទំនងសង្គមដ៏វ័យក្មេងដោយសារគាំទ្រគណបក្សសង្គ្រោះជាតិអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៣នោះ បានងាកមកវាយបកលើគណ បក្សនេះវិញកាលពីដើមឆ្នាំនេះស្របពេលមានការចោទប្រកាន់ថា លោក កឹម សុខា មាន រឿងស្នេហាលួចលាក់។ ដោយរួមដៃជាមួយអ្នកបង្កបញ្ហាមានសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ឈ្មោះ ស្រី ចំរើន កញ្ញា បានធ្វើយុទ្ធនាការទាមទារឲ្យលោក កឹម សុខា ចេញ មកនិយាយរឿងពិតបើពុំដូច្នេះទេ សូមចាកចេញពីឆាកនយោបាយ។

រូបថតកញ្ញា ធី សុវណ្ណថា បាញ់និងភ្ជង់កាំភ្លើងដែលត្រូវបាន ស្រី ចំរើន សកម្មជនគណបក្សប្រជាជនកម្ពុជាដូចគ្នាបង្ហោះលើទំព័រនៃបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ Facebook
រូបថតកញ្ញា ធី សុវណ្ណថា បាញ់និងភ្ជង់កាំភ្លើងដែលត្រូវបាន ស្រី ចំរើន សកម្មជនគណបក្សប្រជាជនកម្ពុជាដូចគ្នាបង្ហោះលើទំព័រនៃបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ Facebook

នៅក្នុងការសន្ទនាឆ្លងឆ្លើយគ្នាដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់កញ្ញា ធី  សុវណ្ណថា កាលពីចុងខែមុន បុរសម្នាក់ដែលគេហៅថា  “តា” បានសន្យាផ្តល់ប្រាក់១លានដុល្លារទៅឲ្យ “ចៅ” តាមរយៈ “ពូ ហូ សុធី ”  ជាឈ្មោះដែលសំដៅដល់ប្រធានខុទ្ទកាល័យរបស់លោក ហ៊ុន សែន ។ ខ្លឹមសារផ្សេងៗនៅក្នុងការសន្ទនាឆ្លើយឆ្លងគ្នានេះ ដែលជជែកគ្នាអំពីការធ្វើឲ្យថ្នាក់ដឹកនាំរបស់គណ បក្សសង្គ្រោះជាតិបែកបាក់គ្នានោះបានធ្វើឲ្យមានការសន្និដ្ឋានថា សារទាំងនេះដែលផ្ញើតាមកម្មវិធីឡាញ (LINE) គឺរវាងនាយករដ្ឋមន្ត្រី និងតារាបណ្តាញទំនាក់ទំនងសង្គមដ៏វ័យក្មេងរូបនេះ។

ទោះបីជាលោក ហ៊ុន សែន បានបង្ហាញពីភាពរសើបខ្លាំងចំពោះការអះអាងដែលធ្វើឲ្យលោកខូចឈ្មោះតាមបណ្តាញទំនាក់ទំនងសង្គមក៏ដោយ តែលោកមិនបាននិយាយអ្វីនោះទេអំពីការសន្ទនាឆ្លើយឆ្លងគ្នាដែលបែកធ្លាយនេះកាលពីសប្តាហ៍មុន ហើយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងម្តងទៀតកាលពីថ្ងៃសុក្រអំពីបញ្ហានេះនៅក្នុងសារធ្វីទធ័រមួយអមដោយរូបភាពផ្ទាំងនៃសារដែលសន្យាផ្តល់ប្រាក់១លានដុល្លារ។

លោកបាននិយាយទាក់ទងនឹងមេឃុំគណបក្សប្រឆាំងម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងផ្លូវច្បាប់ប្រឆាំងលោក កឹម  សុខាថា “លោក ស៊ាង ចែត មកពីគណបក្សសង្គ្រោះជាតិត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទសូកប៉ាន់ប្រាក់៥០០ដុល្លារ។ ហ៊ុន សែន ផ្តល់ប្រាក់១លានដុល្លារទៅឲ្យតារាហ្វេសប៊ុក ធី សុវណ្ណថា  ដើម្បីព្យាយាមឲ្យបំបែកបំបាក់គណបក្សសង្គ្រោះជាតិរបស់សម រង្ស៊ី”។

កាលពីថ្ងៃព្រហស្បតិ៍ សារគំរាមលោក  កឹម សុខា បានចាប់ផ្តើមលេចឡើងនៅលើទំព័រហ្វេសប៊ុករបស់ ស្រី ចំរើន បក្ខពួករបស់កញ្ញា ធី សុវណ្ណថា។ ការបង្ហោះទាំងនោះ រួម មានរូបភាពស្តីពីកាំភ្លើង និងកញ្ញា ធី  សុវណ្ណថា  កំពុងបាញ់កាំភ្លើងទាំងនេះអមសារព្រមាន។

សារមួយដែលបង្ហោះនៅថ្ងៃព្រហស្បតិ៍ស្តីពីរូបភាព កញ្ញា ធី សុវណ្ណថា កំពុងហ្វឹកហាត់បាញ់កាំភ្លើងខ្លីនោះមានខ្លឹមសារដូច្នេះថា “ខ្ញុំនឹងធ្វើបាតុកម្មទាមទារ កឹម សុខា សុំទោស ធី សុវណ្ណថា ជាសាធារណៈប្រសិន បើមិនដូច្នេះ?????”។

សារមួយទៀតដែលបង្ហោះកាលពីថ្ងៃសុក្រ អមដោយរូបភាពស្តីពីកាំភ្លើងវែង  កាំភ្លើងខ្លី និងអាវុធយុទ្ធភណ្ឌដែលដាក់នៅលើគ្រែមានខ្លឹមសារបន្តថា “កឹម សុខា ប្រយ័ត្នខ្លួន!!!!!”។

កញ្ញា ធី សុវណ្ណថា កំពុងគំរាមប្តឹងលោក  កឹម សុខា ប្រសិនបើលោកមិនសូមទោសចំពោះការអះអាងដែលចោទប្រកាន់មកលើរូបនាង ទោះបីវាជាការលើកឡើងក្នុងការសន្ទនាឯកជន ដែលមនុស្សជាច្រើនជឿថាត្រូវបានថតទុកដោយខុសច្បាប់ក៏ដោយ។

កញ្ញា ធី សុវណ្ណថា មិនអាចទាក់ទងបានទេ ហើយក៏មិនបានឆ្លើយតបចំពោះសារតាមហ្វេសប៊ុកដែលស្នើសុំឲ្យមានការឆ្លើយតបដែរ។សារមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់នាងកាលពីម្សិលមិញ ប្រាប់ប្រជាពលរដ្ឋកុំឲ្យជឿលើអ្វីដែលគេលើកឡើងអំពីនាងនិង ស្រី ចំរើន ដែលបដិសេធមិនធ្វើអត្ថា     ធិប្បាយអំពីសារគំរាមទាំងនេះពេលទាក់ទងតាមទូរស័ព្ទ។

លោក សម រង្ស៊ី បានលើកឡើងកាលពីម្សិលមិញថា សារផ្សេងៗដែលបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមតំណាងឲ្យស្ទីលគ្រប់គ្រងរបស់លោក ហ៊ុន សែន ។

លោកបានលើកឡើងតាមអុីម៉េលមួយថា “លោក ហ៊ុន សែន តំណាងឲ្យស្តង់ដារពីរនៅក្នុងប្រទេសគ្មានច្បាប់ដែលរដ្ឋាភិបាលគ្រប់គ្រងតាមរយៈការគំរាមកំហែង និងសំណូក”។ លោកបានមានប្រសាសន៍ថា វាគ្មានប្រយោជន៍ទេក្នុងការពិភាក្សាអំពីបញ្ហានេះជាមួយអាជ្ញាធរកម្ពុជា។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គ ស្នងការនគរបាលជាតិបាននិយាយថា លោកមិនបានដឹងអំពីការគំរាមលោក កឹម សុខានេះឡើយ។ ដោយបដិសេធមិនបញ្ជាក់ថា តើនគរបាលនឹងពិនិត្យការបង្ហោះទាំងនេះនៅលើទំព័រហ្វេសប៊ុករបស់ស្រី ចំរើន ឬក៏អត់នោះ លោបានមានប្រសាសន៍ថា “ជាធម្មតា ការគំរាមកំហែង និងពាក់ព័ន្ធការល្មើសច្បាប់សមត្ថកិច្ចតែងតែពិនិត្យហើយ”។

លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលដឹកនាំការសើុបអង្កេតលើខ្សែអាត់សំឡេងដែលគេអះអាងថាជារបស់លោក កឹម សុខា ព្រោះខ្សែអាត់សំឡេងទាំងនោះមាននិយាយអំពីការសន្យាផ្តល់ប្រាក់ និងអំណោយជាសម្ភារទៅឲ្យស្រីកំណាន់ម្នាក់នោះ បានលើកឡើងរួចហើយថា លោកគ្មានគម្រោងពិនិត្យការចោទប្រកាន់ ដែលថា លោក ហ៊ុន សែន បានសន្យាផ្តល់ប្រាក់ ១លានដុល្លារទៅឲ្យអ្នកដែលធ្វើការដោយសម្ងាត់ផ្នែកនយោបាយរូបនេះឡើយ។

ពេលថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃសុក្រ លោក ឱម យិុនទៀង បានលើកឡើងម្តងទៀតថា បញ្ហានេះនឹងមិនត្រូវបានសើុបអង្កេតទេ ហើយបានគំរាមអ្នកយកព័ត៌មានដែលបន្តសួរដដែលៗអំពីការសើុបអង្កេតលើលោក កឹម សុខា ។

លោកបានមានប្រសាសន៍ ”ទាំងអស់គ្នានៅតែនិយាយថា ខ្ញុំចាប់រឿងក្តិតអីរបស់គេ  តែរហូតអ៊ីចឹងវាអត់យុត្តិធម៌សម្រាប់ខ្ញុំទេ”។  លោកបានពន្យល់ថា អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនតែអ្នកមានជាប់ពាក់ព័ន្ធពីបទសូកប៉ាន់ដែលទាក់ទិននឹងរឿងអាស្រូវផ្លូវភេទប៉ុណ្ណោះ។

លោកបានប្រាប់អ្នកយកព័ត៌មានទៀតថា ”ប៉ុន្តែ ខ្ញុំអត់ឈឺក្បាលដដែល។តែបើអ្នកឯង មិនផ្តល់យុត្តិធម៌ឲ្យគ្នា ថ្ងៃក្រោយ អ្នកឯងមិនទទួលបានយុត្តិធម៌ខ្លួនឯងដែរ”។

លោកបានបន្ថែមទៀតថា ”អ៊ីចឹងរឿងបែកធ្លាយហ្នឹងពាក់ព័ន្ធស្អីហ្នឹងសមត្ថកិច្ចរបស់យើងខ្ញុំ”។

សារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ ធី សុវណ្ណថា ដែលត្រូវបានដកចេញវិញប៉ុន្តែ មុនពេលវាត្រូវបានចែករំលែកតៗគ្នាតាមបណ្តាញទំនាក់ទំនងសង្គមនោះ ទំនងជាបង្ហាញអំពីការសន្យាផ្តល់ប្រាក់ជាថ្នូរនឹងការតវ៉ាប្រឆាំងមេដឹកនាំគណបក្សប្រឆាំង។

សារមួយដែលគេអះអាងថាជារបស់ ធី សុវណ្ណថា នោះមានខ្លឹមសារថា “ពី មុនខ្ញុំចង់បំបែក សម រង្ស៊ី ពី កឹម សុខា ឲ្យបានជោគជ័យមុនឆ្នាំ២០១៨ ប៉ុន្តែខ្ញុំបានឃើញតាដកកឹម សុខា ចេញពីតំណែងហើយ។ ខ្ញុំបានឃើញមានឱកាសកាន់តែច្រើនឡើងៗក្នុងការបំបែកពួកគេទាំងពីរ”។

សារឆ្លើយតបមានខ្លឹមសារដូច្នេះថា “ពេលនេះឱកាសមានច្រើនជាងមុន។ ចៅអាចជំរុញការងារនេះមុនការកំណត់។ ដោយហេតុនេះ ទើបតាចង់ឲ្យចៅយកថវិកាទុកក្នុងដៃឲ្យហើយ”៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស