37 C
Phnom Penh

គ្រោះ​ថ្នាក់​​​រថភ្លើង​បុកគ្នា​​មួយទៀត​ធ្វើ​ឱ្យ​មន្ត្រី​ថ្កោលទោស​អ្នកបើក​បរ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រថភ្លើងអ្នកដំណើរដែលមិនដឹកអ្វីសោះបានបោះពួយបុករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងពេញទំហឹងកាលពីចុងសប្ដាហ៍មុននៅក្នុងរាជធានីភ្នំពេញ នាំឱ្យក្រុមហ៊ុនដែលធ្វើប្រតិបត្តិការរថភ្លើងនេះចេញមុខការពារការអនុវត្តសុវត្ថិភាពរបស់ខ្លួន ខណៈមន្ត្រីក្រសួងសាធារណការបន្ទោសអ្នកបើកបរយានយន្តដែលធ្វេសប្រហែសចំពោះការបន្តការកើតមានគ្រោះថ្នាក់បែបនេះចាប់តាំងពីខ្សែរថភ្លើងឆ្ពោះទៅក្រុងព្រះសីហនុមួយនេះបើកដំណើរការឡើងវិញមក។

ខណៈអ្នកបើកបររថយន្តក្រឡុកស៊ីម៉ងត៍កំពុងឈប់ជិតផ្លូវរថភ្លើងកាលពីថ្ងៃសុក្រ ដោយរង់ចាំជាជួរដើម្បីចាក់ស៊ីម៉ងត៍នៅការដ្ឋានសាងសង់មួយក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែអ្នកបើកបររថយន្តក្រឡុកស៊ីម៉ងត៍នោះបានបើកថយក្រោយឡើងលើផ្លូវរថភ្លើងដើម្បីឱ្យរថយន្តមួយគ្រឿងទៀតចាកចេញពីការដ្ឋាន នេះបើតាមប្រសាសន៍របស់ ហេង ធុច នាយរងប៉ុស្តិ៍នគរបាលសង្កាត់។

លោកមានប្រសាសន៍ទៀតថា “រថភ្លើងបានមកបុកវាតែម្ដង” ហើយពេលនោះអ្នកបើកបររថយន្តក៏គេចខ្លួនពីកន្លែងកើតហេតុ។ រថយន្ត និងរថភ្លើងត្រូវបានយកចេញពីផ្លូវដែកនៅម៉ោង២រសៀល។

ករណីរថភ្លើងបុកគ្នានេះគឺជាលើកទី២ហើយនៅលើផ្លូវនេះក្នុងរយៈពេលពីរសប្ដាហ៍ និងជាឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុជាច្រើនចាប់តាំងពីខ្សែរថភ្លើងនេះបើកដំណើរការឡើងវិញកាលពីខែមេសាមក។ លោក ចន ហ្គីរី (John Guiry) នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ដែលធ្វើប្រតិបត្តិការខ្សែរថភ្លើងនេះបានផ្ញើសារជាអក្សរបន្តបន្ទាប់កាលពីម្សិលមិញ ដោយធ្វើការបកស្រាយយ៉ាងលម្អិតអំពីគ្រោះថ្នាក់ចុងក្រោយេនះ។

លោកបានសរសេរថា ”នៅពេលក្បាលរថភ្លើងទៅជិតដល់ចំណុចផ្លូវឆ្លងកាត់ វាបានចុចស៊ីផ្លេ ដោយមានបើកភ្លើងហ្វាលឿងនៅពីខាងមុខវា ហើយក្បាលរបស់វាបើកភ្លើង។ រំពេចនោះរថយន្តក្រឡុកស៊ីម៉ងត៍បានបើកជែងរថយន្តដែលឈប់ស្ងៀមពីរគ្រឿង ហើយបើកពីខាងមុខក្បាលរថភ្លើងដោយមិនខ្វល់ពីអ្នកបើករថភ្លើងដែលចុចស៊ីផ្លេ”។

លោកក៏បានរៀបរាប់ពីនីតិវិធីសុវត្ថិភាពរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ដែរ ហើយមួយក្នុងចំណោមនីតិវិធីទាំងនោះគឺការចុះប្រចាំខែទៅតាមភូមិទាំងអស់ដែលស្ថិតនៅតាមបណ្ដោយផ្លូវដែក។

លោក ច័ន្ទ សំឡេង ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការបានមានប្រសាសន៍ថា អ្នកបើកបរជាច្រើននៅមិនយកចិត្តទុកដាក់លើគ្រោះថ្នាក់នៃរថភ្លើងដែលមកពីខាងមុខនោះទេ។ លោកគូសបញ្ជាក់ថា “រថយន្តតែងតែចតលើផ្លូវរថភ្លើង”។

លោកបានបន្តថា ការប្រឹងប្រែងណែនាំអប់រំមុនៗរបស់ក្រសួងពាក់ព័ន្ធរថភ្លើង បានផ្ដោតភាគច្រើនតែទៅលើការជំរុញប្រជាពលរដ្ឋកុំឱ្យលួចដោះខ្ចៅប៊ូឡុង ឬកំណាត់ផ្លូវរថភ្លើងប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការបង្កើនកិច្ចប្រឹងប្រែងដើម្បីបង្ហាត់បង្រៀនអ្នកបើកបរអំពីការឆ្លងផ្លូវដែកប្រកបដោយសុវត្ថិភាព កំពុងស្ថិតក្រោមការពិចារណា៕ សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស