38 C
Phnom Penh

នគរបាល​​រក​ឃើញ​​វីដេអូ​ឃ្លីប​ថ្មី​៤៩​ស្តី​​​​ពី​ទារុណកម្ម​លើ​​​​កុមារ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងការស៊ើបអង្កេតរបស់ខ្លួនលើបុរស ជនជាតិវៀតណាមដែលជាប់សង្ស័យថាបានធ្វើទារុណកម្មក្មេងប្រុសជនជាតិខ្មែរម្នាក់នៅក្នុងវីដេអូឃ្លីបដែលបែកធ្លាយតាមប្រព័ន្ធអីុនធឺណិតកាលពីសប្តាហ៍មុននោះ នគរបាលនិយាយថា ពួកគេបានរកឃើញវីដេអូឃ្លីបថ្មីជិត៥០ទៀតដែលបង្ហាញពីបុរសរូបនេះរំលោភបំពានលើក្មេងប្រុសដដែលនេះក្នុងរយៈពេលបួនថ្ងៃកាលពីខែសីហា។

គេនៅមិនទាន់ច្បាស់ថាតើ ជនសង្ស័យឈ្មោះ ង្វៀន ថាញ់ឌុង អាយុ៣៤ឆ្នាំ នឹងត្រូវបញ្ជូនមកកម្ពុជាដើម្បីជំនុំជម្រះឬយ៉ាងណា បន្ទាប់ពីត្រូវបានចាប់ខ្លួនក្នុងទីក្រុងហូជីមិញកាលពីសប្តាហ៍មុននោះ។

cam-photo-torture-folo-1ភ័ស្តុតាងថ្មីជាច្រើនកើតឡើងបន្ទាប់ពីមានការផ្ទុះកំហឹងតាមប្រព័ន្ធអីុនធឺណិតជុំវិញវីដេអូឃ្លីបដែលបង្ហោះលើកដំបូងបង្ហាញពីជនសង្ស័យរូបនេះធ្វើទារុណកម្មលើក្មេងប្រុសអាយុ២ឆ្នាំនេះតាមវិធីផ្សេងៗ ដែលជារឿយៗប្រើឧបករណ៍ឆក់ទៅឆក់ជើង ដៃ ក្បាល និងប្រដាប់ភេទជាដើម។

លោក Stafan Struik ជនជាតិហូឡង់អាយុ៥៣ឆ្នាំ ជាមិត្តប្រុសរបស់ ង្វៀន ថាញ់ឌុង ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ហើយត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រពីបទលាក់បាំងភ័ស្តុតាង និងមិនបានរាយការណ៍ពីករណីរំលោភបំពាននេះ។ លោក Struikជាម្ចាស់ចម្ការកាកាវក្នុងខេត្តមណ្ឌលគិរី កន្លែងដែលកើតមានអំពើទារុណកម្ម។

យោងតាមលោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីដែលបានធ្វើដំណើរទៅទីក្រុងហូជីមិញកាលពីថ្ងៃសុក្រជាមួយនគរបាលកម្ពុជាមួយក្រុម និងលោក James McCabe ប្រធានអង្គភាពការពារកុមារ ជាអង្គភាពធ្វើការលើករណីនេះបានឱ្យដឹងថា តាមការសាកសួររបស់នគរបាលវៀតណាម ង្វៀន ថាញ់ឌុង អះអាងថា ខ្លួនស្ថិតក្រោមឥទ្ធិពលថ្មាំញៀនប្រភេទម៉ាទឹកកក។

លោកបានមានប្រសាសន៍ថា “ជននេះបាននិយាយថា រូបគេបានប្រើប្រាស់ថ្នាំញៀន ហើយបន្ទាប់មកគេបានធ្វើរឿងនេះ”។ លោកបានបន្ថែមថា វីដេអូឃ្លីបសរុប៤៩ត្រូវបានរកឃើញនៅក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យរូបនេះ។

លោក McCabe បានមានប្រសាសន៍ថា វីដេអូឃ្លីបដែលត្រូវបានរកឃើញថ្មីៗនេះបង្ហាញពីជនសង្ស័យរូបនេះ និងជនរងគ្រោះហើយសុទ្ធតែបង្ហាញពីសកម្មភាព “ឃោរឃៅ និងព្រៃផ្សៃ”។ វីដេអូឃ្លីបទាំងនេះត្រូវបានថតក្នុងរយៈពេល៤ថ្ងៃកាលពីចុងខែសីហា។

លោក McCabe បានថ្លែងថា ដោយមាន “កិច្ច សហប្រតិបត្តិការល្អ” ជាមួយមន្ត្រីនគរបាលជាន់ខ្ពស់វៀតណាមកាលពីចុងសប្តាហ៍នគរបាលកម្ពុជាកំពុងចាប់ផ្តើមនូវអ្វីដែលអាចជាដំណើរវែងឆ្ងាយនៃការបញ្ជូន ង្វៀន ថាញ់ ឌុង ឱ្យមកប្រឈមការផ្តន្ទាទោសនៅកម្ពុជា។

លោកបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា សំណើនេះ នឹងទទួលបានជោគជ័យ ប៉ុន្តែ  វានឹងត្រូវការពេលដោយសារត្រូវអនុវត្តតាមនីតិវិធី ហើយជាសំខាន់នោះដោយ សារលក្ខណៈដ៏លេចធ្លោនៃការសើុបអង្កេត និងជនល្មើស”។

លោកបានបន្ថែមថា “ប៉ុន្តែ វានឹងមានលទ្ធផលល្អ ប្រសិនបើជននេះត្រូវបានបញ្ជូនឱ្យមកប្រឈមការផ្តន្ទាទោសក្នុងប្រទេសកម្ពុជា ជាកន្លែងដែលស័ក្តិសមសម្រាប់ធ្វើការចោទប្រកាន់”។

លោក Struik ដែលមានសញ្ជាតិខ្មែរបដិសេធថា លោកមិនបានដឹងពីបទល្មើសរបស់មិត្តប្រុសខ្លួននៅក្នុងវីដេអូឃ្លីបដែលត្រូវបានបង្ហោះតាមទំព័រហ្វេសប៊ុកឡើយ ដែលក្នុងនោះ គាត់បាននិយាយថា គាត់បានជួយ ង្វៀន ថាញ់ឌុង ឲ្យត្រឡប់ទៅទីក្រុងហូជីមិញ ដើម្បីស្វែងរកស្ត្រីម្នាក់ទៀតដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ។

កាលពីថ្ងៃព្រហស្បតិ៍ ក្មេងប្រុស អាយុ២ឆ្នាំរូបនេះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្រោមការចំណាយរបស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់លោកនាយករដ្ឋមន្ត្រី។

ឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរសារបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកថា លោកបានផ្តល់ស្បៀងអាហារ ផ្ទះថ្មីមួយខ្នង និងការងារដល់ឪពុកម្តាយរបស់ក្មេងប្រុសរូបនេះនៅក្នុងចម្ការដូងប្រេងរបស់លោកក្នុងខេត្តព្រះសីហនុ។

យោងតាមលោក McCabe បានឱ្យដឹងថា កាលពីម្សិលមិញឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជាបានជួបជាមួយក្មេងប្រុសរូបនេះនិងក្រុមគ្រួសាររបស់វាក្នុងខេត្តព្រះសីហនុ ហើយបានផ្តល់អំណោយមួយចំនួន៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស