32.9 C
Phnom Penh

ប្រទេស​សិង្ហបុរីរក្សា​ភាព​ស្ងាត់ស្ងៀម​​ស្របពេល​កំពុង​មាន​ការ​លើក​ឡើង​​អំពី​ការ​រត់ពន្ធខ្សាច់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាធម្មតាប្រទេសសិង្ហបុរី ទទួលបានការកោតសរសើរថាជាកោះដ៏សែនស្អាតស្អំនៅក្នុងតំបន់មួយដែលពោរពេញទៅដោយអំពើពុករលួយ។

រដ្ឋបុរី (ប្រទេសដែលមានតែក្រុង) មួយនេះបានជាប់ចំណាត់ថ្នាក់លេខ៨ទូទាំងពិភពលោកនៅក្នុងសន្ទស្សន៍អំពើពុករលួយហៅកាត់ CPI ប្រចាំឆ្នាំ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិ នេះបើប្រៀបធៀបទៅនឹងប្រទេសកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១៥០។

ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ពួកគេមិនបានបញ្ឈប់រដ្ឋាភិបាលកម្ពុជា ពីការលើកឡើងថា ប្រទេសសិង្ហបុរី បានបិទភ្នែកធ្វើជាមើលមិនឃើញពួករត់ពន្ធខ្សាច់ ជាការចោទប្រកាន់ថារដ្ឋាភិបាលសិង្ហបុរី មិនទាន់ឆ្លើយតបចាប់តាំងពីរដ្ឋាភិបាលនេះបានរងការរិះគន់កាលពីខែមុនឡើយ។

លោក អាឡិច ហ្គន់ហ្សាលេស ដេវីតសុន នាយកអង្គការមាតាធម្មជាតិ ដែលជាអង្គការបរិស្ថានបានលើកឡើងថា “ពួកគេត្រូវឆ្លើយតបការចោទប្រកាន់ពីសំណាក់ក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ដែលលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្មាំមកនេះប្រទេសសិង្ហបុរីបាននាំចូលខ្សាច់មានប្រភពខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយរាយការណ៍មិនពិតថា ខ្សាច់ទាំងនោះបានមកពីប្រទេសកម្ពុជា”។

ស្ថានទូតសិង្ហបុរី នៅក្នុងរាជធានីភ្នំពេញ មិនទាន់បានឆ្លើយតបទេក្រោយមានសំណើជាច្រើនលើកសុំឱ្យធ្វើការបកស្រាយទាក់ទិនបញ្ហានេះ។

Merlion_and_the_Singapore_Skyline-800x536អ្នកនាំពាក្យអាជ្ញាធរសាងសង់ និងសំណង់ហៅកាត់ BCA របស់ប្រទេសសិង្ហបុរី ដែលគ្រប់គ្រងការនាំចូលខ្សាច់របស់សិង្ហបុរី បានសន្យាផ្ដល់ចម្លើយ ប៉ុន្តែមិនទាន់បានផ្ដល់ចម្លើយទេចាប់តាំងពីស្ត្រីអ្នកនាំពាក្យរូបនេះត្រូវបានទាក់ទងលើកដំបូងកាលពីជាងបីសប្ដាហ៍មុន។

ប្រទេសសិង្ហបុរី បានធ្វើការកត់ត្រាការនាំចូលខ្សាច់ជាង៧៣,៦លានតោនពីប្រទេសកម្ពុជា ចន្លោះពីឆ្នាំ២០០៧រហូតមកទល់ឆ្នាំមុន បើប្រៀបធៀបទៅនឹងខ្សាច់មិនដល់ ២,៨លានតោនដែលកម្ពុជា  និយាយថាខ្លួនបានបញ្ជូនទៅទីនោះ នេះបើយោងតាមតួលេខដែលប្រទេសទាំងពីរបានបញ្ជូនទៅមូលដ្ឋានទិន្នន័យស្ថិតិពាណិជ្ជកម្មទំនិញហៅកាត់ ខមត្រេដ (Comtrade) របស់អង្គការសហប្រជាជាតិ។

ភាពខុសគ្នានេះមានលក្ខណៈគួរឱ្យកត់សម្គាល់ដោយសារតែផលប៉ះពាល់ជាច្រើនបណ្ដាលមកពីការបូមខ្សាច់ដែលគេបន្ទោសថាបានបំផ្លាញទន្លេ និងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ព្រមទាំងបំផ្លាញជីវភាពរស់នៅរបស់អ្នកនេសាទ។ តម្លៃខ្សាច់បានហក់ឡើងខ្ពស់ដោយសារតែការផ្ទុះតម្រូវការគម្រោងរៀបចំដីធ្លី និងសាង់សង់ទូទាំងពិភពលោក នាំឱ្យលេចចេញក្រុមសង្គមងងឹតឥណ្ឌា ដែលជាប់ពាក់ព័ន្ធនៅក្នុងការរត់ពន្ធខ្សាច់ ព្រមទាំងការបាត់កោះតូចៗចំនួន២៤នៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមរបាយការណ៍មួយប្រចាំឆ្នាំ២០១៤ បានពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ។

រដ្ឋាភិបាលកម្ពុជា បានផ្ដល់ទ្រឹស្ដីមួយចំនួនដើម្បីពន្យល់ពីភាពខុសគ្នានេះដូចជា ការមិនគួរឱ្យជឿទុកចិត្តលើទិន្នន័យពាណិជ្ជកម្មពិភពលោក បច្ចេកទេសរក្សាទុកកំណត់ត្រាខុសគ្នា និង “ការអនុវត្តគ្មានប្រសិទ្ធភាព” ដែលមិនច្បាស់លាស់។

នៅក្នុងបទសម្ភាសន៍មួយកាលពីខែមុន លោក ម៉េង សាក់ធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានផ្តល់ការបកស្រាយមួយទៀតថា ភាពខុសគ្នានៅក្នុងកំណត់ត្រាប្រហែលជាបណ្ដាលមកពី “ការរត់ពន្ធពីប្រទេសផ្សេងៗដែលអាចរួមទាំងកម្ពុជា ផងទៅកាន់ប្រទេសសិង្ហបុរី” នេះបើតាមអ្វីដែលលោកប្រាប់វិទ្យុបារាំងអន្តរជាតិ RFI។ លោកមានប្រសាសន៍ថា ពួករត់ពន្ធអាចនឹងលើកទង់ជាតិកម្ពុជាដើម្បីគេចពីបម្រាមនាំចេញខ្សាច់នៅក្នុងប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដោយការលើកឡើងថា ប្រទេសសិង្ហបុរី បានទទួលយកខ្សាច់ខុសច្បាប់រាប់សិបលានតោន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីឆ្នាំ២០១០ ក្រសួងអភិវឌ្ឍន៍ជាតិរបស់សិង្ហបុរី បាននិយាយការពារការអនុវត្តនាំចូលរបស់ខ្លួន ដោយលើកឡើងថា “គយរបស់យើងមាននីតិវិធីជាស្រេចសម្រាប់ត្រួតពិនិត្យ និងស៊ើបអង្កេតការនាំចូលទំនិញនៅតាមចំណុចឆែកឆេរ ហើយថា “ការផ្គត់ផ្គង់ខ្សាច់ត្រូវមានលិខិតអនុញ្ញាតនាំចូលជាចាំបាច់”។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ប្រទេសនេះបានប្រើប្រាស់ខ្សាច់ដើម្បីពង្រីកទឹកដីរបស់ខ្លួនទំហំ២០ភាគរយ ឬ១៣០គីឡូម៉ែត្រក្រឡាក្នុងរយៈពេល៤០ឆ្នាំមកនេះ។កាសែត ដឹ ស្ត្រេតស៍ ថាមស៍ (The Straits Times) បានចុះផ្សាយថារដ្ឋាភិបាលមានគម្រោងពង្រីកទឹកដីទំហំ៥៦គីឡូម៉ែត្រក្រឡាបន្ថែមទៀតនៅត្រឹមឆ្នាំ២០៣០៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស