30 C
Phnom Penh

ការ​​​រៀបចំស្វាគមន៍​​​​ទស្សន​​​កិច្ច​​​​ដែល​​​អាច​​​កើត​​​ឡើង​​​របស់​លោក​ ប៉ាក​​​គីអាវ​​​ កំពុង​​​ធ្វើ​​​ឡើង​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសកម្ពុជាកំពុងរៀបចំស្វាគមន៍អ្នកប្រដាល់ដ៏ល្បីល្បាញ ប៉ាកគីអាវ ដែលអាចមកធ្វើទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា ក្នុងពេលឆាប់ៗនេះដោយអមដំណើរលោក រ៉ូឌ្រីហ្គូ ឌូធឺតេ (Rodrigo Duterte) ប្រធានាធិបតីរបស់ប្រទេសលោកដែលនឹងមកដល់នៅថ្ងៃអង្គារ។

តាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រថា អ្នកប្រដាល់រូបនេះអាចនឹងមកធ្វើទស្សនកិច្ចជាផ្លូវការ ក្រសួងការបរទេសក៏បានណែនាំឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាប់ផ្តើមរៀបចំពិធីស្វាគមន៍។

លោក ចំរើន បាននិយាយថា “យើងយល់ថា វាជាមោទនភាពសម្រាប់ប្រទេសយើង ពីព្រោះនៅក្នុងប្រទេសយើង មានមនុស្សភាគច្រើនជាអ្នកគាំទ្រលោក ប៉ាកគីអាវ។ ពួកគេនឹងរំភើបចិត្ត នៅពេលដែលសេ្តចប្រដាល់ពិភពលោកមកដល់”។

លោក ប៉ាកគីអាវ បានឈ្នះខ្សែក្រវ៉ាត់ជាច្រើនដែលគេចាត់ទុកថាជាអ្នកប្រដាល់ក្នុងកម្រិតទម្ងន់ខុសគ្នារាប់គីឡូល្អបំផុតនៅលើពិភពលោក។ទោះជាយ៉ាងណាក្តី កាលពីឆ្នាំមុន លោកបានចាញ់ ផ្លយ មេវ៉េតឌឺ (Floyd Mayweather) ដែលគេចាត់ទុកថាជាការប្រកួតប្រចាំសតវត្សរ៍។

cam-photo-pacquiaoលោក ចំរើន បាននិយាយថា គណៈកម្មាធិការគ្រោងអញ្ជើញអត្តពលិកកម្ពុជាទាំងស្ម័្រគចិត្ត ទាំងវិជ្ជាជីវៈ ដើម្បីជួបតារាហ្វីលីពីន ប៉ុន្តែលោកបាននិយាយថា ពួកគេនៅតែរង់ចាំការបញ្ជាក់ និងរបៀបវារៈសម្រាប់ទស្សនកិច្ចរបស់អ្នកប្រដាល់រូបនេះសិន។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ក្នុងពេលធ្វើទស្សនកិច្ចចំនួនពីរថ្ងៃ លោក ឌូធឺតេ រំពឹងថានឹងជួបលោក ហ៊ុន សែន និងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហប្រតិបត្តិការខាងកីឡា”។

អ្នកនាំពាក្យក្រសួងការបរទេស និងមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃអាទិត្យ។

សង្គ្រាមរបស់លោក ឌូដឺតេ ក្នុងការបង្ក្រាបគ្រឿងញៀនចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែឧសភា បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ហើយរងការរិះគន់ធ្ងន់ធ្ងរពីអន្តរជាតិ។ទោះជាយ៉ាងនេះក្តី លោក ឌូធឺតេ បានវាយប្រហារម្តងហើយម្តងទៀតទៅលើអ្នកដែលរិះគន់លោកលើបញ្ហានេះ ហើយលោកនៅតែមានប្រជាប្រិយភាពក្នុងប្រទេសរបស់លោកដដែល។

តាមព្រឹត្តិបត្រ ម៉ានីឡា ប៊ុលលីធិន (Manila Bulletin) លោក ឌូធឺតេ និងលោក ហ៊ុន សែន ក៏អាចពិភាក្សាអំពីជម្លោះសមុទ្រចិនខាងត្បូងដែរ ដែលជាប្រធានបទដ៏ចម្រូងចម្រាសចំពោះប្រទេសទាំងពីរ ដែលស្វែងរកចំណងមិត្តភាពជិតស្និទ្ធជាមួយប្រទេសចិន។ ជាច្រើនឆ្នាំមកហើយ ប្រទេសកម្ពុជាត្រូវគេមើលឃើញថាជាតំណាងក្រុងបេកាំងនៅក្នុងសមាគមអាស៊ាន ដែលរារាំង ឬសម្រាលសេចក្តីថ្លែងការណ៍របស់សមាគមនេះទាក់ទងនឹងជម្លោះដែនសមុទ្ទ។

ផ្ទុយទៅវិញ ប្រទេសហ្វីលីពីនជាប្រទេសមួយដែលប្រឆាំងយ៉ាងខ្លាំងក្នុងជម្លោះជាមួយប្រទេសចិន រហូតដល់លោក ឌូដឺតេឡើងកាន់អំណាច។ទោះជាឈ្នះក្តីជាប្រវត្តិសាស្រ្តក្នុងក្រុងឡាអេប្រឆាំងនឹងប្រទេសចិនកាលពីខែកក្កដាក៏ដោយ ក៏ប្រធានាធិបតីហ្វីលីពីនថ្មីរូបនេះក៏ទំនងជាផ្អាកការពិភាក្សាអំពីរឿងជម្លោះសមុទ្រដែរ តែលោកនិយាយថា ប្រទេសលោកកំពុងតែចាកចេញពីសហរដ្ឋអាមេរិក ជាសម្ពន្ធមិត្តយូរអង្វែងរបស់ខ្លួន ដោយងាកទៅរកគាំទ្រប្រទេសចិនវិញ៕ មាំ វិបុល

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស