29 C
Phnom Penh

នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា លុប​ការ​បង់​ថ្លៃ​ចំពោះ​អ្នក​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរមួយកាលពីថ្ងៃសុក្រ ដោយស្នើឲ្យអាជ្ញាធរបញ្ឈប់ការទារថ្លៃពីអ្នកលក់ដូរតូចតាចនៅទូទាំងប្រទេស ប៉ុន្តែក្រុមមន្ត្រីនៅមិនទាន់ច្បាស់ទេកាលពីថ្ងៃអាទិត្យ ថាត្រូវអនុវត្តសារាចរថ្មីនេះរបៀបណានោះ។

សារាចរមានខ្លឹមសារថា អ្នកលក់ដូរមានលក្ខណៈបណ្តោះអាសន្ន ដែលលក់កសិផលតាមកញ្ច្រែង កញ្ជើ ល្អី នៅ “កន្លែងលក់ដូរនិងទីផ្សារ” នឹងលែងបង់ភាស៊ីនិងរាល់ការបង់ថ្លៃទាំងឡាយណាពីកន្លែងលក់ដូរ និងនៅតាមទីផ្សារទាំងអស់ និងទទួលបានការធានា “សន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន”។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា មន្ត្រីក្រុងនឹងរៀបចំការប្រជុំមួយនៅថ្ងៃស្អែក ដើម្បីពិភាក្សាអំពីការអនុវត្តសារាចរនេះ។

cam-photo-vendorsលោកបានមានប្រសាសន៍ថា “ឯកឧត្តមអភិបាលក្រុង [ប៉ា សុជាតិវង្ស] បានចាត់តាំងខ្ញុំឲ្យដឹកនាំការប្រជុំនៅថ្ងៃអង្គារជាមួយប្រធានផ្សារទាំងអស់…ដើម្បីពិភាក្សានិងកំណត់គោលការណ៍ជាក់លាក់និងច្បាស់លាស់ ពីព្រោះវាមិនទាន់ច្បាស់លាស់នៅឡើយ ដូច្នេះហើយយើងត្រូវកំណត់ឲ្យច្បាស់លាស់សិន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព”។

អាជីវករផ្សារអូរឫស្សី អ្នកស្រី ពេជ្រ ដែលមិនប្រាប់ឈ្មោះពេញ ព្រោះខ្លាចធ្វើឲ្យអាជ្ញាធរខឹង បាននិយាយថា គ្រួសាររបស់អ្នកស្រីត្រូវបង់ប្រាក់២០០រៀលក្នុងមួយថ្ងៃទៅឲ្យក្រុមមន្ត្រីមូលដ្ឋាននៅផ្សារនេះ ដែលអ្នកស្រីនិងម្តាយលក់បន្លែក្នុងផ្សារ។

អ្នកស្រីបាននិយាយថា “ចាប់តាំងពីមានការប្រកាសនេះមក ខ្ញុំមិនបាច់បង់ថ្លៃអីទៀតទេ ហើយខ្ញុំមិនបានឃើញមន្ត្រីណាម្នាក់នៅផ្សារនេះមកទារថ្លៃពីយើងឡើយ”។

យោងតាមអ្នកស្រី គុយ សុភ័ណ អាយុ៦៤ឆ្នាំ ដែលលក់ផ្លែឈើនៅមុខច្រកចូលខាងជើងឲ្យដឹងថា ទោះជាយ៉ាងនេះក្តី អាជីវករដែលលក់ដូរនៅក្រៅផ្សារអូរឫស្សីនៅតែបង់ប្រាក់១.៧០០រៀល ឬប្រហែល០,៤០ដុល្លារដដែលក្នុងមួយថ្ងៃ ដែលត្រូវគេទាររាល់ព្រឹកល្ងាច។

អ្នកស្រីបាននិយាយថា ថ្លៃនេះគឺដើម្បីធានាបានកន្លែងលក់ដូរ។

អ្នកស្រី សុខ ខេង អាយុ៥៥ឆ្នាំ ដែលលក់ផ្លែឈើនៅក្រៅផ្សារអូរឫស្សី បាននិយាយថា អ្នកស្រី ក៏ដូចជាក្រុមមន្ត្រីក្រុងដែរ មិនយល់ច្បាស់ថាតើសារាចរនេះនឹងជួយរបៀបណាទេ។

អ្នកស្រីបាននិយាយថា “តើអ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អី លើផ្លូវ ឬចិញ្ចើមផ្លូវនៅត្រូវបង់ថ្លៃទៀត ឬយ៉ាងណា?”។

“តើការលើកលែងនេះអនុវត្តតែចំពោះអ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អី ក្នុងផ្សារ ឬក៏ចំពោះអ្នកដែលនៅក្រៅផ្សារដែរ?”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស