27 C
Phnom Penh

​​​អាជ្ញាធរ​​​​​​ទាម​ទារ​ឱ្យ​ស្ត្រី​​​ស៊ីឈ្នួល​​​ពពោះ​​​ទាំង​អស់​​​បង្ហាញ​​​​​មុខ​​​​ បើ​មិន​ដូច្នោះ​​ប្រឈម​​​​បទ​ព្រហ្មទណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ បានព្រមានស្ត្រីកម្ពុជា ទាំងអស់ដែលគេជួលឱ្យពពោះកូនរបស់ប្ដីប្រពន្ធជនបរទេស ព្រមទាំងប្ដីប្រពន្ធទាំងនោះ និងអន្តរការីរបស់ពួកគេ ឱ្យបង្ហាញមុខនៅចំពោះមុខអាជ្ញាធរ ប្រសិនបើមិនដូច្នោះទេនឹងត្រូវប្រឈមការចោទប្រកាន់ពីបទព្រហ្មទណ្ឌ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានមានប្រសាសន៍ថា ”បើពួកគាត់ចេញមុខពេលនេះ ពួកគាត់អាចបន្តធ្វើការងារជាមួយមន្ទីរពេទ្យដែលពួកគាត់បាននិងកំពុងប្រើប្រាស់តទៅទៀត។ បើពួកគាត់ព្យាយាមលាក់ខ្លួនពីពួកយើង នោះមានន័យថា វាជាបទល្មើសហើយ”។

ការព្រមាននេះបន្ថែមពីលើសេចក្តីប្រកាសស្រដៀងគ្នាមួយដែលលោកស្រី ជូ ប៊ុនអេង បានធ្វើឡើងកាលពីខែមុនថា មន្ត្រីកំពុងស្វែងរកអតិថិជន  ឬស្ត្រីពពោះដែលជួលដោយអ្នកស្រី ថែមី ដេវីស ឆាលស៍ (Tammy Davis-Charles) អន្តរការីជនជាតិអូស្ត្រាលី ដែលត្រូវចាប់ខ្លួន។

អ្នកស្រី ថែមី ដេវីស ឆាលស៍ និងសហការីកម្ពុជា ពីរនាក់ឈ្មោះ ពេញ រិទ្ធី អាយុ២៨ឆ្នាំ ជាមន្ត្រីក្រសួងពាណិជ្ជកម្ម និងគិលានុប្បដ្ឋាយិកាម្នាក់ទៀត សំរិទ្ធ ចាន់ចរិយា អាយុ៣៥ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីខែមុនពីសំណាក់នគរបាលប្រឆាំងការជួញដូរមនុស្សដែលនិយាយថា ខ្លួនបានចំណាយពេល១០ខែស៊ើបពីទីភ្នាក់ងារផ្តល់សេវាពពោះជំនួសរបស់គាត់ដែលមានឈ្មោះថា Fertility Solutions PGD។

ប្ដីប្រពន្ធដែលបានជួលស្ត្រីកម្ពុជា ឲ្យពពោះជំនួសតាមរយៈអ្នកស្រី ថែមី ដេវីស ឆាលស៍ ត្រូវបានជំរុញឱ្យចេញមុខ ដោយមន្ត្រីនិយាយថា  ពួកគេអាចយកកូនរបស់ខ្លួនទៅផ្ទះបានប្រសិនបើពួកគេចេញមុខ និងទទួលខុសត្រូវចំពោះកូនទាំងនោះ។

ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានឪពុកម្ដាយដែលសុំកូនណាម្នាក់បង្ហាញខ្លួននៅឡើយទេ នេះបើយោងតាមការលើកឡើងរបស់លោកស្រី ជូ ប៊ុនអេង។ លោកស្រីមានប្រសាសន៍ថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកទីភ្នាក់ងារផ្សេងៗទៀត និងជួបជាមួយស្ថានទូតនានាក្រៅពីស្ថានទូតអូស្ត្រាលី ដើម្បីស្រាវជ្រាវរកប្ដីប្រពន្ធជនបរទេសដែលបានជួលស្ត្រីពពោះ។

លោកស្រីបានបន្តថា ”យើងចង់ដឹងថាមានអ្នកណាទៀតកំពុងធ្វើរឿងនេះ។ យើងមិនដឹងថាមានទីភ្នាក់ងារ ក្រុមហ៊ុន និងមនុស្សប៉ុន្មាននាក់មកកម្ពុជា ដើម្បីធ្វើរឿងនេះទេ”។

សមត្ថកិច្ចបានចោទប្រកាន់អ្នកស្រី ថែមី ដេវីស ឆាលស៍ និងសហការីរបស់គាត់ពីបទសុំឱ្យផ្ដល់ឯកសារដោយទុច្ចរិត និងបទអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ ប៉ុន្តែពេលនេះបានគំរាមចោទប្រកាន់អ្នកស្រី ថែមី ដេវីស ឆាលស៍  បន្ថែមទៀតពីបទជួញដូរមនុស្សប្រសិនបើគាត់មិនព្រមប្រគល់ឈ្មោះអតិថិជនរបស់គាត់ទេនោះ។

លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា ឈ្មោះទាំងនោះត្រូវការទុកធ្វើជាភ័ស្តុតាងបញ្ជាក់ពីការព្រមព្រៀងគ្នារវាងអ្នកស្រី ថែមី ដេវីស ឆាលស៍ និងឪពុកម្ដាយបង្កើតរបស់ទារក។ លោកស្រីគូសបញ្ជាក់ថា “យើងសង្ឃឹមថា គាត់នឹងសហការជាមួយយើង បើមិនដូច្នោះទេ គាត់នឹងត្រូវរងការចោទប្រកាន់។ យើងនឹងចោទប្រកាន់គាត់ពីបទជួញដូរទារក ពីព្រោះពួកគេគ្មានឪពុកម្ដាយពិតប្រាកដ”។

ការព្រមានរបស់លោកស្រី ជូ ប៊ុនអេង ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍អំពីទារកម្នាក់ដែលកើតពីស្ត្រីសុីឈ្នួលពពោះត្រូវគេបោះបង់ចោល នៅពេលឪពុកម្ដាយសុំកូនមិនបានមកយកទារកនោះ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Fairfax Media កាលពីថ្ងៃអាទិត្យ។ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា លោកស្រីមិនដឹងទេពាក់ព័ន្ធករណីនេះ។

លោក ឌីលែន ឆាលស៍ (Dilan Charles) ជាកូនប្រុសអ្នកស្រី ថែមី ដេវីស ឆាលស៍ ដែលជាអ្នកប្រឹក្សាក្នុងមុខជំនួញរបស់ខ្លួនលើកឡើងថា កំណើតទារកនោះមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ម្ដាយខ្លួនឡើយ។

លោកបានលើកឡើងតាមរយៈសារមួយថា “ខ្ញុំអាចបញ្ជាក់ជូនអស់លោកបានថា ក្មេងដែលត្រូវគេទុកចោលនោះមិនមែនជាក្មេងនៃគ្រួសាររបស់ម៉ាក់ទេ កម្រិតនៃការថែទាំរបស់យើងគឺល្អជាងនោះឆ្ងាយណាស់ គឺមិនបណ្ដោយឱ្យរឿងអាក្រក់បែបនេះកើតឡើងនោះទេ”។

លោកបានបន្តថា ស្ត្រីកម្ពុជា ដែលក្រុមហ៊ុនរបស់ម្ដាយគាត់ជួលកំពុងទទួលបានការថែទាំបន្ត ហើយពួកគាត់ក៏នឹងនៅតែទទួលបានប្រាក់ឈ្នួកដដែល។ រឿងនេះកាន់តែឆាប់ចប់ ពួកគាត់ និងទារកកាន់តែមានសុវត្ថិភាព”៕ សុខុម (រាយការណ៍បន្ថែមដោយ Sonia Kohlbacher)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស