32 C
Phnom Penh

សិក្ខាកាមទាហាន​​​​​​ខ្មែរ​ចោទ​ប្រកាន់​គ្រូ​វៀតណាម​​ពីបទ​ប៉ុនប៉ង​រំលោភ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាហានកម្ពុជារាប់រយនាក់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលមួយក្នុងប្រទេសវៀតណាម បានធ្វើការតវ៉ានៅមុខការិយាល័យនាយកសាលាកាលពីសប្ដាហ៍មុន ជុំវិញករណីប៉ុនប៉ងចាប់រំលោភសិក្ខាកាមស្ត្រីម្នាក់។ ក្រុមមន្ត្រីកម្ពុជាបាននិយាយកាលពីម្សិលមិញថា ការចោទប្រកាន់នេះគឺមិនពិតឡើយ ហើយជម្លោះនេះត្រូវបានដោះស្រាយរួចហើយ។  

វីដេអូឃ្លីបចំនួនបីបង្ហាញពីការតវ៉ាកាលពីថ្ងៃទី៥ ខែធ្នូ នៅសាលាបណ្ដុះបណ្ដាលកងទ័ពលេខ២ ក្នុងខេត្តដុងណៃ ភាគខាងកើតទីក្រុងហូជីមិញ ត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ក្រុមយុវជនគណបក្សសង្គ្រោះជាតិកាលពីសប្ដាហ៍មុន ហើយបាននិងកំពុងផ្សព្វផ្សាយ ្នុងប្រព័ន្ធអុីនធឺណិតតាំងពីពេលនោះមក។

វីដេអូឃ្លីបទាំងនេះមានរយៈពេលពី១នាទីដល់២០នាទី  បានបង្ហាញពីទាហានកម្ពុជាយ៉ាងហោចណាស់២០០នាក់ធ្វើការតវ៉ានៅមុខការិយាល័យនាយកសាលា ដោយចោទប្រកាន់គ្រូបណ្ដុះបណ្ដាលម្នាក់ដែលមិនចេញឈ្មោះថា បានប៉ុនប៉ងចាប់រំលោភស្ត្រីកម្ពុជាជាទាហានម្នាក់កាលពីព្រឹកថ្ងៃនោះ។

សិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមទាំងអស់បាននិយាយនៅក្នុងវីដេអូឃ្លីបមួយថា “នេះគឺជាសកម្មភាពរបស់ទាហានកម្ពុជាតវ៉ាប្រឆាំងគ្រូបណ្ដុះបណ្ដាលយោធាជនជាតិវៀតណាម ដែលបានប៉ុនប៉ងចាប់រំលោភសិក្ខាកាមកម្ពុជា។

សិក្ខាកាមម្នាក់ទៀតបាននិយាយថា “យើងទាំងអស់រួមដៃគ្នា។ ប្រសិនបើករណីនេះកើតឡើងក្នុងប្រទេសកម្ពុជាវិញ គ្រូបណ្ដុះបណ្ដាលរូបនេះនឹងត្រូវវ៉ៃខ្នោះជាមិនខាន”។

វីដេអូឃ្លីបទាំងនេះមិនបានបង្ហាញពីការតវ៉ាបញ្ចប់ដូចម្តេចឡើយ ហើយគ្មានសិក្ខាកាមណាម្នាក់អាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ”។

នៅពេលទាក់ទងកាលពីម្សិលមិញ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានមានប្រសាសន៍ថា គ្រូបណ្ដុះបណ្ដាលរូបនេះមិនបានប៉ុនប៉ងចាប់រំលោភនរណាម្នាក់ទេ ហើយថា ជម្លោះរវាងសិក្ខាកាម និងសាលាត្រូវបានដោះស្រាយរួចហើយ។

ឧត្ដមសេនីយ៍ ឈុំ សុជាតិ មានប្រសាសន៍ថា “មានការតវ៉ាមែន ប៉ុន្តែមិនមានការប៉ុនប៉ងចាប់រំលោភដូចពួកគេបានអះអាងនោះឡើយ។ គ្រូបណ្ដុះបណ្ដាលរូបនេះស្រវឹងស្រា ហើយគាត់បានគោះទ្វារបន្ទប់ច្រឡំប៉ុណ្ណោះ។ នាយកសាលាយោធានេះបាននិយាយជាមួយក្រុមសិក្ខាកាម ហើយលោកបានដាក់វិន័យគ្រូបណ្ដុះបណ្ដាលរូបនេះតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា”។

លោកបានមានប្រសាសន៍ថា “គ្រូបណ្ដុះបណ្ដាលរូបនេះបដិសេធថា គាត់មិនបានប៉ះពាល់ខ្លួនប្រាណរបស់នាងទេ។ ឥឡូវនេះគ្មានបញ្ហាទេ”។

លោក មាស សំអុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិបានមានប្រសាសន៍ថា គ្រូបណ្ដុះបណ្ដាលជនជាតិវៀតណាមរូបនេះត្រូវបានផ្ទេរ “ទៅកន្លែងផ្សេង” ប៉ុន្តែលោកមិនបានរៀបរាប់លម្អិតឡើយ៕ សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស