38.1 C
Phnom Penh

ប្រជាជន​ហ្វីលីពីន​តវ៉ា​ប្រឆាំង​សង្គ្រាម​គ្រឿង​ញៀន​របស់​លោក ឌូធឺតេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការតវ៉ាបានចប់មិនយូរប៉ុន្មានបន្ទាប់ពីវាចាប់ផ្តើម ប៉ុន្តែប្រជាជនហ្វីលីពីន៦នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា បានបង្ហាញមុខនៅមុខព្រះបរមរាជវាំងក្នុងក្រុងភ្នំពេញ យូរល្មមដើម្បីផ្សព្វផ្សាយសាររបស់ពួកគេដល់លោក រ៉ូឌ្រីហ្គូ ឌូធឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ដែលមានខ្លឹមសារថា បញ្ឈប់សង្គ្រាមប្រល័យជីវិតប្រឆាំងគ្រឿងញៀន។

លោក ឌូធឺតេ គ្រោងនឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះសម្រាប់ការបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។

ក្រុមអ្នកតវ៉ា ដែលមិនព្រមប្រាប់ឈ្មោះរបស់ខ្លួនដោយលើកឡើងពីកង្វល់សន្តិសុខ បានឈរឲ្យគេថតរូបរយៈពេលប្រហែលមួយនាទី បន្ទាប់មកបានប្រគល់សេចក្តីថ្លែងជាច្រើនច្បាប់ទៅអ្នកយកព័ត៌មាន ហើយបានចាកចេញភ្លាមពីកន្លែងតវ៉ា នោះ។

អ្នកតវ៉ាម្នាក់ ដែលទាក់ទងតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទបន្ទាប់ពីការតវ៉ានោះ បាននិយាយថា “យើងចង់ផ្ញើសារមួយទៅគាត់និងប្រទេសហ្វីលីពីន។ សង្គ្រាមប្រឆាំងគ្រឿងញៀនត្រូវបានប្រើប្រាស់ជាលេសដើម្បីសម្លាប់មនុស្សក្រៅអំណាចច្បាប់”។

cam-photo-duterte-channa-WEB-ONLYតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចាប់តាំងពីលោក ឌូធឺតេ បានកាន់តំណែងប្រធានាធិបតីនៅខែកក្កដាមក មានមនុស្សច្រើនជាង២.០០០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប៉ូលិសប្រឆាំងគ្រឿងញៀន និងជាង៣.០០០នាក់ត្រូវបានសម្លាប់ដោយក្រុមមនុស្សដែលមិនមែនជាមន្ត្រីអនុវត្តច្បាប់។ ប្រធានាធិបតីរូបនេះបានច្រានចោលការអះអាងដែលថាប៉ូលិសកំពុងចូលរួមក្នុងការសម្លាប់ក្រៅច្បាប់។

យោងតាមការថ្លែងរបស់ក្រុមអ្នកតវ៉ា “ភាគច្រើននៃអ្នកស្លាប់មកពីគ្រួសារអ្នកក្រីក្ររបស់ប្រទេសនេះ ពីបទសង្ស័យជាអ្នកញៀនថ្នាំ ឬអ្នកលក់ថ្នាំខុសច្បាប់។ ពួកគេភាគច្រើនបានចូលខ្លួនដោយស្ម័គ្រចិត្ត ត្រូវគេចាប់ខ្លួននិងសម្លាប់ដោយចោទថាតដៃនឹងប៉ូលិស”។

ការរំឭកទិវាសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃសៅរ៍ មានមនុស្សរាប់រយនាក់បានដើរហែកាត់ក្រុងម៉ានីល ដើម្បីតវ៉ាប្រឆាំងនយោបាយបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាល។

អ្នកតវ៉ាហ្វីលីពីនក្នុងក្រុងភ្នំពេញបាននិយាយថា ក្រុមរបស់លោកប្រឆាំងច្បាប់ចំនួនពីរដែលកំពុងត្រូវពិចារណាដោយសភាហ្វីលីពីន ដែលនឹងបន្ទាបអាយុនៃការទទួលខុសត្រូវព្រហ្មទណ្ឌពីអាយុ១២មកត្រឹម៩ឆ្នាំ និងការដាក់ឲ្យប្រើទោសប្រហារជីវិតឡើងវិញ ចំពោះបទល្មើសមួយចំនួន ក្នុងនោះមានទាំងបទល្មើសគ្រឿងញៀនផង។

ស្ថានទូតហ្វីលីពីនប្រចាំក្រុងភ្នំពេញមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

អ្នកបើកបរយានយន្តបើកកាត់ផ្ទាំងប៉ាណូតាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ នរោត្តម សីហមុនី និងលោក រ៉ូទ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន នៅក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកបើកបរយានយន្តបើកកាត់ផ្ទាំងប៉ាណូតាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ នរោត្តម សីហមុនី និងលោក រ៉ូទ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន នៅក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

កាលពីខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកមិនមានផែនការប្រើទោសប្រហារជីវិតឡើងវិញ ជាមធ្យោបាយកាត់បន្ថយការប្រើនិងលក់គ្រឿងញៀនខុសច្បាប់នៅកម្ពុជាទេ។

លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងសុន្ទរកថាទៅកាន់និស្សិតបញ្ចប់ការសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចថា “កម្ពុជាមិនអាចប្រើប្រាស់ទោសប្រហារជីវិតលើជនឧក្រិដ្ឋបានទេ គឺត្រឹមតែដាក់ទោសមួយជីវិត គឺគ្រប់គ្រាន់ហើយ”។

នៅពេលនោះលោកនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យអាជ្ញាធរនិងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ “ធ្វើសកម្មភាពព្រមៗគ្នាដើម្បីឈានទៅបង្ក្រាបគ្រឿងញៀនដែលកំពុងរីករាលដាលពីប្រទេសមួយទៅកាន់ប្រទេសមួយ”។

លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ប្រទេសហ្វីលីពីន ដោយលើកឡើងនូវនយោបាយមិនជ្រៀតជ្រែករបស់ប្រទេសកម្ពុជា។

លោកបានបង្វែរសំណួរអំពីការព្រមព្រៀងស្តីពី “សហប្រតិបត្តិការក្នុងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន” ដែលគេរំពឹងថានឹងត្រូវចុះហត្ថលេខាដោយលោក ហ៊ុន សែន និងលោក ឌូធឺតេ នៅសប្តាហ៍នេះ ទៅក្រសួងមហាផ្ទៃ ដែលអ្នកនាំពាក្យមិនអាចទាក់ទងបានទេ៕ និត (រាយការណ៍បន្ថែមដោយ គុជ ណារ៉េន)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស