35 C
Phnom Penh

មួយ​​​ឆ្នាំ​​​ក្រោយ​​​មក រដ្ឋាភិបាល​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​អ្នកបម្រើ​​​តាម​​​ផ្ទះនៅ​​​​​​ម៉ាឡេស៊ី​​​នឹង​​​សម្រេច​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីក្រសួងការងារបាននិយាយកាលពីថ្ងៃច័ន្ទថា សេចក្តីពិស្តារចុងក្រោយនៃគម្រោងបន្តឡើងវិញនូវចំណាកស្រុកស្របច្បាប់របស់ពលករតាមផ្ទះជានជាតិខ្មែរទៅកាន់ប្រទេសម៉ាឡេស៊ីអាចយល់ព្រមដោយប្រទេសទាំងពីរនៅចុងខែនេះ គឺរយៈពេលមួយឆ្នាំបន្ទាប់ពីគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលុបចោលបម្រាមរយៈពេល៥ឆ្នាំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បម្រាមក្នុងឆ្នាំ២០១១ក្នុងពេលដែលមានរបាយការណ៍កាន់តែច្រើនអំពីការមិនបើកប្រាក់ឈ្នួលឲ្យ ការបង្ខំឲ្យធ្វើការលើសម៉ោង ការឲ្យម្ហូបអាហារតិចតួច និងការធ្វើបាបផ្នែករាងកាយនិងផ្លូវភេទលើពលករជាជនជាតិខ្មែរពីសំណាក់ចៅហ្វាយនាយជាជនជាតិម៉ាឡេស៊ី។

ក្រោយពីប្រទេសកម្ពុជានិងម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈក្នុងខែធ្នូកាលពីឆ្នាំមុន ដើម្បីបើកផ្លូវច្បាប់ឡើងវិញសម្រាប់ពលករបម្រើតាមផ្ទះ ក្រសួងការងារកម្ពុជាបាននិយាយថា សេចក្តីពិស្តារនៃគម្រោងថ្មីដោយមានខបញ្ញតិដែលផ្តល់ការពារល្អប្រសើរដល់ពលករបម្រើតាមផ្ទះនឹងត្រូវសម្រេចបានក្នុងប៉ុន្មានខែទៀត។

កាលពីថ្ងៃច័ន្ទ លោក ហេង សួ អ្នកនាំពាក្យក្រសួងបាននិយាយតាមការផ្ញើសារថា គម្រោងអាចមានប្រសិទ្ធភាពត្រឹមចុងខែ។ លោក សួ មិនបានឆ្លើយតបនឹងសំណួរបន្ថែមទៀតអំពីសេចក្តីពិស្តារនៃកិច្ចព្រមព្រៀងទេ។

លោក ជួប ណារ័ត្ន អនុប្រធាននាយកដ្ឋានការងារបាននិយាយថា អ្នកចរចាពីកម្ពុជានិងម៉ាឡេស៊ីបានស្ថិតក្នុងដំណាក់ការចុងក្រោយក្នុងការសរសេរនីតិវិធីប្រតិបត្តិរបស់គម្រោង។

លោកបាននិយាយថា “យើងជិតបញ្ចប់ហើយ។ យើងគ្រាន់តែត្រូវការភ្លើងខៀវពីថ្នាក់ដឹកនាំប្រទេសទាំងពីរប៉ុណ្ណោះ”។

ក្រុមសិទ្ធិការងារនៅតែមិនជឿថា កិច្ចព្រមព្រៀងនឹងអាចផ្តល់ការការពារដល់ពលករបម្រើតាមផ្ទះដែលពួកគេត្រូវការនោះទេ ព្រោះមានមន្ត្រីក្រសួងការងារមួយចំនួនកាលពីមុនត្រូវបានបង្ហាញថាបានធ្វើវិនិយោគជាថវិកានៅក្នុងទីភ្នាក់ងារជ្រើសរើសពលករមួយចំនួន ដែលពួកគេទទួលខុសត្រូវក្នុងការធ្វើនិយតកម្ម។

លោក មឿន តុលា ដែលគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលសិទ្ធិការងារ សង់ត្រាល់បាននិយាយថា ស្ថានទូតខ្មែរប្រចាំក្រុងគូឡាឡាំពួបានបន្តពិនិត្យមើលលិខិតឆ្លងដែនរបស់ពលករដែលបានស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១១។

លោកបាននិយាយថា “អ៊ីចឹង….មានពលករបាត់ខ្លួនច្រើនណាស់។ នៅតែមាន រហូតមកដល់ពេលនេះ”។

ជនកម្ពុជាបានបន្តធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីធ្វើការជាអ្នកបម្រើតាមផ្ទះ ដែលប្រើទិដ្ឋាការទេសចរ។

មានស្ត្រីពីរនាក់ដែលបានបំពានបម្រាម ហើយត្រូវបញ្ជូនមកស្រុកវិញដោយមានការជួយរបស់អង្គការសង់ត្រាល់ បានអះអាងកាលពីដើមឆ្នាំនេះថា ពលករបម្រើតាមផ្ទះជាជនជាតិខ្មែរផ្សេងទៀតនៅឯមណ្ឌលឃុំឃាំងម៉ាឡេស៊ី ដែលពួកគេត្រូវបានបញ្ជូនទៅទីនោះ ក្រោយពីរត់គេចពីថៅកែធ្វើបាប ក៏ទទួលរងការវាយដំច្រំធាក់យ៉ាងដំណំពីសំណាក់បុគ្គលិកមណ្ឌល ហើយមានខ្លះក៏បានស្លាប់។

រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយថា មានស្ត្រីខ្មែរម្នាក់បានស្លាប់នៅឯមណ្ឌល ដោយសារតែមានជំងឺ ហើយក៏បានបដិសេធចំពោះការចោទប្រកាន់នៃការធ្វើបាបនោះ៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស