29 C
Phnom Penh

ទន្តពេទ្យ​​​តវ៉ា​ប្រឆាំង​ការ​អនុញ្ញាត​​ឱ្យ​ទន្តគិលានុបដ្ឋាក​​បើក​គ្លីនិក​ឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទន្តពេទ្យ និងនិស្សិតទន្តសាស្ត្រប៉ុន្មានរយនាក់បាននាំគ្នាធ្វើការតវ៉ានៅខាងក្រៅអគារទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ  ទាមទារឱ្យក្រសួងសុខាភិបាលកែប្រែសេចក្ដីប្រកាសមួយកាលពីពេលថ្មីៗនេះ ដែលអនុញ្ញាតឱ្យទន្តគិលានុបដ្ឋាកបើកបន្ទប់ថែទាំមាត់ធ្មេញជំងឺមាត់ធ្មេញឯកជនដោយឯករាជ្យ។

យោងតាមកញ្ញា ផន ពេជ្រចិន្តា និស្សិតឆ្នាំទី៦នៃកម្មវិធីទន្តសាស្ត្ររយៈពេល៧ឆ្នាំនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានឱ្យដឹងថា  ទន្តគិលានុបដ្ឋាកដែលសិក្សាទន្តសាស្ត្រមូលដ្ឋានក្នុងកម្មវិធីសិក្សារយៈពេល៣ឆ្នាំ “គ្មានចំណេះដឹងគ្រប់គ្រាន់ដើម្បីបើកគ្លីនិកឯកជននោះទេ”។

ទន្តពេទ្យ និង និស្សិតទន្តសាស្ត្ររាប់រយនាក់នាំគ្នាធ្វើការតវ៉ានៅខាងក្រៅអគារទីស្តីការគណៈរដ្ឋមន្ត្រីក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីប្រឆាំងប្រកាសរបស់ក្រសួងដែលអនុញ្ញាតឲ្យទន្តគិលានុដ្ឋាកបើកគ្លីនិកឯកជនដោយឯករាជ្យ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

កញ្ញាលើកឡើងថា ”យើងគ្រាន់តែចង់បញ្ឈប់ច្បាប់ដែលអនុញ្ញាតឱ្យទន្តគិលានុបដ្ឋាកបើកគ្លីនិកឯកជនប៉ុណ្ណោះ” ហើយថា “សុខភាពរបស់ប្រជាពលរដ្ឋ” និងគុណភាពនៃការថែទាំគឺជាក្ដីបារម្ភចម្បងរបស់ពួកគេ  និងការមិនប្រជែងគ្នាដណ្ដើមអ្នកជំងឺ។ អ្នកតវ៉ាទាំងនេះបានដាក់ញត្តិមួយដែលចុះហត្ថលេខាដោយទន្តពេទ្យ និងអនាគតទន្តពេទ្យជាង១.០០០នាក់ ដែលធ្វើការទាមទារដូចគ្នានេះដែរ។

ក្រសួងសុខាភិបាលបានចេញប្រកាសមួយកាលពីថ្ងៃទី១៦ ខែតុលា អនុញ្ញាតឱ្យទន្តគិលានុបដ្ឋាកដែលបានបម្រើការងារនៅតាមមន្ទីរពេទ្យរដ្ឋបើកបន្ទប់ថែទាំជំងឺមាត់ធ្មេញឯកជនដោយឯករាជ្យក្រោមលក្ខខណ្ឌមួយចំនួន ជាពិសេសត្រូវមានសម្ភារត្រឹមត្រូវសម្រាប់សម្លាប់មេរោគឧបករណ៍ទាំងអស់ ហើយត្រូវជូនដំណឹងដល់មន្ត្រីមូលដ្ឋានអំពីសេវាដែលខ្លួនគ្រោងផ្ដល់ជូន។

លោក សោម វិចិត្រ ព្រឹទ្ធបុរសនៃដេប៉ាតឺម៉ង់ទន្តសាស្ត្រនៅសាកលវិទ្យាល័យអន្តរជាតិភ្នំពេញ (IUPP) ដែលបង្រៀនទាំងវគ្គទន្តសាស្ត្រ និងវគ្គទន្តគិលានុបដ្ឋាកមានប្រសាសន៍ថា ទន្តគិលានុបដ្ឋាកមិនទទួលបានការបណ្ដុះបណ្ដាលឱ្យធ្វើការវះកាត់ ឬ”ដាំឫសធ្មេញ និងស្ពានធ្មេញ” នោះទេ ប៉ុន្តែពួកគេអាចបំពេញការខ្វះចន្លោះបាននៅតាមតំបន់ជនបទទូទាំងប្រទេសដែលទន្តពេទ្យហាក់ទំនងជាចៀសវាងបើកគ្លីនិក ដោយសារខ្វះអ្នកជំងឺដែលមានទ្រព្យធន។

លោកបានគូសបញ្ជាក់ថា “ទន្តគិលានុបដ្ឋាកអាចជួយប្រជាពលរដ្ឋក្រីក្រនៅជនបទដែលគ្មានទន្តពេទ្យ ហើយថា ពួកគេគួរតែគោរពតាមវិធីព្យាបាលដូចការបណ្ដុះបណ្ដាលដែលពួកគេទទួលបាន។

ទន្តពេទ្យ និង និស្សិតទន្តសាស្ត្ររាប់រយនាក់នាំគ្នាធ្វើការតវ៉ានៅខាងក្រៅអគារទីស្តីការគណៈរដ្ឋមន្ត្រីក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីប្រឆាំងប្រកាសរបស់ក្រសួងដែលអនុញ្ញាតឲ្យទន្តគិលានុដ្ឋាកបើកគ្លីនិកឯកជនដោយឯករាជ្យ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ទន្តពេទ្យ និង និស្សិតទន្តសាស្ត្ររាប់រយនាក់នាំគ្នាធ្វើការតវ៉ានៅខាងក្រៅអគារទីស្តីការគណៈរដ្ឋមន្ត្រីក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីប្រឆាំងប្រកាសរបស់ក្រសួងដែលអនុញ្ញាតឲ្យទន្តគិលានុដ្ឋាកបើកគ្លីនិកឯកជនដោយឯករាជ្យ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ប៉ុន្តែទន្តពេទ្យដែលកំពុងបំពេញវិជ្ជាជីវៈ និងនិស្សិតទន្តពេទ្យមកពីសាលាទន្តសាស្ត្រចំនួនប្រាំនៅក្នុងរាជធានីភ្នំពេញ រួមមានទាំងសមាជិកនៃសមាគមទន្តពេទ្យកម្ពុជា (CDA) ដែលមានសមាជិកចំនួន៤០០នាក់ បានលើកឡើងថា មិនជឿទុកចិត្តឱ្យទន្តគិលានុបដ្ឋាកបើកបន្ទប់ថែទាំជំងឺមាត់ធ្មេញដោយឯករាជ្យនោះទេ។

លោក វ៉ន ចាន់ជីវ័ន្ត ជានិស្សិតទន្តពេទ្យទើបបញ្ចប់ការសិក្សាថ្មីៗដែលបច្ចុប្បន្នកំពុង

បម្រើការងារនៅគ្លីនិកឯកជនមួយក្នុងរាជធានីភ្នំពេញនិយាយថា “ខ្ញុំមិនយល់ស្របតាមសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាលទេ។ យើងរៀនអស់៧ឆ្នាំ យើងត្រូវប្រឡងឱ្យជាប់នៅក្នុងការប្រឡងទូទាំងប្រទេស” ហើយទន្តពេទ្យក៏ត្រូវបំពេញការងារចុះស្តារយៈពេល២ឆ្នាំផងដែរ ចំណែកឯទន្តគិលានុបដ្ឋាករៀននៅសាលាសរុបតែរយៈពេល៣ឆ្នាំប៉ុណ្ណោះ។

លោក សេង សាវន ទីប្រឹក្សានៅទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ទៅកាន់ទន្តពេទ្យដែលតវ៉ាទាំងនេះថា លោកនឹងបញ្ជូនញត្តិខាងលើនេះទៅ “ក្រុមជំនាញ” មួយដែលនឹងបញ្ជូនវាបន្តទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកគូសបញ្ជាក់ថា វាអាស្រ័យលើក្រសួងសុខាភិបាលថាតើក្រសួងសម្រេចកែប្រែប្រកាសនេះឬក៏អត់។

ទោះជាយ៉ាងណា  អ្នកនាំពាក្យក្រសួងសុខាភិបាលមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញទាក់ទិនបញ្ហានេះ។

លោកស្រី យ៉ម សូលីតា ប្រធានសមាគមទន្តពេទ្យកម្ពុជាបានមានប្រសាសន៍ថា យ៉ាងហោចណាស់ត្រូវមានការពិភាក្សាក្ដៅគគុកមួយស្ដីពីបញ្ហានេះ។

លោកស្រីបានលើកឡើងកាលពីម្សិលមិញថា ”យើងចង់ឱ្យក្រសួងសុខាភិបាលរៀបចំការជជែកដេញដោលជាសាធារណៈ។ បើយើងមិនអាចឃាត់ទន្តគិលានុបដ្ឋាកមិនឱ្យបើកគ្លីនិកឯកជនបានទេនោះ” អ្នកជំងឺគួរតែអាចធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានដែលខ្លួនទទួលបាន “ថាតើត្រូវទៅរកទន្តពេទ្យ ឬក៏ទន្តគិលានុបដ្ឋាក”។

យុវជន គង់ តារារ័ត្ន និស្សិតឆ្នាំទី៣នៃកម្មវិធីទន្តគិលានុបដ្ឋាកនៅសាកលវិទ្យាល័យអន្តរជាតិ (IU) និយាយថា ខ្លួននៅតែសង្ឃឹមថាអាចបើកបន្ទប់ថែទាំជំងឺមាត់ធ្មេញឯកជនផ្ទាល់ខ្លួនបាន ព្រមទាំងទទួលបានការងារនៅមន្ទីរពេទ្យរដ្ឋផងដែរ បន្ទាប់ពីខ្លួនបញ្ចប់ការសិក្សា។

និស្សិតរូបនេះបាននិយាយទៀតថា “ខ្ញុំកំពុងព្យាយាមសិក្សា ព្រោះខ្ញុំចង់មានគ្លីនិកផ្ទាល់ខ្លួន ហើយក៏ចង់បម្រើការងារនៅមន្ទីរពេទ្យរដ្ឋដែរ។ ខ្ញុំចង់សំណូមពរឱ្យក្រសួងសុខាភិបាលផ្ដល់ការងារដល់ពួកយើងនៅតាមមន្ទីរពេទ្យរដ្ឋនៅតាមតំបន់ជនបទ”៕ សុុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស