28.4 C
Phnom Penh

មន្ត្រី​នគរបាល​បីនាក់​​​ដែល​​​វាយ​​​បុរស​​​ម្នាក់​​​​​​​​​រហូត​​​ដល់​​​ស្លាប់​​​ បង់​​​សំណង​​​​​​ដល់​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមគ្រួសារមន្ត្រីនគរបាលបីរូបដែលតាមចោទថា បានវាយដំបុរសពីរនាក់នៅក្នុងខេត្តកណ្ដាល ដែលក្នុងនោះម្នាក់បានស្លាប់ដោយសាររបួសនោះ “បានបញ្ចប់រឿងក្ដីនេះហើយ” ដោយការបង់ប្រាក់សំណងដល់ក្រុមគ្រួសារជនរងគ្រោះក្នុងទឹកប្រាក់២០.០០០ដុល្លារកាលពីសប្ដាហ៍មុន នេះបើយោងតាមមេធាវីតំណាងមន្ត្រីទាំងនេះលើកឡើងកាលពីម្សិលមិញ។

អ្នកស្រី ឃួន ស្រីមុំ ប្រពន្ធរបស់លោក ចំរើន សីហា ដែលបានស្លាប់មួយថ្ងៃបន្ទាប់ពីត្រូវបានវាយដំកាលពីចុងខែតុលានិយាយថា ក្រុមគ្រួសាររបស់អ្នកស្រីបានចរចាជាមួយក្រុមគ្រួសារមន្ត្រីនគរបាលស្រុកស្អាងបីរូបនៅការិយាល័យមេធាវីរបស់ពួកគេក្នុងរាជធានីភ្នំពេញ ហើយបានព្រមព្រៀងទទួលយកសំណងជាប្រាក់កាលពីថ្ងៃទី៧ ខែធ្នូ។

អ្នកស្រី ឃួន ស្រីមុំ បាននិយាយកាលពីម្សិលមិញថា “ក្រុមគ្រួសារមន្ត្រីនគរបាលទាំងបីនាក់បានផ្ដល់សំណងរដ្ឋប្បវេណីដល់ខ្ញុំ និងប្អូនប្រុសរបស់ខ្ញុំក្នុងទឹកប្រាក់ចំនួន២០.០០០ដុល្លារ” ជាថ្នូរនឹងការដកពាក្យបណ្ដឹង។

អ្នកស្រីបាននិយាយថា ”ខ្ញុំបានសម្រេចទទួលយកប្រាក់សំណងនេះ ពីព្រោះខ្ញុំបារម្ភថា វាលំបាកក្នុងការទទួលបានច្រើនជាងនេះណាស់ ហើយជាពិសេសដោយសារខ្ញុំគ្មានប្រាក់គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបន្ទាប់ពីប្ដីរបស់ខ្ញុំបានស្លាប់”។

អ្នកស្រី ឃួន ស្រីមុំ និយាយថា ប្អូនប្រុសរបស់អ្នកស្រីឈ្មោះ ទិត្យ លាភ នៅមានជីវិតបន្ទាប់ពីរងការវាយដំបានផ្ដិតមេដៃ “លើឯកសារ យល់ព្រមដកពាក្យបណ្ដឹងពីតុលាការ”។

យោងតាមនគរបាលបានឱ្យដឹងថា មន្ត្រីនគរបាលស្រុកស្អាងឈ្មោះ ឆាយ ស៊ីណា ភក្ដី វិទូ និង ឃាង សុងថេង ត្រូវបានចេញឈ្មោះថា ជាជនសង្ស័យផ្លូវការនៅក្នុងករណីវាយដំនេះ  ប៉ុន្តែបានរត់គេចខ្លួនចាប់តាំងពីហេតុការណ៍កើតឡើងមកម្លេ៉ះ។

លោក ចំរើន សីហា និងលោក ទិត្យ លាភ ត្រូវបានមន្ត្រីទាំងនេះវាយដំនៅតាមផ្លូវ និងបានវាយដំបន្ថែមទៀតយ៉ាងដំណំនៅពេលស្ថិតក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីបុរសទាំងពីររូបនេះត្រូវបានចាប់ខ្លួនក្រោយពីមានជម្លោះពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍មួយជាមួយលោក ឆាយ ស៊ីណា កាលពីថ្ងៃទី២១ ខែតុលា។

យោងតាមសាក្សីដែលបានឃើញគាត់ និង ទិត្យ លាភ បន្ទាប់ពីត្រូវបានដោះលែងពីអធិការដ្ឋាននគរបាលស្រុកស្អាងបានឱ្យដឹងថា ចំរើន សីហា បានស្លាប់នៅមន្ទីរពេទ្យមួយក្នុងក្រុងតាខ្មៅមួយថ្ងៃក្រោយមក ដោយរងការវាយដំជាទម្ងន់ដែលគាត់មិនអាចក្រោកឈរដោយខ្លួនឯងបាន។

លោក ម៉ក់ ប៊ុណ្ណា មេធាវីតំណាងមន្ត្រីនគរបាលទាំងនេះបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមគ្រួសារកូនក្ដីរបស់លោក “បានផ្តល់ប្រាក់សំណងចំនួន២០.០០០ដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះទាំងពីរដើម្បីបញ្ចប់រឿងក្ដីនេះ”។

លោកបានថ្លែងថា “ពួកគាត់បានយល់ព្រមដកពាក្យបណ្ដឹងដែលប្ដឹងកូនក្ដីរបស់ខ្ញុំតាមរយៈខ្ញុំរួចហើយ។ យើងបានសម្របសម្រួលជាមួយពួកគាត់ ពីព្រោះយើងចង់ផ្ដល់ប្រាក់មួយចំនួនសម្រាប់រៀបចំបុណ្យសព និងព្យាបាលជំងឺលោក ទិត្យ លាភ និងផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់ពួកគាត់”។

លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានមានប្រសាសន៍ថា មន្ត្រីនគរបាលទាំងបីរូបនេះមិនបានមកធ្វើការទេចាប់តាំងពីថ្ងៃទី២២ ខែតុលាមក។ លោកបានថ្លែងថា លោកមិនដឹងថា តើពួកគេនៅឯណាទេ ហើយក៏មិនដឹងពីការព្រមព្រៀងរវាងក្រុមគ្រួសារមន្ត្រីទាំងនេះ និងក្រុមគ្រួសារជនរងគ្រោះដែរ។

លោក សេង សុជាតិ បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងពីការចរចារវាងក្រុមគ្រួសារជនរងគ្រោះ និងក្រុមគ្រួសារមន្ត្រីនគរបាលទាំងបីរូបនេះទេ។ ប្រសិនបើយើងបានជួបមន្ត្រីទាំងនេះ យើងនឹងចាប់ពួកគេបញ្ជូនទៅតុលាការដើម្បីធ្វើការសាកសួរ”។

លោក សំ រិទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលមានប្រសាសន៍ថា លោកក៏មិនដឹងពីការព្រមព្រៀងរវាងក្រុមគ្រួសារទាំងនោះដែរ ប៉ុន្តែការស៊ើបអង្កេតរឿងក្តីព្រហ្មទណ្ឌនឹងបន្តបើទោះជាមានការដោះស្រាយសំណងហិរញ្ញវត្ថុក្រៅប្រព័ន្ធ តុលាការក៏ដោយ។

លោកបាននិយាយដល់មន្ត្រីនគរបាលទាំងនោះថា “រឿងក្តីព្រហ្មទណ្ឌនៅតែដំណើរការដដែល ដូច្នេះហើយខ្ញុំនៅតែចេញដីកាកោះហៅពួកគេ ” ឱ្យមកបង្ហាញខ្លួនដើម្បីធ្វើការសាកសួរនៅក្នុងតុលាការកាលពីសប្ដាហ៍មុនដដែល។ លោកបានបន្ថែមថា “ការដកពាក្យបណ្ដឹងមិនអាចធ្វើឱ្យរឿងក្តីព្រហ្មទណ្ឌក្លាយជាមោឃៈបានឡើយ”។

ក្រុមមន្ត្រីតុលាការតែងតែលើកឡើងថា រឿងក្តីព្រហ្មទណ្ឌនៅតែបន្តបើទោះជាក្រោយពីចុងចោទបានទទួលយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការក៏ដោយ តែរឿងក្តីបែបនេះ ជាពិសេសរឿងក្តីដែលជាប់ពាក់ព័ន្ធក្រុមមន្ត្រីរដ្ឋាភិបាល ជាធម្មតាជាប់គាំង ហើយមិនដែលមានការផ្តន្ទាទោសទេ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស