29 C
Phnom Penh

អ្នក​បិត​​​​ស្រាស​​​​​​​​​មាន​​​​​​ជាតិ​​​​​​​​​មេតាណុល​​​​​​​​​ពុល​​​ដែល​​​​​​​​​​​​បាន​​​​​​​​​សម្លាប់​​មនុស្ស​អស់១៥​​​នាក់​​​​ត្រូវ​បាន​ចោទ​ប្រកាន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា អ្នកបិតស្រាសលាយជាតិមេតាណុលដែលបានផ្ដាច់ជីវិតមនុស្ស១៥នាក់ និងរាប់សិបនាក់ទៀតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទចែកចាយសារធាតុពុលទាំងខ្លួនឯងដឹងច្បាស់។

លោក ឈួន ស៊ីវិន អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាបុរសឈ្មោះ ថាន់ វី អាយុ៤៨ឆ្នាំ អាចប្រឈមការជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំពីបទបិតស្រាពុលដែលបានធ្វើឱ្យមនុស្ស៧៨នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីស្រានោះត្រូវបានគេដាក់ទទួលភ្ញៀវក្នុងពិធីបុណ្យសពជាបន្តបន្ទាប់គ្នាក្នុងខេត្តនេះក្នុងរយៈពេលមួយខែកន្លងទៅនេះ។

លើកឡើងពីសារធាតុរាវដែលគេប្រើនៅក្នុងជាតិប្រឆាំងភាពកក ជាតិរំម្លាយ និងជាប្រភពឥន្ធនៈ អ្នកនាំពាក្យដដែលបានថ្លែងថា លោក ថាន់ វី “បានសារភាពហើយថា គាត់គឺជាអ្នកដាក់បន្ថែមមេតាណុលនោះដោយខ្លួនឯង។

លោកបានឲ្យដឹងទៀតថា អ្នកចែកចាយមេដំបែម្នាក់ និងអ្នកបិតស្រាម្នាក់ត្រូវបានដោះលែងវិញបន្ទាប់ពីសួរនាំរួច ប៉ុន្តែកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

តុលាការក៏កំពុងរង់ចាំលទ្ធផលចុងក្រោយពីការធ្វើតេស្តរបស់ក្រសួងពាណិជ្ជកម្មដែរ។មន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃច័ន្ទថា ការធ្វើតេស្តរបស់ខ្លួនបានបញ្ជាក់ថា ស្រាសនោះមានផ្ទុកកម្រិតជាតិមេតាណុលខ្ពស់ដែលអាចបណ្ដាលឱ្យមនុស្សស្លាប់។

លោក ប្រាក់ វុន ប្រធានមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា “នៅពេលកម្រិតមេតាណុលក្នុងស្រាខ្ពស់ជាង០,១៥ភាគរយ វាបណ្តាលឱ្យមនុស្សពុល។ កម្រិតមេតាណុលដែលយើងបានរកឃើញពីសំណាកវិភាគបង្ហាញថាវាមានមេតាណុល០,២ភាគរយ”។

នគរបាលបាននិយាយមុននេះថា ស្រានោះត្រូវបានរកឃើញមានផ្ទុកកម្រិតមេតាណុលខ្ពស់រហូតដល់ទៅ២៥ភាគរយឯណោះ។

លោក ប្រាក់ វុន បញ្ជាក់ថា អ្នកពុលស្រាចំនួន១០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនៅឡើយ ហើយមន្ត្រីសុខាភិបាបានប្រាប់ប្រជាពលរដ្ឋក្នុងខេត្តនេះឱ្យឈប់ទទួលទានស្រាសរហូតទាល់តែពួកគេធ្វើតេស្តអ្នកបិតស្រាផ្សេងៗទៀតរួចសិន។

ការស្លាប់ដោយសារការពុលមេតាណុលបានកើតឡើងជាញឹកញាប់ក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដោយអ្នកបិតស្រាទុច្ចរិតដាក់បន្ថែមសារធាតុគីមីទៅក្នុងស្រារបស់ខ្លួនដើម្បីរក្សាការចំណាយទាប។

“ការផ្ទុះករណីពុលមេតាណុល” ស្រដៀងគ្មានមួយបានកើតឡើងកាលពីឆ្នាំ២០១១នៅក្នុងខេត្តពោធិ៍សាត់ ហើយភូមិមាត់ព្រៃ បានរងគ្រោះធ្ងន់ធ្ងរខ្លាំងដល់ថ្នាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចាប់ផ្ដើមហៅវាថា “ភូមិពុលស្រា”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស