31 C
Phnom Penh

រដ្ឋមន្ត្រី​និយាយ​ថា​អ្នក​ទិញ​ម៉ូតូ​ចាំបាច់​ត្រូវ​ប្រឡង​សំណួរ​សុវត្ថិភាព​ផ្លូវ​ថ្នល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា អ្នកទៅទិញម៉ូតូនឹងត្រូវមើលវីដេអូសុវត្ថិភាពអ្នកបើកបរ១០វីដេអូ និងប្រឡងឆ្លើយសំណួរអំពីវីដេអូទាំងនោះ មុនពេលពួកគេអាចដើរចេញជាមួយម៉ូតូរបស់ខ្លួន ដោយចាប់ផ្តើមនៅដើមឆ្នាំក្រោយ។

ថ្លែងនៅពេលប្រកាសផ្សព្វផ្សាយអំពីយុទ្ធនាការសុវត្ថិភាពអ្នកបើកបរ ដែលចំណាយថវិកា១២០.០០០ដុល្លារ លោក ចាន់ថុល បានសើចតិចៗ ខណៈដែលលោករៀបរាប់អំពីគម្រោងថ្មីនេះ។

លោកបានមានប្រសាសន៍កាលពីថ្ងៃអង្គារក្នុងក្រុងភ្នំពេញថា “អតិថិជនត្រូវតែមើលស្ពតនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ‘ខ្ញុំបានមើលស្ពត’ មុនពេលយកម៉ូតូចេញពីហាង”។

ទោះបីជាលោកបានមានប្រសាសន៍ថា សេចក្តីលម្អិតនៃផែនការនេះមិនទាន់បានធ្វើហើយរួចរាល់នៅឡើយក៏ដោយ ក៏លោក ចាន់ថុល បានមានប្រសាសន៍ថា ម្ចាស់ហាងនឹងបញ្ចាំងឃ្លីបវីដេអូឲ្យអតិថិជនមើល និងសុំឲ្យពួកគេឆ្លើយសំណួរ១០ មុនពេលចុះហត្ថលេខា។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការផ្សព្វផ្សាយអប់រំបីនឹងផ្តោតលើការបើកបរទាំងស្រវឹង ចំណែកឯប្រាំពីរផ្សេងទៀតផ្តោតលើការបើកបរលឿនជាងច្បាប់កំណត់ មួកសុវត្ថិភាព និងកង្វល់សុវត្ថិភាពផ្សេងទៀត ហើយក៏នឹងផ្សព្វផ្សាយតាមទូរទស្សន៍ TV5 ទូរទស្សន៍ PNN និង MyTV ពេញមួយឆ្នាំក្រោយដែរ។

តាមរយៈការផ្សព្វផ្សាយតាមទូរទស្សន៍និងរ៉ឺម៉កទេសចរណ៍ និងការសំដែងនៅសាលាមធ្យមសិក្សា ក្រសួងសង្ឃឹមថានឹងធ្វើឲ្យមានការធ្លាក់ចុះការស្លាប់លើផ្លូវថ្នល់១៣.៦៦៩នាក់ដែលបានកត់ត្រាកាលពីឆ្នាំមុន។ យុទ្ធនាការនេះជំរុញដោយកិច្ចព្រមព្រៀងមួយដែលចុះហត្ថលេខាដោយលោក ចាន់ថុល ជាមួយសម្ពន្ធភាពសុរ៉ា អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (Asia Pacific International Wine and Spirits Alliance)។

លោក អៀ ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានយល់ស្របថា ការអប់រំអ្នកបើកបរគឺសំខាន់ ប៉ុន្តែបានមានប្រសាសន៍ថា ការចេញប័ណ្ណបើកបរនិងការអនុវត្តច្បាប់តឹងរ៉ឹងនឹងមានប្រសិទ្ធភាពជាង។

កាលពីខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថយការតម្រូវក្នុងច្បាប់ចរាចរថ្មី ដែលបានតម្រូវឲ្យអ្នកបើកបរម៉ូតូមានម៉ាស៊ីនតូចជាង១២៥សេសេមិនចាំបាច់មានប័ណ្ណបើកបរនោះទេ។

លោក ចរិយា បាននិយាយថា “អ្នកបើកបរភាគច្រើនមិនមានប័ណ្ណបើកបរទេ”។ លោកបាននិយាយបន្ថែមថា ការមើលស្ពតអប់រំនៅតាមហាងម៉ូតូគឺមិនមែនជំនួសការប្រឡងពិតប្រាកដនោះទេ។

ពិន ទី អាយុ៤៣ឆ្នាំ ជាម្ចាស់ហាងលក់ម៉ូតូហុងដានៅក្រុងបាត់ដំបង បាននិយាយថា លោករីករាយធ្វើតាមសារាចរថ្មីនេះ។

លោក ទី បាននិយាយថា “ខ្ញុំចង់ឲ្យម៉ូយរបស់ខ្ញុំយល់ដឹងអំពីផលប៉ះពាល់ពីការមិនគោរពច្បាប់ចរាចរណ៍”៕ និត (Additional reporting by Ben Paviour)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស