ពីរឆ្នាំបន្ទាប់ពីអគារប៊ូឌីញក្នុងក្រុងភ្នំពេញត្រូវគេចាត់ទុកថាគ្មានសុវត្ថិភាពក្នុងខែសីហា ឆ្នាំ២០១៤ ពលរដ្ឋនិងម្ចាស់អាជីវកម្មតូចៗរាប់រយនាក់ដែលរស់នៅក្នុងអគារមានប្រាក់ចំណូលទាបបានទទួលព័ត៌មានតិចតួចអំពីវាសនារបស់ទីតាំងនោះ។
តាមការសិក្សាមួយដែលចេញនៅថ្ងៃអង្គារដោយក្រុមសិទ្ធិលំនៅដ្ឋានសមាគមធាងត្នោតឲ្យដឹងថា ប៉ុន្តែនៅពេលដែលគម្រោងអភិវឌ្ឍរយៈពេល៤ឆ្នាំមានទឹកប្រាក់៨០លានដុល្លារបានប្រកាសកាលពីខែកញ្ញានេះ រដ្ឋាភិបាលបានបង្ហាញកម្រិតនៃការប្រាស្រ័យទាក់ទងដែលមិនមានពីមុន គឺមានអ្នកដែលនឹងត្រូវបណ្តេញចេញ។
អ្នករស់នៅអគារប៊ូឌីញបានទទួលដំណឹងភ្លាមៗអំពីអគារ៥ជាន់ដែលនឹងប្រើសម្រាប់ធ្វើកន្លែងស្នាក់នៅទំនើបរបស់គេ នឹងក្លាយជាអគារកម្ពស់២១ជាន់វិញ។ ពួកគេបានទទួលដំណឹងពីការស្នាក់នៅបណ្តោះអាសន្នដែលមានទីតាំងនៅខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ការប្រជុំជាសាធារណៈបានធ្វើឡើងរវាងអ្នកភូមិ ក្រសួងរៀបចំដែនដី និងក្រុមហ៊ុនអភិវឌ្ឍជប៉ុន។ នៅដើមខែនេះ មន្ត្រីក្រសួងបានចុះតាមផ្ទះនីមួយៗដោយវាស់វែង រៀបចំឯកសារ និងសន្យាផ្តល់ប្លង់កម្មសិទ្ធិនៅពេលអនាគត។
ការសិក្សារបស់សមាគមធាងត្នោតនិយាយថា ទោះជាយ៉ាងនេះក្តី នៅឯទីតាំងបណ្តេញចេញនានាទូទាំងរាជធានីតាំងពីឆ្នាំ១៩៩០ នេះគឺមិនមែនជាករណីប៉ុណ្ណឹងទេ។
អ្នកវាស់ដីបានចុះទៅទីតាំងក្នុងក្រុងភ្នំពេញចំនួន៧៧កន្លែង ដើម្បីស្ទង់មើលការអភិវឌ្ឍនិងការប្រើនាពេលបច្ចុប្បន្ន ហើយបានប៉ុនប៉ងនិយាយជាមួយសមាជិកសហគមន៍ដែលរងការប៉ះពាល់ម្នាក់នៅកន្លែងនីមួយៗ។ មានមនុស្ស៤៦នាក់បានចូលរួម។ ក្នុងចំណោមនោះ មាន៥៧ភាគរយបាននិយាយថា ពួកគេបានទទួលដំណឹងពីគម្រោងអភិវឌ្ឍទាំងនោះ។
ទោះជាយ៉ាងនេះក្តី របាយការណ៍និយាយថា សូម្បីតែ “នៅពេលដែលអ្នកភូមិត្រូវព្រមានជាមុនអំពីការបណ្តេញចេញ និងការគ្រោងប្រើទីតាំងក៏ដោយ ក៏ទំនងជាមានព័ត៌មានតិចតួចណាស់ ឬគ្មានព័ត៌មានទាល់តែសោះ ដែលគេចែករំលែកជាសាធារណៈឲ្យលើសពីការជូនដំណឹងបែបហ្នឹងនោះទេ”។
របាយការណ៍និយាយថា ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លើយតប គឺមិនបានដឹងថាមានអ្វីសាងសង់នៅលើដីដែលពួកគេបានរស់នៅក្បែរ ឬនៅលើទេ ហើយស្ទើរតែមួយភាគបីក៏មិនបានដឹងថានរណាទទួលខុសត្រូវលើការអភិវឌ្ឍដែរ។
ទោះបីជាមានគម្រោងពិស្តារក៏ដោយ ក៏អ្នកដែលត្រូវគេបណ្តេញចេញត្រូវខកចិត្តដែរ។ អគារស្នាក់នៅ១០កន្លែងថ្មីដែលសន្យាដល់សហគមន៍បូរីកីឡាកាលពី១០ឆ្នាំមុនបានកើតឡើងបានតែ៨កន្លែងប៉ុណ្ណោះ ដោយក្រុមហ៊ុនអភិវឌ្ឍកាលពីខែមិថុនា អះអាងថាក្ស័យធន ហើយអ្នកភូមិរាប់រយនាក់ក៏គ្មានផ្ទះសំបែង។
លោក សៅ កុសល ប្រធានគ្រប់គ្រងកម្មវិធីបច្ចេកទេសសមាគមធាងត្នោតបាននិយាយនៅខាងក្រៅការបញ្ចេញរបាយការណ៍នៅក្រុងភ្នំពេញកាលពីថ្ងៃអង្គារថា តាមការអះអាង “ហេតុផលដែលពួកគេបណ្តេញសហគមន៍នានាឲ្យចេញពីដីរបស់ពួកគេ ឬផ្ទះពួកគេ គឺដោយសារតែការអភិវឌ្ឍ និងដើម្បីបរិស្ថានក្រុងភ្នំពេញ”។
លោកបាននិយាយថា “ប៉ុន្តែតាមការពិតមិនមែនដូច្នេះទេ។ ការពិតគឺខុសគ្នា។ គេប្រើពាក្យថា’អភិវឌ្ឍ’គ្រាន់តែបោកប្រាស់សហគមន៍ប៉ុណ្ណោះ ហើយសហគមន៍ក៏មិនបានទទួលផលប្រយោជន៍ពីគម្រោងអភិវឌ្ឍទេ”។
ការសិក្សានិយាយថា នៅពេលដែលអ្នកត្រូវគេបណ្តេញចេញប៉ុនប៉ងដាក់ពាក្យបណ្តឹង មិនមានភ្នាក់ងាររដ្ឋាភិបាលណាមួយទទួលខុសត្រូវទេ ហើយតុលាការម្តងហើយម្តងទៀតក៏មិនយកចិត្តទុកដាក់ដែរ។ អ្នកដែលត្រូវគេបណ្តេញចេញក៏បានរាយការណ៍អំពីការធ្លាក់ចុះគុណភាពជីវិត ពីការខ្វះទឹកប្រើប្រាស់និងសាលារៀនរហូតដល់បាត់បង់ប្រាក់ចំណូលដោយសារតែការផ្លាស់ប្តូរទីលំនៅថ្មី។
ការសិក្សាបានរកឃើញថា ច្រើនជាងនេះទៀត ការសន្យាដែលគម្រោងផ្តល់ឲ្យថាមានកំណើនតាមរយៈទំនើបភាវូបនីយកម្ម គឺមិនត្រូវបានគេដឹងទេ ដោយមាន៦៥ភាគរយនៃការអភិវឌ្ឍថ្មីនៅមិនទាន់ចប់នៅឡើយ។ គម្រោងខ្លះក៏មិនដែលចាប់ផ្តើមទេ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានជំរុញឲ្យអត់ធ្មត់។
លោកបាននិយាយថា “វិស័យឯកជនបានអភិវឌ្ឍ ផ្អែកលើគម្រោងរបស់គេ។ យើងមិនអាចនិយាយថា អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ យើងត្រូវតែឃើញលទ្ធផលភ្លាមៗបានទេ”។
លោកបាននិយាយបន្ថែមដោយបដិសេធមិនអត្ថាធិប្បាយបន្តទៀតថា “យើងអនុវត្តស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់អភិវឌ្ឍ ហើយសហការជាមួយដៃគូឯកជន”។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ប្រវត្តិលំបាករបស់សាលាក្រុងជាមួយការអភិវឌ្ឍរឹតតែធ្វើឲ្យសហគមន៍នៅអគារប៊ូឌីញមិនជឿលើគម្រោងជួសជុលទេ ទោះបីជាមានការពិភាក្សាជាមួយក្រុមហ៊ុនអភិវឌ្ឍរបស់ខ្លួនគឺ អារ៉ាកាវ៉ា និងក្រសួងរៀបចំដែនដីក៏ដោយ។
តាមតំណាងអ្នកភូមិ មាន៩០ភាគរយនៃគ្រួសារទាំងអស់គ្រោងលក់ផ្ទះរបស់គេជាជាងរង់ចាំផ្ទះថ្មីដែលនឹងសង់រួច។
អ្នកស្រី មាស ស្រីមុំ វ័យ៤៨ឆ្នាំ ដែលកំពុងប្រឈមមុខនឹងការបណ្តេញចេញ ដោយសារតែគម្រោងជួសជុលផ្លូវរថភ្លើងនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោកបាននិយាយថា ការមើលឃើញអាក្រក់បែបនេះពិតជាត្រឹមត្រូវ។ អ្នកស្រីបាននិយាយថា “រដ្ឋាភិបាលអភិវឌ្ឍលើទឹកភ្នែកប្រជាពលរដ្ឋ”៕