33 C
Phnom Penh

មែន្នី ប៉ាកគីអាវ ប្តេជ្ញាមក​​​កម្ពុជា​​​វិញ​​​ដើម្បី​​​បណ្តុះបណ្តាល​​​កីឡាករ​​​ប្រដាល់​​​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយថា បន្ទាប់ពីបានដើរ ឆ្លងកាត់ក្រុមអ្នកយកព័ត៌មាន និងដើរចូលទៅក្នុងបន្ទប់សន្និសីទមួយដែលពោរពេញដោយមន្ត្រី និងកីឡាករប្រដាល់កំពុងដុះ ពន្លក ដែលមានអារម្មណ៍សប្បាយដោយបានជួបបុគ្គលដ៏ល្បីកាលពីម្សិលមិញ ស្តេចប្រដាល់ហ្វីលីពីន មែន្នី ប៉ាកគីអាវ បានសន្យាថា នឹងវិលត្រឡប់មកប្រទេសកម្ពុជាម្តងទៀតដើម្បីជួយបង្វឹកកីឡាករប្រដាល់ជំនាន់ក្រោយ។

នៅថ្ងៃទី២ និងថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចដ៏ឆាប់រហ័សនៅក្នុងរាជធានីភ្នំពេញជាមួយលោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន លោក មែន្នី ប៉ាកគីអាវ បានជួបមន្ត្រីមួយចំនួន រួមមានដូចជាលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាករប្រដាល់ប្រហែល២០នាក់នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ផូគីថរ៉ានៅម៉ោងប្រហែល៩ព្រឹក។

កីឡាករប្រដាល់ គ្រូបង្វឹក និងមន្ត្រីសហព័ន្ធកីឡាកម្ពុជាថតរូបរួមគ្នាជាមួយស្ដេចប្រដាល់ហ្វីលីពីន មែន្នី ប៉ាកគីអាវ កាលពីម្សិលមិញ នៅក្នុងរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
កីឡាករប្រដាល់ គ្រូបង្វឹក និងមន្ត្រីសហព័ន្ធកីឡាកម្ពុជាថតរូបរួមគ្នាជាមួយស្ដេចប្រដាល់ហ្វីលីពីន មែន្នី ប៉ាកគីអាវ កាលពីម្សិលមិញ នៅក្នុងរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អំឡុងជំនួបដែលមានរយៈពេលប្រហែល១៥នាទី លោក ថោង ខុន ដែលក៏ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរនោះបានលើកឡើងថា ស្តេចប្រដាល់ទម្ងន់មធ្យមរូបនេះសន្យាថា នឹងវិលត្រឡប់មកវិញឆាប់បំផុតនៅដើមខែក្រោយ។

លោកបានមានប្រសាសន៍ថា “ពលរដ្ឋខ្មែរក៏ដូចជាអត្តពលិកកម្ពុជា ជាពិសេសកីឡាករប្រដាល់ មានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានជួបគាត់នៅកម្ពុជា។គាត់គឺជាអ្នកប្រដាល់ដ៏ល្បីឈ្មោះខ្លាំងណាស់ មិនមែនសម្រាប់តែកម្ពុជា និងអាស៊ីទេ ប៉ុន្តែ ពិភពលោកទាំងមូល”។

លោកបានមានប្រសាសន៍បន្តថា “យើងបានអញ្ជើញគាត់ឲ្យមកទស្សនកិច្ចកម្ពុជាម្តងទៀត ហើយគាត់បានទទួលយកការអញ្ជើញនេះ។ ខ្ញុំគិតថា ទស្សនកិច្ចលើកក្រោយរបស់គាត់អាចនៅខែក្រោយ”។ លោកបានបន្ថែមថា ស្តេចប្រដាល់ មែន្នី ប៉ាកគីអាវ ក៏បានសន្យាមកចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមឆ្នាំ២០២៣ដែរ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។

អេ ភូថង កីឡាករប្រដាល់ម្នាក់ក្នុងចំណោមកីឡាករប្រដាល់សេរីដ៏ខ្លាំងគ្រប់សម័យកាលគឺស្ថិតក្នុងចំណោមអ្នកដែលអង្គុយនៅក្នុងជំនួបដ៏ខ្លីជាមួយលោក មែន្នី ប៉ាកគីអាវ ។លោក អេ ភូថង បានសម្រាកពីការថតរូបសែលហ្វី ជាមួយអ្នកយកព័ត៌មាន និងអ្នកគាំទ្រ ដើម្បីនិយាយអំពីការស្រឡាញ់ពេញចិត្តរបស់លោកចំពោះ មែន្នី បា៉ាកគីអាវ ។

លោកបាននិយាយថា “នេះជាលើកទី១ហើយសម្រាប់ខ្ញុំដែលបានជួបស្តេចប្រដាល់ពិភពលោក ហេតុដូច្នេះខ្ញុំ និងអត្តពលិកផ្សេងទៀតមានអារម្មណ៍សប្បាយណាស់ដែលបានជួបគាត់”។

លោកបានបន្ថែមថា “នៅអាស៊ីគាត់ខា្លំងជាងគេបំផុត ហើយដំណើរទស្សនកិច្ចរបស់គាត់ធ្វើឲ្យក្មេងៗជំនាន់ក្រោយរបស់យើងមានឱកាសបានជួបវីរបុរស និង Idol របស់ពួកគេ ហើយពួកគេកាន់តែមានឆន្ទៈក្នុងការហ្វឹកហាត់ឲ្យដូច ប៉ាកគីអាវ ព្រោះពួកគេចង់មានមោទនភាពដូចគាត់ដែរ”។

កីឡាករប្រដាល់ គ្រូបង្វឹក និងមន្ត្រីសហព័ន្ធកីឡាកម្ពុជាថតរូបរួមគ្នាជាមួយស្ដេចប្រដាល់ហ្វីលីពីន មែន្នី ប៉ាកគីអាវ កាលពីម្សិលមិញ នៅក្នុងរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
កីឡាករប្រដាល់ គ្រូបង្វឹក និងមន្ត្រីសហព័ន្ធកីឡាកម្ពុជាថតរូបរួមគ្នាជាមួយស្ដេចប្រដាល់ហ្វីលីពីន មែន្នី ប៉ាកគីអាវ កាលពីម្សិលមិញ នៅក្នុងរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ជាកីឡាករប្រដាល់ម្នាក់ក្នុងចំណោមកីឡាករប្រដាល់ដ៏ខ្លាំងបំផុតដែលអាចវាយបានគ្រប់ប្រភេទទម្ងន់ខុសៗគ្នានោះ លោក មែន្នី ប៉ាកគីអាវ ដែលក៏ជាសមាជិកព្រឹទ្ធសភានៅហ្វីលីពីនដែរនោះ បានទទួលរងការ   ថ្កោលយ៉ាងខ្លាំងកាលពីខែកុម្ភៈ បន្ទាប់ពីលោកបាន ចាត់ទុកអ្នកស្រឡាញ់ភេទដូចគ្នាថា “អាក្រក់ជាងសត្វធាតុទៅទៀត” ជាហេតុនាំឲ្យក្រុមហ៊ុនផលិតសម្ភារកីឡា Nike បញ្ចប់កិច្ចសន្យាឧបត្ថម្ភដែលមានទំហំទឹកប្រាក់យ៉ាងច្រើន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះស្តេចប្រដាល់រូបនេះហើយកាលពីខែឧសភាឆ្នាំមុន បានរិះគន់សេចក្តីសម្រេចនៅក្នុងការដាក់ពិន្ទុលើអ្វីដែលត្រូវបានចាត់ទុកថា ជា”ការប្រកួតប្រដាល់ប្រចាំសតវត្សរ៍” រវាង កីឡាករ មែនី្ន ប៉ាកគីអាវ និងកីឡាករប្រដាល់អាមេរិកផ្លយ មេវើឌ័រ ដោយឲ្យ មេវើឌ័រ ជាអ្នកឈ្នះ។ លោក ហ៊ុន សែនបានលើកឡើងថា លោកបានភ្នាល់៥.០០០ដុល្លារជាមួួសហសេវិករបស់ លោក ប៉ុន្តែ ថា លោកមិនឲ្យលុយនេះឡើយដើម្បីជាការតវ៉ានឹងសេចក្តីសម្រេចនេះ។

អ្នកប្រដាល់ក្បាច់គុនចម្រុះ ស៊ឹម ប៊ុនស្រ៊ុន បាននិយាយអំពីក្តីរំភើបរបស់លោកចំពោះការដែលស្តេចប្រដាល់អាស៊ីរូបនេះនឹងវិលត្រឡប់មកកម្ពុជាវិញម្តងទៀតដើម្បីចែករំលែកជំនាញរបស់គាត់។

លោកបាននិយាយថា “ខ្ញុំតែងតែមើលគាត់វៃ៉ ហើយខ្ញុំក៏បានរៀនសូត្រពីគាត់ដែរពាក់ព័ន្ធតិចនិក និងសីលធម៌របស់គាត់។លោកបានបន្ថែមថា “គាត់ជាស្តេចប្រដាល់ពិភពលោក ហើយគាត់បានមកទស្សនកិច្ចនៅកម្ពុជា ហេតុដូច្នេះឆាកអន្តរជាតិនឹងចាប់អារម្មណ៍កាន់តែខ្លាំងមកលើកម្ពុជា។ ហើយពិភពលោកនឹងកាន់តែស្គាល់កម្ពុជាតាមរយៈដំណើរទស្សនកិច្ចរបស់គាត់”៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស