38 C
Phnom Penh

ក្រសួង​៖ គ្មាន​​​ការ​​​ស៊ើបករណី​គំរាម​លោក​ កឹម សុខា បើគ្មាន​ពាក្យ​បណ្តឹង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងនឹងមិនបើកការសើុបអង្កេតលើករណីគំរាមដ៏ហិង្សាលើលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ដែលធ្វើឡើងយ៉ាងច្បាស់ក្រឡែតដោយសកម្មជនជាយុវជនមានទំនាក់ទនងជាមួយគណបក្សកាន់អំណាចនោះឡើយ លុះត្រាតែមានការដាក់ពាក្យបណ្តឹង។

ការសម្រេចេនះផ្ទុយគ្នាស្រឡះពីការឆ្លើយតបដ៏ឆាប់រហ័សរបស់ក្រសួងកាលពីឆ្នាំមុនចំពោះការគំរាមស្រដៀងគ្នានេះលើអ្នកសិក្សាស្រាវជ្រាវម្នាក់ដែលធ្វើការងារឲ្យរដ្ឋាភិបាលដោយឈានទៅដល់មានការចាប់ខ្លួន និងកាត់ទោសអ្នកគំរាមឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ។

សារគំរាមនោះបានលេចឡើងកាលពីសប្តាហ៍មុននៅលើទំព័រហ្វេសប៊ុករបស់ ធី សុវណ្ណថា និង ស្រី ចំរើន ដែលតាមរំខានលោក កឹម សុខា រាប់ខែមកហើយជុំវិញការអះអាងដែលថា លោកមានស្រីកំណាន់ដោយបង្ហាញពីសកម្មភាពកញ្ញា ធី សុវណ្ណថា បាញ់កាំភ្លើង និងនិយាយថា គ្រាប់កាំភ្លើងទាំងនេះទុកសម្រាប់លោក កឹម សុខា ។

ដោយសំដៅដល់គ្រាប់កាំភ្លើងទាំងនោះ សារមួយក្នុងចំណោមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា អមដោយរូបភាពស្តីពីកាំភ្លើងមួយចំនួននិងសកម្មភាពនាងកំពុងបាញ់កាំភ្លើងនោះមានខ្លឹមសារថា “មានតែពីរបីទេ។ កឹម សុខា សូមប្រយ័ត្ន”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា អាជ្ញាធរមិនដឹងថា តើសារគំរាមនេះពិតជាបង្ហោះលើទំព័រហ្វេសប៊ុកដោយសកម្មជនទាំងពីរនេះមែន ឬមិនមែននោះឡើយ ហើយមិនព្យាយាមសើុប អង្កេតនោះឡើយ លុះត្រាតែភាគីពាក់ព័ន្ធដាក់ពាក្យបណ្តឹង។

រូបថតកញ្ញា ធី សុវណ្ណថា បាញ់និងភ្ជង់កាំភ្លើងដែលត្រូវបាន ស្រី ចំរើន សកម្មជនគណបក្សប្រជាជនកម្ពុជាដូចគ្នាបង្ហោះលើទំព័រនៃបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ Facebook
រូបថតកញ្ញា ធី សុវណ្ណថា បាញ់និងភ្ជង់កាំភ្លើងដែលត្រូវបាន ស្រី ចំរើន សកម្មជនគណបក្សប្រជាជនកម្ពុជាដូចគ្នាបង្ហោះលើទំព័រនៃបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ Facebook

លោកបានមានប្រសាសន៍ថា “មែនហើយ ជម្លោះនេះ ថា តើវាជាកញ្ញា ធី សុវណ្ណថា មែន ឬមិនមែននោះ ខ្ញុំមិនដឹងទេ”។ លោកបានគូសបញ្ជាក់ថា វាអាចទៅរួចដែលថា ទំព័រហ្វេសប៊ុកនេះត្រូវបានគេហ៊ែគ ឬក៏បង្កើតឡើងដោយអ្នកផ្សេង។

ឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថា “តើឲ្យយើងសើុបអង្កេតយ៉ាងម៉េច? យើងមិនទទួលបានពាក្យបណ្តឹងពីភាគីពាក់ព័ន្ធនោះឡើយ នេះគឺជា ភាគីចំនួនពីរ”។ លោកបានបញ្ជាក់ថា លោកសំដៅដល់សកម្មជននិងគណបក្សប្រជាជនកំពុងកាន់អំណាចម្យ៉ាង ឬម្យ៉ាងទៀតគឺសំដៅដល់លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ។

រដ្ឋាភិបាលមិនត្រូវការពាក្យបណ្តឹងទេនៅក្នុងការបើកការសើុបអង្កេតផ្សេងៗទៀតដូចជាការស៊ើបអង្កេតករណីស្នេហាលួចលាក់របស់លោក កឹម សុខា ជាដើមដែលគ្រាន់តែបង្កឡើងដោយខ្សែអាត់សំឡេងបង្ហោះអនាមិកក្នុងទំព័រហ្វេសប៊ុកនោះ។

លោក សុខ ទូច ដែលជាគោលដៅនៃការគំរាមសម្លាប់តាមហ្វេសប៊ុកកាលពីខែកញ្ញាឆ្នាំមុននោះ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនបានដាក់ពាក្យបណ្តឹងទៅនគរបាលទេ ប៉ុន្តែទោះយ៉ាងណា ពួកគេបានចាប់ខ្លួនពលករចំណាកស្រុកម្នាក់អាយុ២៧ឆ្នាំពីបទគំរាមសម្លាប់លោក។

លោកបានថ្លែងថា នគរបាលគួរស៊ើបអង្កេតភ្លាមពីការគំរាមលោក កឹម សុខា។ “បើ ធី សុវណ្ណថា បានធ្វើរឿងនេះមែន ខ្ញុំគិតថា សង្គមរបស់យើងត្រូវអនុវត្តតាមច្បាប់”។

ស្រី ចំរើន និង ធី សុវណ្ណថា មិនអាចទាក់ទងបានទេ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា សកម្មជនទាំងនេះមិនបានចូលរួមជាផ្លូវការជាមួយបក្សទេ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សមិនមានផែនការស្នើឱ្យស៊ើបអង្កេតពីការគំរាមនេះទេ។

លោកបាននិយាយពីការគំរាមតាមហ្វេសប៊ុកថា “យើងមិនចាប់អារម្មណ៍ទេ ពីព្រោះវាមិនមានប្រយោជន៍ដល់ប្រទេសជាតិឡើយ។យើងធ្វើរឿងណាដែលមានប្រយោជន៍ដល់ប្រទេសជាតិ ដល់កូនចៅជំនាន់ក្រោយរបស់ យើង។ សូមឈប់គិតពីរឿងឥតប្រយោជន៍ទៀតទៅ”។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា ការគំរាមសម្លាប់ ច្បាស់ក្រឡែតលើអ្នកនយោបាយប្រឆាំងដ៏លេចធ្លោក្នុងប្រទេសកម្ពុជារូបនេះ គឺជាបញ្ហាជាតិសុទ្ធសាធ ប៉ុន្តែថា គណបក្សសង្គ្រោះជាតិទុករឿងនេះឱ្យអាជ្ញាធរជាអ្នកស៊ើបអង្កេត។

លោកបានថ្លែងថា “វាជាបញ្ហារបស់ជាតិ បើការគំរាមនេះពិត។ វាគួរស៊ើបអង្កេត។ បើក្រសួងដឹងពីករណីនេះ ពួកគេចាំបាច់ត្រូវសើុបអង្កេត។ នោះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល”៕ ស៊ុយឈាង និង សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស