33 C
Phnom Penh

​​​ផែន​​​​​​ការ​​​​​​​​​បង្ក្រាប​​​​​​​​​​​ការ​​​​​​ប្រើ​​​ប្រាស់ ​និង​​​​​​​​​ជួញ​​​​​​ដូរ​​​គ្រឿង​​​ញៀន​​​​​​​​​​​​​​​កៀរ​​​​គរ​​​​​​​​​​​​ការ​​​​​​​​​​​​​​​សហ​​​ការ​​​​​​​ពី​​​ស្ថាប័ន​​​​​​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមសេចក្ដីថ្លែងការណ៍មួយចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានឲ្យដឹងថា ចំនួនអ្នកញៀនថ្នាំដែលត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា បានកើនឡើងជិត៣០ភាគរយនៅឆ្នាំនេះបើធៀបទៅនឹងឆ្នាំមុន ជាហេតុជំរុញឱ្យមានផែនការបង្ក្រាបទៅលើជនរជួញដូរគ្រឿងញៀន និងបង្កើនការស្ដារនីតិសម្បទាអ្នកប្រើប្រាស់គ្រឿងញៀន។

ដំណឹងនេះកើតមានឡើងស្របពេលលោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន ដែលស្អុយឈ្មោះផង និងទទួលបានការកោតសរសើរផងសម្រាប់សង្គ្រាមបង្ហូរឈាមរបស់លោកប្រឆាំងគ្រឿងញៀន កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា។ លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការសម្លាប់នោះមិនមែនជាផ្នែកមួយនៃដំណោះស្រាយនៅកម្ពុជា ឡើយ។

សេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីលើកឡើងថា រហូតមកទល់ពេលនេះក្នុងឆ្នាំនេះ នគរបាលបានចាត់វិធានការលើការចែកចាយ និងជួញដូរគ្រឿងញៀនចំនួន៤.១៩១ករណី ហើយចាប់ខ្លួនជនសង្ស័យបាន៩.៨០២នាក់ជាមួយនឹងគ្រឿងញៀនសរុបជាង១៧៥គីឡូក្រាម។ នៅទូទាំងប្រទេស អ្នកញៀនថ្នាំសរុបចំនួន១៨.៥៥៤នាក់ត្រូវបានកំណត់អត្តសញ្ញាណរហូតមកទល់នឹងឆ្នាំមុន ពោលគឺកើនឡើង៤.២៤២នាក់ពីឆ្នាំទៅមួយ។ (លោក ឌូទើតេ មានប្រសាសន៍ថា ប្រទេសរបស់លោកមានអ្នកញៀនថ្នាំប្រមាណ៤.០០០.០០០នាក់)។

សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនកុំឱ្យវារាលដាលទៅដល់ខេត្តនានា មន្ត្រីចាប់ពីថ្នាក់ភូមិរហូតដល់ថ្នាក់ក្រសួងនៅរាជធានីភ្នំពេញ នឹងចាប់ផ្ដើមការបង្ក្រាបរយៈពេល៦ខែដោយគិតចាប់ពីថ្ងៃទី១ ខែមករា តទៅ។

វាមានខ្លឹមសារដូច្នេះថា “ប្រទេសកម្ពុជា រក្សាបានកិត្តិយសល្អក្នុងនាមជាប្រទេសមួយដែលមិនផលិតគ្រឿងញៀន និងមិនមែនជាប្រភពនៃគ្រឿងញៀន។ ប៉ុន្តែវានៅតែមានសកម្មភាពលួចលាក់របស់ជនដែលនាំចូលគ្រឿងញៀនពីក្រៅប្រទេសឆ្លងកាត់ច្រកឆែកឆេរឆ្ពោះមកភាគឦសាន និងនៅលើយន្តហោះ។ កត្តានេះបានធ្វើឱ្យកើនឡើងការប្រើប្រាស់គ្រឿងញៀន និងការព្រួយបារម្ភខ្លាចវារាលដាលពីរាជធានី ទៅដល់តំបន់ជនបទ”។

សេចក្ដីថ្លែងការណ៍ដដែលគូសបញ្ជាក់ថា ផែនការនេះនឹងមានការចូលរួមពាក់ព័ន្ធពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីមូលដ្ឋាន នគរបាលព្រំដែន រួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងទេសចរណ៍។

លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិមានប្រសាសន៍ថា ”កន្លងមកយើងបានធ្វើរឿងនេះហើយ ប៉ុន្តែយើងមិនទាន់ធ្វើវារួមគ្នាទេ។ ប៉ុន្តែពេលនេះបញ្ហាគ្រឿងញៀនស្មុគស្មាញណាស់ ហើយយើងមើលឃើញអ្នកប្រើប្រាស់គ្រឿងញៀនកាន់តែច្រើនឡើង”។

សេចក្ដីថ្លែងការណ៍ខាងលើលើកឡើងថា សារប្រឆាំងគ្រឿងញៀននឹងត្រូវផ្ញើចេញពីក្រសួងពាក់ព័ន្ធនីមួយៗ។ មន្ត្រីមូលដ្ឋានទទួលភារកិច្ចកំណត់អត្តសញ្ញាណអ្នករស់នៅក្នុងសហគមន៍ដែលពីមុនធ្លាប់ញៀនថ្នាំ ជំរុញលើកទឹកចិត្តពួកគេឱ្យបន្សាបគ្រឿងញៀន និងស្នើឱ្យម្ចាស់ផ្ទះ “យកចិត្តទុកដាក់ព្រមទាំងចុះកិច្ចសន្យាសហការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅទីតាំងរបស់ខ្លួនផងដែរ”។

ការបណ្ដុះបណ្ដាលបន្ថែមនឹងត្រូវផ្ដល់ជូនដោយមន្ត្រីទទួលបន្ទុកបន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទា។ មន្ត្រីព្រំដែននឹងកែលម្អការទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ រួមទាំងប្រទេសឡាវ ដែលថ្នាំញៀនមេតំហ្វេតាមីនភាគច្រើនចេញពីប្រទេសនេះចូលមកកម្ពុជាផង ឱ្យកំណត់អត្តសញ្ញាណ និងបញ្ឈប់អ្នកដែលអាចក្លាយជាជនជួញដូរគ្រឿងញៀន។

លោក មែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង ដែលជាប់ព្រំប្រទល់ជាមួយប្រទេសឡាវ បានកោតសរសើរផែនការថ្មីនេះ ប៉ុន្តែគូសបញ្ជាក់ថា វាមិនមែនថាគ្មានបញ្ហាប្រឈមទេ។

អ្នកនាំពាក្យដដែលបានបន្តថា “យើងមិនទាន់ដឹងថា តើវាមានប្រសិទ្ធភាពឬក៏អត់ទេ។ យើងកំពុងរង់ចាំឱ្យថ្នាក់ជាតិចាប់ផ្ដើមផែនការនេះ និងផ្ដល់ដំបូន្មានមួយចំនួន។ កន្លងមកយើងបានប្រឈមរឿងស្មុគស្មាញជាច្រើន” ហើយភូមិសាស្ត្រព្រំដែន “ស្មុគស្មាញ” ធ្វើឱ្យការការពារវាជួបការលំបាក។

លោក ដេវីដ ហាឌីន (David Harding) អ្នកប្រឹក្សាយោបល់ឯករាជ្យដែលបានធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលនានាទាក់ទិនការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងកម្មវិធីបន្សាបគ្រឿងញៀនក្នុងប្រទេសកម្ពុជា មានប្រសាសន៍ថា ភាពជោគជ័យនៃផែនការថ្មីនេះនឹងអាស្រ័យលើប្រសិទ្ធភាពនៃការបន្សាបគ្រឿងញៀន និងការស្ដារនីតិសម្បទាអ្នកប្រើប្រាស់គ្រឿងញៀន។

លោកមានប្រសាសន៍ទៀតថា “បញ្ហាគឺថា ចំនួនទឹកប្រាក់ដែលត្រូវចំណាយលើបញ្ហាទាំងនេះគឺធំធេងណាស់ ហើយសន្តិសុខព្រំដែនរបស់កម្ពុជា អន់ខ្លាំងណាស់ ហើយមួយទៀតសោត ប្រទេសកម្ពុជា ស្ថិតនៅចំពីក្រោមតំបន់ត្រីកោណមាស។ ពួកគេគួរតែផ្ដោតលើការកាត់បន្ថយតម្រូវការ ពីព្រោះកម្ពុជា គ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីបញ្ឈប់ការជួញដូរនោះទេ”។

ទោះជាយ៉ាងណា ដើម្បីដោះស្រាយបញ្ហាតម្រូវការ រដ្ឋាភិបាលនឹងត្រូវចំណាយថវិកាយ៉ាងច្រើនទៅលើការកែលម្អកម្មវិធីស្ដារនីតិសម្បទាគ្រឿងញៀនរបស់ខ្លួន ដែលខ្វះអ្នកជំនាញមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីដោះស្រាយតម្រូវការរបស់អ្នកញៀនថ្នាំក្នុងផ្លូវ “មេត្តា”។ ទីបំផុត អ្នកដែលធ្លាប់ញៀនថ្នាំនឹងត្រូវការជំនួយដើម្បីបញ្ចូលខ្លួនទៅក្នុងសង្គមឱ្យបានពេញលេញ ជាអ្វីដែលប្រព័ន្ធបច្ចុប្បន្នខ្វះខាតនៅឡើយ។

លោក ដេវីដ ហាឌីង ថ្លែងថា “វាជារឿងល្អណាស់ក្នុងការធ្វើការជាមួយអ្នកដែលដកខ្លួនចេញពីគ្រឿងញៀន ប៉ុន្តែនោះគ្រាន់តែជាផ្នែកដ៏តូចមួយនៃបញ្ហាប៉ុណ្ណោះ។ បើអ្នកទទួលតែមនុស្សស្អាតស្អំ វានឹងមិនទទួលបានជោគជ័យនោះទេ”៕ សុខុម (រាយការណ៍បន្ថែមដោយ Janelle Retka)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស