27.5 C
Phnom Penh

នគរ​បាល​៖ ការ​គំរាម​ទារ​ប្រាក់​ឈាន​ដល់​ការ​បែក​​​ធ្លាយ​វីដេអូឃ្លីប​ពាក់​ព័ន្ធ​ទារុណកម្ម​​​លើ​​​កុមារ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាននិយាយកាលពីម្សិលមិញថា វីដេអូឃ្លីបបង្ហាញពីកុមារកម្ពុជាម្នាក់ដែលត្រូវបុរសជនជាតិវៀតណាមធ្វើទារុណកម្មនោះត្រូវបានធ្វើឱ្យលេចធ្លាយតាមប្រព័ន្ធអុីនធឺណិតដោយបងប្អូនជីដូនមួយរបស់ជនសង្ស័យរូបនេះ បន្ទាប់ពីបុរសរូបនេះនិងមិត្តប្រុសរបស់ខ្លួនជនជាតិហូឡង់មិនព្រមផ្ដល់ប្រាក់សំណូកដល់នាងដើម្បីបិទបាំងវីដេអូដ៏គួរឱ្យរន្ធត់នេះ។

មានការផ្ទុះកំហឹងពេញបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីវីដេអូឃ្លីបជាច្រើនបង្ហាញពីកុមារកម្ពុជាអាយុ២ឆ្នាំម្នាក់ដែលរងការធ្វើទារុណកម្មនោះ ត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុក។ ភ្លាមៗនោះ នគរបាលបានកំណត់អត្តសញ្ញាណបុរសអាយុ៣៤ឆ្នាំម្នាក់ឈ្មោះ ង្វៀន ថាញ់ឌុង ថាជាអ្នករំលោភបំពាន ហើយបានតាមដានបុរសរូបនេះនៅក្នុងទីក្រុងហូជីមិញបន្ទាប់ពីជននេះបានរត់គេចខ្លួនពីកម្ពុជា។

លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ដែលបានធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីជួយដល់ការស៊ើបអង្កេតបានមានប្រសាសន៍ថា វីដេអូឃ្លីបជាច្រើនត្រូវបានធ្វើឱ្យបែកធ្លាយដោយស្ត្រីម្នាក់ត្រូវជាបងប្អូនជីដូនមួយរបស់ ង្វៀន ថាញ់ឌុង បន្ទាប់ពីនាងបានព្យាយាមគំរាមទារប្រាក់ពីបុរសរូបនេះ និងមិត្តប្រុសរបស់គេឈ្មោះ Stefan Struik អាយុ៥៣ឆ្នាំមិនបានជោគជ័យ។ បុរសជនជាតិហូឡង់រូបនេះត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន ហើយត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រពីបទបិទបាំងភ័ស្តុតាង និងមិនព្រមរាយការណ៍ពីការរំលោភបំពាននេះ។

cam-photo-child-tortureយោងតាមលោក សូ សុវណ្ណ បានឱ្យដឹងថា ស្ត្រីជាបងប្អូនជីដូនមួយរូបេនះទទួលបានវីដេអូឃ្លីបជាច្រើនបន្ទាប់ពី ង្វៀន ថាញ់ឌុង បានឱ្យនាងយកទូរស័ព្ទរបស់គេទៅបញ្ចាំនៅក្នុងប្រទេសវៀតណាម។ បន្ទាប់ពីបានឃើញវីដេអូឃ្លីបទាំងនេះ នាងបានបញ្ជូនវីដេអូទាំងនេះចូលក្នុងទូរស័ព្ទដៃរបស់នាង ហើយបានព្យាយាមគំរាមទារប្រាក់ពី ង្វៀន ថាញ់ឌុង និង Struik ចំនួន១០លានដុងរូបិយប័ណ្ណវៀតណាម (ប្រហែល៤៤០ដុល្លារ)។

លោកបានមានប្រសាសន៍ថា បន្ទាប់ពីគូស្នេហ៍ទាំងពីរនាក់នេះមិនព្រមផ្ដល់ប្រាក់ដល់នាង ស្ត្រីរូបនេះបានបង្ហោះវីដេអូទាំងនេះតាមប្រព័ន្ធអុីនធឺណិតតែម្តង។ លោកបានថ្លែងថា ”បុរសជនជាតិវៀតណាមរូបនេះបាននិយាយថា ខ្លួនមិនមានប្រាក់ឱ្យទេ។គ្មាននរណាម្នាក់ដឹងទេ បើនាងមិនបានបង្ហោះវីដេអូឃ្លីបទាំងនេះនោះ”។

នៅក្នុងសារជាអក្សរអមជាមួយវីដេឃ្លីប ស្ត្រីជាបងប្អូនជីដូនមួយរូបនេះនិយាយថា នាងបានបង្ហោះវីដេអូទាំងនេះជាសាធារណៈដោយសង្ឃឹមថា ជនល្មើសរូបនេះនឹងត្រូវនាំយកមកផ្ដន្ទាទោស។ នគរបាលរកឃើញវីដេអូឃ្លីបសរុបចំនួន៤៩  ដែលបង្ហាញពីការធ្វើទារុណកម្មលើក្មេងប្រុសដដែលនេះនៅក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យ។

លោក សូ សុវណ្ណ បានមានប្រសាសន៍ថា លោកមិនច្បាស់ថាតើនគរបាលវៀតណាមបានព្យាយាមស្វែងរកស្ត្រីជាបងប្អូនជីដូនមួយរូបនេះឬយ៉ាងណានោះឡើយ ប៉ុន្តែលោកជឿថា ពួកគេនឹងតាមរកនាង។

លោក សូ សុវណ្ណ បានមានប្រសាសន៍ថា នៅពេលសាកសួរ ង្វៀន ថាញ់ឌុង ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅទីក្រុងហូជីមិញសារភាពថា រូបគេពិតជាបានរំលោភបំពានលើកុមាររូបនេះកាលពីខែសីហា ហើយបានថតវីដេអូដោយខ្លួនឯង។ គេនៅមិនទាន់ច្បាស់នៅឡើយកាលពីម្សិលមិញថាតើប្រទេសវៀតណាមនឹងធ្វើបត្យាប័នជនសង្ស័យរូបនេះមកប្រទេសកម្ពុជាដើម្បីប្រឈមការផ្ដន្ទាទោសឬយ៉ាងណានោះឡើយ។

លោកបានមានប្រសាសន៍ថា “ប្រហែជាគេមិនបញ្ជូនជននេះមកឱ្យយើងទេ។ លោកបានបន្ថែមថា បុរសដែលជាអ្នកធ្វើទារុណកម្មរូបនេះនឹងប្រឈមការជាប់ពន្ធនាគារអតិបរមាតែ៣ឆ្នាំប៉ុណ្ណោះនៅក្នុងប្រទេសកំណើតរបស់ខ្លួន។

លោក សាន សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា ប្រសិនបើបុរសរូបនេះត្រូវបានបញ្ជូនមកឱ្យប្រទេសកម្ពុជា ជននេះនឹងប្រឈមទោសជាប់ពន្ធនាគារពី១០ឆ្នាំដល់២០ឆ្នាំ ពីបទធ្វើទារុណកម្មមានស្ថានទម្ងន់ទោស និងប្រព្រឹត្តសកម្មភាពសាហាវឃោរឃៅ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ទំនងជាអាជ្ញាធរវៀតណាមនឹងមិនបញ្ជូនជនសង្ស័យរូបនេះមកឱ្យក្រុមមន្ត្រីកម្ពុជាឡើយ បើទោះជាមានសន្ធិសញ្ញាបត្យាប័នរវាងប្រទេសទាំងពីរក៏ដោយ។ លោកបានមានប្រសាសន៍ថា “ករណី នេះមិនមានការធ្វើបត្យាប័នទេ ពីព្រោះបុរស រូបនេះគឺជាជនជាតិវៀតណាម ហើយពួកគេបានចាប់ខ្លួនជននេះក្នុងប្រទេសវៀតណាម។

ជាទូទៅ តាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាបត្យាប័ន ពួកគេមិនធ្វើបត្យាប័នជនជាតិរបស់ខ្លួនឡើយ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស