26 C
Phnom Penh

លោក ឌូតឺតេ​​​ ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ និង​​​ទទួលបាន​​​​​​ស្វាគមន៍​​​ក្នុង​​​រាជធានី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយរូបបាននិយាយថា ក្រោយពីជួបជាមួយហ្វូងមនុស្សស្រឡាញ់ចូលចិត្តជាជនជាតិហ្វីលីពីនដែលរស់នៅក្រុងភ្នំពេញកាលពីថ្ងៃអង្គារ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីនត្រូវធ្វើការកាលពីថ្ងៃពុធ ដោយជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបួន បង្កើនពាណិជ្ជកម្ម និងផ្តល់អាហារូបករណ៍ដល់កម្ពុជា។

លោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកកាសែតក្រោយពីការប្រជុំថា លោក ឌូតឺតេ និងលោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហការកាន់តែល្អក្នុងការងារ កីឡា និងទេសចរណ៍ និងក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

លោក សុផល្លែត បាននិយាយថា ប្រធានាធិបតីហ្វីលីពីនក៏បានមានប្រសាសន៍ថា លោកនឹងផ្តល់អាហារូបករណ៍នៅឆ្នាំក្រោយដល់និស្សិតសាកលវិទ្យាល័យ៦៦នាក់ ដើម្បីសិក្សានៅប្រទេសហ្វីលីពីន ក្នុងកិច្ចប្រឹងប្រែងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។

CAMBODIA-PHILIPPINE/ទីប្រឹក្សារូបនេះបាននិយាយថា លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកសង្ឃឹមថា ចំនួនទេសចរហ្វីលីពីនដែលមកលេងកម្ពុជា ពោលគឺមាន៩០.០០០នាក់បានធ្វើដំណើរមកលេងនៅឆ្នាំនេះ គឺនឹងកើនឡើង បន្ទាប់ពីបន្ថែមការហោះហើរផ្ទាល់រវាងកម្ពុជា និងហ្វីលីពីន។

លោក សុផល្លែត បាននិយាយថា ក្នុងវិស័យកសិកម្ម លោក ហ៊ុន សែន បានមានប្រសាសន៍ថា ទីផ្សារស្រូវអង្ករកម្ពុជាបានបើកពេញទំហឹងសម្រាប់វិនិយោគិនហ្វីលីពីន ដែលលោកបានស្វាគមន៍ឲ្យផលិត កិនស្រូវ និងទិញអង្ករកម្ពុជា។

លោកបាននិយាយថា “ធ្វើបែបនេះ យើងនឹងកាត់បន្ថយតម្លៃនាំចេញអង្ករទៅប្រទេសហ្វីលីពីន”។

លោក សុផល្លែត បាននិយាយថា លោក ឌូតឺតេ បានជំរុញកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរ សហការគ្នាលើសន្តិសុខ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន”។ លោកបាននិយាយថា លោក ហ៊ុន សែន ក៏បានយល់ព្រមពង្រឹងកិច្ចសហការបែបហ្នឹងដែរ។

នៅឯការជួបជុំកាលពីល្ងាចថ្ងៃអង្គារ លោក ឌូតឺតេ បានលើកទឹកចិត្តឲ្យជនជាតិហ្វីលីពីនរស់នៅកម្ពុជា ឲ្យគាំទ្រសង្គ្រាមប្រឆាំងគ្រឿងញៀននៅក្នុងប្រទេស ដោយការពារបំណងរបស់លោក ដើម្បីសម្លាប់អ្នកដែលនៅពីក្រោយការរីកសាយភាយនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសលោក ហើយក៏បាននិយាយថា ការស្តារនីតិសម្បទាគឺជាផ្នែកចាំបាច់នៃដំណោះស្រាយ។

អ្្នកចូលរួម ដែលតំណាងសហគមន៍ហ្វីលីពីននៅកម្ពុជាដែលគាំទ្រយ៉ាងច្រើនលើលោក ឌូតឺតេនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅដើមឆ្នាំនេះ គឺទំនងជាទទួលយកការអំពាវនាវរបស់លោក។

លោក ជេស៊ីស អាគីឡា វ័យ៦០ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋានហ្វីលីពីន ភីណយ រ៉េស្តូ នៅតាមមហាវិថីនរោត្តមបាននិយាយថា “លោកបាននិយាយថា សហគមន៍ហ្វីលីពីនត្រូវគាំទ្រសង្គ្រាមប្រឆាំងគ្រឿងញៀន និងអំពើពុករលួយ”។ លោកបាននិយាយបន្ថែមថា លោកជឿថា ការបោះឆ្នោតឲ្យលោក ឌូតឺតេ មានសារៈប្រយោជន៍ណាស់។

លោកបាននិយាយកាលពីថ្ងៃពុធថា “ឥឡូវនេះ ឧក្រិដ្ឋកម្មនៅប្រទេសហ្វីលីពីនកាន់តែតិច”។

ជនជាតិហ្វីលីពីនផ្សេងទៀតដែលសម្ភាសកាលពីថ្ងៃពុធគាំទ្រយ៉ាងខ្លាំងលើលោក ឌូតឺតេ និងយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបណ្តាលឲ្យស្លាប់មនុស្សរាប់ពាន់នាក់ ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែកក្កដា ដោយបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងលើការសម្លាប់ក្រៅប្រព័ន្ធច្បាប់។

cam-photo-duterte_jumpអ្នកស្រី អាន ម៉ានទិលឡា វ័យ៣៥ឆ្នាំ ជាអ្នកចាត់ការហាងហ្វិលម៉ាត ជាហាងលក់គ្រឿងទេសហ្វីលីពីននៅផ្លូវលេខ២៩ក្នុងក្រុងភ្នំពេញបាននិយាយថា “អ្វីដែលលោកព្យាយាមនិយាយគឺប្រឆាំងគ្រឿងញៀន។ នោះជាអ្វីដែលពលរដ្ឋហ្វីលីពីនចង់បានគឺ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយរុញគ្រឿងញៀនចេញ”។

អ្នកស្រីបាននិយាយថា “លោកជាប្រធានាធិបតីរបស់ខ្ញុំ”។

តាមលោក រ៉ូមៀ លីបូអន វ័យ៣៦ឆ្នាំ ដែលបានចូលរួមឲ្យដឹងថា ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺ ម៉ុនតេរ៉ូ  (Christopher Montero) បានប្រាប់អ្នកចូលរួមកាលពីថ្ងៃអង្គារថា អ្នកបោះឆ្នោតជនជាតិហ្វីលីពីន៧០ភាគរយនៅកម្ពុជាបានបោះឆ្នោតឲ្យលោក ឌូតឺតេ ក្នុងការបោះឆ្នោតកន្លងមកនេះ។

សារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃពុធថា មកដល់ពីរបីម៉ោងយឺតជាងការរំពឹងទុក លោក ឌូតឺតេ បានប្រាប់ជនរួមជាតិរបស់លោកក្នុងក្រុងភ្នំពេញថា លោកបានដើរល្បាតជាមួយនគរបាល ហើយបានបាញ់ដោយបិទភ្នែកទៅលើជនសង្ស័ុយជាឧក្រិដ្ឋជន ក្នុងពេលដែលលោកជាចៅហ្វាយក្រុងដាវ៉ៅ។

លោក ឌូតឺតេ បាននិយាយថា “ជួនកាលខ្ញុំទៅជាមួយពួកគេ។ បើលោកអ្នកនិយាយថា ខ្ញុំបាញ់នរណាម្នាក់ ប្រហែលជាខ្ញុំធ្វើមែន។ ខ្ញុំបិទភ្នែក ព្រោះខ្ញុំខ្លាចការបាញ់កាំភ្លើងណាស់”។

លោក អេនរីកូ ហ្ជេរ៉ូមីណូ ជាជនជាតិហ្វីលីពីន វ័យ៤៨ឆ្នាំ បានកត់សម្គាល់ថា ការថ្លែងបែបហ្នឹងដែលជាការសារភាពថាបានធ្វើសកម្មភាពព្រហ្មទណ្ឌក្នុងនាមកម្ចាត់ឧក្រិដ្ឋជន គឺមិនមែនជារឿងថ្មីទេ។

លោកបាននិយាយកាលពីថ្ងៃពុធថា “លោកបាននិយាយបែបហ្នឹងច្រើនដងហើយពីមុនមក។ វាមិនមែនថ្មីទេ”។

លោក ហ្ជេរ៉ូមីណូ ដែលរស់នៅកម្ពុជា៧ឆ្នាំមកហើយបាននិយាយថា លោកមិនមែនជាអ្នកគាំទ្រលោក ឌូតឺតេ ឬគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោកទេ។

លោក ហ្ជេរ៉ូមីណូ បាននិយាយអំពីការបង្ក្រាបគ្រឿងញៀនដោយបាញ់សម្លាប់របស់លោក ឌូតឺតេថា “វាល្មមដល់ពេលលោកសារភាពថា យុទ្ធសាស្ត្ររបស់លោកមិនដំណើរការល្អទេ”។

លោកបាននិយាយថា “ហេតុអីលោកមិនអាចប្រឆាំងនឹងភាពក្រីក្រ ដោយមានឆន្ទៈនិងខ្លាំងក្លាដូចគ្នានឹងលោកប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន? ផ្ទុយទៅវិញ លោកគ្រាន់តែប្រើវិធានការឃោរឃៅប៉ុណ្ណោះ”៕

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស