លោក ស្រឿន អាយុ៤៣ឆ្នាំ អតីតកសិករមកពីខេត្តកណ្ដាល បាននិយាយថា លោកជឿជាក់ថា មិនដែលមានគ្រោះថ្នាក់ណាមួយទេនៅការដ្ឋានសំណង់របស់លោក។
ដោយមិនប្រាប់ឈ្មោះពេញ ខណៈដែលមេការម្នាក់ឈរក្បែរអំឡុងពេលសម្រាកពីការងារនៅមុខសំណង់កំពុងធ្វើខាងក្រៅពហុកីឡដ្ឋានអូឡាំពិកក្នុងក្រុងភ្នំពេញ លោកបាននិយាយថា “មានបញ្ហាតូចតាចបានកើតឡើង។ មានការដាច់រលាត់លើដៃរបស់យើង”។
លោក ស្រឿន ដែលរស់នៅក្នុងរាជធានីរយៈពេលពីរបីខែ បាននិយាយថា លោកមិនដែលបានឃើញការដ្ឋាននេះត្រូវគេចុះមកពិនិត្យទេ។ លោកបាននិយាយថា ហើយក្រុមហ៊ុនសំណង់នេះ ដែលដាក់ការព្រមានអំពីមួកសុវត្ថិភាពនៅច្រកចូលទៅការដ្ឋានមិនមានកញ្ចប់ថវិកាសម្រាប់ទិញឧបករណ៍សុវត្ថិភាពទេ។
ដោយមានភាពមិនស្រួលក្នុងអារម្មណ៍កាន់តែខ្លាំងឡើងៗនៅពេលសួរសំណួរជាច្រើនទាក់ទិននឹងវិធានការដើម្បីធានាសុវត្ថិភាពនៅការដ្ឋាននោះ លោកបាននិយាយថា “យើងពាក់ខ្សែក្រវាត់ការពារ។ យើងប្រយ័ត្នប្រយែង”។
ខណៈដែលមានអនុក្រឹត្យរាប់សិបស្ដីពីបញ្ហាសុវត្ថិភាពនៅកន្លែងការងារក្នុងប្រទេសកម្ពុជា អ្វីៗគ្រប់យ៉ាងចាប់ពីប្រកាសលេខ៥២ ដែលតម្រូវឱ្យនិយោជកមានបង្គន់អនាម័យមួយ ដល់ប្រកាសលេខ១២៤ ដែលតម្រូវឱ្យកន្លែងធ្វើការត្រូវមានសីតុណ្ហភាពល្មមនោះ ការអនុវត្តច្បាប់គឺធូររលង់ឬគ្មានតែម្ដង ដោយធ្វើឱ្យសុវត្ថិភាពរបស់កម្មករសឹងតែអាស្រ័យលើនិយោជកទាំងស្រុង។
នេះជាសារមកពីទីប្រឹក្សាសំណង់ និងក្រុមហ៊ុនដែលចូលរួមក្នុងសិក្ខាសាលាស្ដីពីប្រធានបទនេះកាលពីម្សិលមិញក្នុងក្រុងភ្នំពេញ។
លោក លន់ បុរី នៅក្រុមហ៊ុន 3ជី អេជេន ជាក្រុមហ៊ុនពិគ្រោះយោបល់ដែលរៀបចំសិក្ខាសាលាស្ដីពីសុវត្ថិភាពនៅកន្លែងការងារកាលពីម្សិលមិញសម្រាប់សភាពាណិជ្ជកម្មអឺរ៉ុបបាននិយាយថា “ប្រកាស? មានតែលើក្រដាសប៉ុណ្ណោះ។ សុវត្ថិភាពគឺភាគច្រើនជាការផ្ដួចផ្ដើម [របស់ក្រុមហ៊ុន] មិនមែនរបស់រដ្ឋាភិបាលទេ”។
ស្ថិតិមកពីក្រសួងការងារ ដែលផ្ដល់ដោយក្រុមហ៊ុន 3ជី អេជេន បង្ហាញគ្រោះថ្នាក់នៅកន្លែងធ្វើការរាប់សិបពាន់ក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១២ និង២០១៣ ដោយចំនួននេះកើនឡើងស្របតាមចំនួន និងកម្រិតនៃគម្រោងសំណង់។ ប៉ុន្តែជាមួយឆន្ទៈតិចតួចក្នុងការអនុវត្តច្បាប់ ការទទួលខុសត្រូវដើម្បីបញ្ឈប់និន្នាការនេះគឺធ្លាក់លើក្រុមហ៊ុន ជាការចាំបាច់ទាំងផ្នែកសីលធម៌ ទាំងការទប់ស្កាត់ដើម្បីឲ្យក្រុមហ៊ុនលាក់ព័ត៌មានបន្ទាប់ពីមានគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬការស្លាប់។
អំឡុងសិក្ខាសាលានេះ អ្នកចូលរួមម្នាក់បានសួរ “បច្ចុប្បន្ន តើមានទោសបញ្ញត្តិណាមួយចំពោះក្រុមហ៊ុនទាំងឡាយណាដែលមិនអនុវត្តវិធានការរៀបចំសុវត្ថិភាពទេ?”
អ្នកចូលរួមម្នាក់ទៀតដែលធ្វើការផ្នែកសំណង់ផ្លូវថ្នល់បានឆ្លើយ “តាមបទពិសោធន៍របស់ខ្ញុំ មិនមានទោសបញ្ញត្តិទេនៅទីនេះ”។
លោក បូរី បាននិយាយថា កូនក្ដីប្រហែល៥០នាក់របស់លោកចង់ឱ្យប្រាកដថា ការដ្ឋានសំណង់របស់ពួកគេមានសុវត្ថិភាព ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនមិនសូវមានរបៀបដោះស្រាយប្រកបដោយការប្រយ័ត្នប្រយែងទេ មានន័យថា ស្ថិតិរបស់ក្រសួងការងារទំនង ជាវាយតម្លៃទាបលើបញ្ហានេះ។
ចំនួនពិតប្រាកដនៃគ្រោះថ្នាក់? លោកបាននិយាយថា “វាកើតឡើងច្រើនណាស់ ពាសពេញប្រទេស ប៉ុន្តែវាមិនបានដឹងជាសាធារណទេ”។ លោកបាននិយាយថា ការពិនិត្យលើការអនុវត្តសុវត្ថិភាពអន់ ក្នុងករណីភាគច្រើន គឺមានតែសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។
លោកបាននិយាយថា “មិនមានការអនុវត្តច្បាប់ពីរដ្ឋាភិបាលទេ។ ប៉ុន្តែនៅទីបំផុត ក្រុមហ៊ុននឹងប្រឈមនឹងការចាប់អារម្មណ៍ជាសាធារណៈ គឺកេរ្តិ៍ឈ្មោះអាក្រក់។ នៅពេលនោះរដ្ឋាភិបាលគ្មានជម្រើសអ្វី ក្រៅតែពីបិទក្រុមហ៊ុនដើម្បីរក្សាមុខមាត់របស់ខ្លួនប៉ុណ្ណោះ។

លោក ម៉ែន សុថារិន នាយកគ្រប់គ្រងក្រុមហ៊ុនមួយដែលលក់ឧបករណ៍សុវត្ថិភាព បានយល់ស្របតាមការវាយតម្លៃរបស់លោក បុរី ដោយលោកបានពន្យល់ថា ក្រុមហ៊ុនជាច្រើនក្នុងស្រុកបានរាយការណ៍ពីគ្រោះថ្នាក់តែក្នុងករណីវាអាចមានប្រយោជន៍ដល់ខ្លួនប៉ុណ្ណោះ។
ដោយសំដៅដល់បេឡាជាតិរបបសន្តិសុខសង្គមដែលផ្ដល់ឱ្យសមាជិករបស់ខ្លួននូវការធានារ៉ាប់រងគ្រោះថ្នាក់ លោកបាននិយាយថា “ក្រុមហ៊ុនជាច្រើនដែលស្ថិតនៅក្រោមបេឡាជាតិរបបសន្តិសុខសង្គមបានរាយការណ៍អំពីគ្រោះថ្នាក់នានា។ មានក្រុមហ៊ុនជាច្រើនដែលមិនស្ថិតក្រោមបេឡាជាតិរបបសន្តិសុខសង្គម ពួកគេមិនរាយការណ៍ទេ”។
លោកបាននិយាយថា តាមបទពិសោធន៍របស់លោក ក្រុមហ៊ុននានាដែលមិនចំណាយផ្នែកសុវត្ថិភាពការងារ ដោយការទិញឧបករណ៍ពីលោក ជាឧទាហរណ៍ គឺមកពីក្រៅប្រទេសដោយសារពួគេមានអតិថិជនអន្តរជាតិ។
“ក្រុមហ៊ុនក្នុងស្រុកតិចតួចណាស់ព្រួយបារម្ភអំពីបញ្ហានេះ។ ពួកគេសួរថា ហេតុអ្វីយើងចាំបាច់ត្រូវអនុវត្តស្ដង់ដារទំាងនេះ ហេតុអ្វីចំណាយប្រាក់លើបញ្ហានេះ?”។
ដោយបញ្ហាធ្ងន់ធ្ងរឡើង លោក បូរី បាននិយាយថា គឺកម្មករខ្លួនឯងជាញឹកញាប់មិនគិតច្រើនអំពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយមិនយល់ព្រមឱ្យមានការធានារ៉ាប់រង ឬថ្លៃឧបករណ៍ដែលកាត់ប្រាក់ប្រចាំថ្ងៃរបស់ខ្លួនដែលទទួលបាន៥ដុល្លារទៅ១០ដុល្លារ។
លោកបាននិយាយថា “ពួកគេធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ។ ការបារម្ភរបស់ពួកគេគឺដើម្បីបំពេញក្រពះ”។
សុខ ខុម អាយុ២១ឆ្នាំ ដែលធ្វើការខាងសំណង់ក្នុងក្រុងភ្នំពេញរយៈពេលប្រហែលមួយខែ បានផ្តល់ឧទារហណ៍។
លោកបាននិយាយថា “ខ្ញុំមកទីនេះដើម្បីរកប្រាក់ជួយអ្នកនៅផ្ទះ។ មិនមានគ្រោះថ្នាក់ទេ”៕ និត