37 C
Phnom Penh

ប្អូន​ប្រុស​មេដឹក​នាំរណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ស្លាប់នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ដោយ​សារ​គាំង​បេះដូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ប្អូនប្រុសអាយុ៣០ឆ្នាំរបស់លោក សម សេរី ដែលកំពុងនិរទេសខ្លួន និងជាប្រធានរណសិរ្សរំដោះជាតិខ្មែរ (KNLF) ដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមភេរវកម្មនោះ បានស្លាប់ក្នុងពន្ធនាគារកាលពីយប់ថ្ងៃពុធដោយសារគាំងបេះដូង។

លោក សម សេរី មានមន្ទិលសង្ស័យភ្លាមៗទៅលើការបកស្រាយផ្លូវការ ហើយបានលើកឡើងថា លោកជឿថា ប្អូនប្រុសរបស់លោកដែលកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ហើយកាលពីពេលថ្មីនេះត្រូវបានតែងតាំងនៅក្នុង”រដ្ឋាភិបាលនិរទេស”របស់លោក សម សេរី ប្រហែលជាស្លាប់ដោយសារការប្រឆាំងរបស់គាត់។

លោក សម សេរី បានសរសេរនៅក្នុងអុីម៉េលពីគេហដ្ឋានរបស់លោកស្ថិតក្នុងប្រទេសដាណឺម៉ាកកាលពីព្រឹកម្សិលមិញថា “ព័ត៌មាននេះក្រៀមក្រំណាស់សម្រាប់ខ្ញុំ។ ប្អូនប្រុសរបស់ខ្ញុំឈ្មោះ យាន យឿប បានស្លាប់ក្នុងពន្ធនាគារកាលពីយប់មិញ”។

លោក យាន យឿប ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃកាលពីឆ្នាំ២០១៣ ជាមួយមនុស្សប្រាំមួយនាក់ទៀតនៅក្នុងក្រុមនេះ ហើយត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារនៅឆ្នាំបន្ទាប់ពីបទមានផែនការផ្ដួលរំលំរដ្ឋាភិបាល។ លោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងរដ្ឋាភិបាលនិរទេសរបស់បងប្រុសលោកកាលពីខែតុលា។

លោក សម សេរី បានមានប្រសាសន៍ថា “ពួកគេបានចោទប្រកាន់គាត់ថាក្បត់ជាតិ។ ខ្ញុំស្រឡាញ់ប្អូនប្រុសរបស់ខ្ញុំ ហើយគាត់ត្រូវគេសម្លាប់ដោយសារតែបំណងរបស់របបលោក ហ៊ុន សែន និងចៅហ្វាយនាយរបស់ពួកគេ”។ ក្រុមមន្ត្រីដែលត្រូវបានទាក់ទងកាលពីម្សិលមិញបាននិយាយថា លោក យាន យឿប បានស្លាប់ដោយសារគាំងបេះដូង។

លោក បេ ទៀឡេង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា “ខ្ញុំទទួលបានឈោ្មោះទណ្ឌិតម្នាក់មកពីពន្ធនាគារព្រៃស គឺ យាន យឿប ហើយគាត់បានស្លាប់ដោយសារគាំងបេះដូង”។

លោក គឹម សារិន អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារមួយរូបទៀតក៏បានអះអាងផងដែរថា អ្នកទោសម្នាក់បានស្លាប់ដោយសារគាំងបេះដូងនៅពន្ធនាគារព្រៃសកាលពីយប់ថ្ងៃពុធ។ ក្រុមមន្ត្រីនៅពន្ធនាគារព្រៃសមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

កាលពីដើមខែនេះ សមាជិករណសិរ្សរំដោះជាតិខ្មែរ១១រូបទៀតត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី៥ឆ្នាំដល់៩ឆ្នាំ ចំពោះផែនការដែលពួកគេនិយាយថា ស្មើនឹងការតវ៉ាដោយសន្តិវិធីនៅខាងក្រៅស្ថានទូតវៀតណាមកាលពីឆ្នាំ២០១៤ ប៉ុន្តែក្នុងនោះអាជ្ញាធរអះអាងថា ជាការសាបព្រោះនូវអំពើហិង្សា និងភាពគ្មានសណ្ដាប់ធ្នាប់។

លោក សម សេរី ក៏ត្រូវបានផ្ដន្ទាទោសផងដែរកាលពីឆ្នាំ២០១៤ ពីបទមានផែនការផ្តួលរំលំរដ្ឋាភិបាល។ ក្នុងការបង្កើតរដ្ឋាភិបាលនិរទេសកាលពីខែតុលា លោកបានលើកឡើងថា វាជាការចាំបាច់ណាស់ ពីព្រោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំឱ្យមានការរំលោភសិទ្ធិមនុស្ស ការបណ្ដេញចេញដោយបង្ខំ និងការបោះឆ្នោតមិនស្របច្បាប់ជាដើម៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស