30 C
Phnom Penh

សមយុទ្ធ​​​បញ្ជាក់​​​ពី​​​​​​ចំណង​​​យោធា​​​ចិន​​​ដ៏​​​ស៊ី​​​ជម្រៅ​​​បំផុត​​​ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ទសវត្សរ៍​​​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមយុទ្ធរួមយោធាចិន-កម្ពុជារយៈពេល៩ថ្ងៃដែលមានទាហាន១,០០០នាក់បានចាប់ផ្តើមកាលពីម្សិលមិញ ជាសញ្ញាបញ្ជាក់នូវចំណងមិត្តភាពជិតស្និទ្ធបំផុតរវាងយោធាប្រទេសទាំងពីរ ចាប់តាំងពីខ្មែរក្រហមបានកាន់អំណាច។

លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងបានធ្វើបែបនេះពីមុនមក ប៉ុន្តែ វាតូចតាច ដូចនៅពេលដែលយើងហ្វឹកហ្វឺនជាមួយនាវាចម្បាំងចិនអំពីការជួយសង្គ្រោះមនុស្សធម៌។ ឆ្នាំនេះ យើងធ្វើទ្រង់ទ្រាយធំ”។

ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងគណបក្សកុម្មុនីស្តចិន គឺតានតឹងច្រើនទសវត្សរ៍មកហើយ ដោយសារតែការគាំទ្ររបស់ចិនទៅលើខ្មែរក្រហម ជាទំនោរមួយដែលវិលត្រឡប់មកវិញសន្សឹមៗក្នុងពេលដែលក្រុមក្បាលរឹងរបស់របបនោះបានទម្លាក់អាវុធចុះ ហើយក៏កាន់តែរីកដុះដាលយ៉ាងឆាប់រហ័ស នៅពេលដែលក្រុងប៉េកាំងនាពេលថ្មីៗនេះផ្តល់លុយកាក់ឲ្យក្រុងភ្នំពេញ។

តាមនាយឧត្តមសេនីយ៍ សារ៉ាត់ សមយុទ្ធនាគមាស២០១៦ នឹងមានទាហាន៥០០នាក់ពីប្រទេសនីមួយៗជាលក្ខណៈហ្វឹកហាត់សង្គ្រោះគ្រោះធម្មជាតិ និងមនុស្សធម៌ ដែលបានធ្វើឡើងនៅឯមូលដ្ឋានយោធាសំខាន់របស់កម្ពុជា នៅខេត្តកំពង់ស្ពឺ។

តាមលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានផ្តល់ប្រាក់ជំនួយប្រហែល១៥លានដុល្លារដល់យោធាកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងខែតុលា។ ទឹកប្រាក់និងការហ្វឹកហាត់ គឺជាភ័ស្តុតាងបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនង។

cam-photo-excerciseលោកបាននិយាយថា សមយុទ្ធរយៈពេលពេញមួយសប្តាហ៍លើកកម្ពស់ទំនាក់ទំនងល្អ ទោះបីជារូបលោក ឬនាយឧត្តមសេនីយ៍ សារ៉ាត់ មិនបានបញ្ជាក់សេចក្តីពិស្តារនៃសមយុទ្ធនោះក៏ដោយ។

ការចំណាយផ្នែកយោធាកម្ពុជាបានហក់ឡើងពី៧៥,៧លានដុល្លារក្នុងឆ្នាំ២០០៦រហូតដល់៤៦៤លានដុល្លារនៅឆ្នាំក្រោយ ក្នុងគោលបំណងធ្វើទំនើបកម្មលើយោធារបស់ខ្លួន ហើយដែលមជ្ឈដ្ឋានខ្លះនិយាយថា ស្វែងរកភាពស្មោះត្រង់ពីទាហានតាមរយៈការដំឡើងប្រាក់ខែឲ្យខ្ពស់។

នាយឧត្តមសេនីយ៍ សារ៉ាត់ បញ្ជាក់ថា សមយុទ្ធនោះមិនបង្ហាញនូវការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយទេ។

លោកបាននិយាយថា “យើងមិនត្រឹមតែធ្វើសមយុទ្ធយោធាជាមួយចិនប៉ុណ្ណោះទេ គឺយើងធ្វើជាមួយសហរដ្ឋអាមេរិកដែរ”។

យោងតាមលោក ចន ហ្គ្រេវ៉ាត អ្នកវិភាគឧស្សាហកម្មថ្នាក់តំបន់ នៅឯទស្សនាវដ្តីការពារជាតិនិងសន្តិសុខ IHS Jane ឲ្យដឹងថា សមយុទ្ធគឺគួរឲ្យកត់សម្គាល់បាន ដោយហេតុថាប្រទេសកម្ពុជានិងចិនកាន់តែស្និទ្ធស្នាលនឹងគ្នាពីរឬបីឆ្នាំមកហើយ ទាក់ទងនឹងការការពារនិងយោធា”។

អ្នកវិភាគរូបនេះបាននិយាយថា “យើងបានឃើញពីរបីឆ្នាំមុននូវផលប្រយោជន៍បែបហ្នឹង”។ លោកបានបញ្ជាក់ថា ការហ្វឹកហ្វឺន លទ្ធកម្មការពារជាតិ និងការផ្ទេរបច្ចេកវិទ្យាពីចិនគឺជាថ្នូរនឹងការគាំទ្ររបស់កម្ពុជានៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។

ការគាំទ្រនោះធ្វើឲ្យកម្ពុជាខ្វែងគំនិតគ្នាជាមួយសហរដ្ឋអាមេរិក ដែលក៏ធ្វើសមយុទ្ធយោធារួមគ្នាជាមួយកម្ពុជាដែរ។ លោកបាននិយាយថា “ថាតើសមយុទ្ធនេះនឹងបន្តធ្វើ [ស្ថិតក្រោមប្រធានាធិបតីជាប់ឆ្នោត ដូណាល់] ត្រាំ នោះ ខ្ញុំមិនដឹងទេ”៕

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស