37 C
Phnom Penh

ក្រុមហ៊ុនសន្តិសុខកាស៊ីណូ​​​នឹង​​​ត្រូវ​​​ត្រួត​​​ពិនិត្យ​​​តឹង​​​រឹង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមអនុក្រឹត្យចុះហត្ថលេខាកាលពីខែមុន ក្រុមហ៊ុនសន្តិសុខឯកជនក៏ដូចជាកាស៊ីណូ និងក្លឹបកម្សាន្តនានានឹងប្រឈមការត្រួតពិនិត្យបន្ថែមទៀត ដោយមានការបង្កើតនាយកដ្ឋានក្រសួងមហាផ្ទៃពីរថ្មី។

តាមអនុក្រឹត្យ៣ទំព័រចុះថ្ងៃទី២៨ ខែវិច្ឆិកា ហើយចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាននាយកដ្ឋានពីរ ដែលនៅចំណុះឲ្យនាយកដ្ឋានកណ្តាលសន្តិសុខ នឹងគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងបង្ក្រាបការលាងលុយកខ្វក់ និងបទល្មើសផ្សេងៗនៅកន្លែងលេងល្បែងនានា។

នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននឹងទទួលខុសត្រូវចំពោះការចេញវិញ្ញាបនបត្រ ត្រួតពិនិត្យ និងកត់ត្រាជាឯកសារនូវក្រុមហ៊ុនវិស័យឯកជន។ នាយកដ្ឋាននេះក៏នឹង”ផ្តល់ការហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញឯកទេស និងច្បាប់ដល់កងកម្លាំងភ្នាក់ងារសន្តិសុខឯកជន” ហើយផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនសន្តិសុខឯកជន ដើម្បីការពារទីតាំងសំខាន់ៗ និងវត្ថុមានតម្លៃ។

តាមអនុក្រឹត្យ នាយកដ្ឋានថ្មីនេះក៏អាចផ្អាកសកម្មភាពជាបណ្តោះអាសន្ន ឬលុបចោលលិខិតអនុញ្ញាតប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដែលមិនគោរពតាមគោលការណ៍កំណត់។

ទន្ទឹមនឹងនេះ កាស៊ីណូ និងក្លឹបកម្សាន្តឯកជន ដូចជាបារ ក្លឹប និងខារាអូខេនឹងស្ថិតក្រោមការត្រួតពិនិត្យរបស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដែលនឹងត្រួតពិនិត្យសកម្មភាពលេងល្បែងស៊ីសងគ្រប់ប្រភេទ។

នាយកដ្ឋាននេះក៏នឹងមានភារកិច្ច “ស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបការសម្អាតប្រាក់ បទល្មើសពាក់ព័ន្ធនឹងបច្ចេកទេសល្បែងក្នុងកាស៊ីណូ ក្លឹបកម្សាន្ត” ហើយរារាំងមុខសញ្ញាហាមឃាត់ចូលលេងល្បែង។

មន្ត្រីក្រសួងមហាផ្ទៃ និងនគរបាលជាតិមិនអាចទាក់ទងសុំការបំភ្លឺបានទេ។

លោក ធូ ចាន់ធុល អគ្គនាយកក្រុមហ៊ុនសន្តិសុខស្តារ បានស្វាគមន៍នាយកដ្ឋានថ្មីនេះ ប៉ុន្តែបាននិយាយថា ថ្លៃការហ្វឹកហ្វឺនអាចជាបញ្ហាសម្រាប់សន្តិសុខដែលមានប្រាក់ខែទាប។

លោកបាននិយាយថា “អតិថិជនមិនចង់ចំណាយច្រើនទេ អ៊ីចឹង វាពិបាកសម្រាប់យើង នៅពេលដែលយើងព្យាយាមផ្តល់សេវាសន្តិសុខដោយមានស្តង់ដារខ្ពស់”។ លោកបាននិយាយបន្ថែមថា សន្តិសុខភាគច្រើនទទួលបានប្រាក់ខែ១៥០ដុល្លារមួយខែ ហើយធ្វើការជាវេន១២ម៉ោង។

លោកបាននិយាយថា “ខ្ញុំសង្ឃឹមថា ក្រសួងមហាផ្ទៃអាចជួយកំណត់តម្លៃស្តង់ដារក្នុងសេវាសន្តិសុខ។ ជាឧទាហរណ៍ តម្លៃថោកបំផុតសម្រាប់អ្នកដែលចង់ជួលកងកម្លាំងសន្តិសុខឯកជនម្នាក់គួរតែ១៧០ដុល្លារមួយខែ”។

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស