27 C
Phnom Penh

នៅពីក្រោយ​​​កំណែទម្រង់​​​ប្រជា​​​និយម គណបក្ស​​​ប្រជាជន​​​ប្តេជ្ញា​​​យក​​​ឈ្នះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅសន្និបាតលើកទី៤០របស់គណបក្សកាលពីចុងសប្តាហ៍ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានព្យាករថានឹងទទួលបានជ័យជម្នះទៀតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជាតិនៅឆ្នាំបន្ទាប់ ដោយទទួលបានការគាំទ្រគោលនយោបាយប្រជានិយមកាលពីពេលថ្មីៗនេះរួមមានការបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនី និងការផ្តល់ដីធ្លីបន្ថែមទៀតដល់ប្រជាពលរដ្ឋក្រីក្រ។

យោងតាមប្រតិចារឹកនៃសុន្ទរកថារបស់លោកបានឱ្យដឹងថា លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានថ្លែងទៅកាន់អង្គសន្និបាតកាលពីថ្ងៃសៅរ៍ថា “គណបក្សក៏បានត្រៀមលក្ខណៈ និងធ្វើគ្រប់កិច្ចការទាំងឡាយទៅតាមច្បាប់ និងបទបញ្ជានីតិវិធីបោះឆ្នោតដើម្បីឈានឆ្ពោះទៅដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតផងដែរ”។

cam-CPP-congressលោក ហេង សំរិន ដែលក៏ជាប្រធានរដ្ឋសភាផងដែរនោះគ្មានសេចក្តីលម្អិតទេ។ ប៉ុន្តែ សេចក្តីថ្លែងការណ៍ដែលគណបក្សបានចេញនៅពេលបិទអង្គសន្និបាតកាលពីរសៀលម្សិលមិញបង្ហាញពីគោលនយោបាយប្រជាពលរដ្ឋមួយចំនួនដែលរដ្ឋាភិបាលបានដាក់ចេញចាប់តាំងពីឆ្នាំមុនមកគឺផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនូវសេវាធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ និងឯកសារផ្សេងៗទៀតដែលចេញដោយរដ្ឋាភិបាល បញ្ចុះថ្លៃបើប្រាស់អគ្គិសនីសម្រាប់អ្នកប្រើប្រាស់ត្រឹម៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ឬតិចជាងនេះ តូបលក់ដូរនៅតាមទីផ្សារដែលអាចផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ទៀត និងផ្តល់ដីសម្បទានសង្គមកិច្ចបន្ថែមដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ។

គណបក្សប្រជាជនកម្ពុជាបានលើកឡើងថា អ្នកស្មោះត្រង់នឹងគណបក្សប្រហែល១.៨៦០នាក់បានចូលរួមអង្គសន្និបាតនោះដែលបានធ្វើឡើងនៅកោះពេជ្រក្នុងរាជធានីភ្នំពេញ ប៉ុន្តែ សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបានអនុញ្ញាតឱ្យចូលទេ។

នៅសន្និបាតគណបក្សកាលពីឆ្នាំ២០១៥គណបក្សប្រជាជនកម្ពុជាបានបន្ថែមទំហំទ្វេដងនៃគណៈកម្មាធិការកណ្តាលរបស់ខ្លួនជាមួយសមាជិកថ្មីចំនួន៣០៦នាក់ដែលរួមមានមន្ត្រីយោធា និងនគរបាល ដែលក្នុងនោះមជ្ឈដ្ឋានជាច្រើនចាត់ទុកថា ជាការខិតខំប្រឹងប្រែងដើម្បីជួយទប់ភាពស្មោះត្រង់របស់បុគ្គលសំខាន់ៗ និងស្ថាប័នមួយចំនួនបន្ទាប់ពី់គណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រច្រើនគួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣។សមាជិកថ្មីទាំងនោះក៏រួមមានកូនប្រុសទាំងបីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សផងដែរ។

សមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមសន្និបាតបក្សលើកទី៤០ ដែលធ្វើឡើងនៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ គណបក្សប្រជាជនកម្ពុជាសង្ឃឹមថា នឹងទទួលបានជ័យជម្នះនៅការបោះឆ្នោតឃុំសង្កាត់ឆ្នាំក្រោយ។ រូបថតៈ Fresh News 
សមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមសន្និបាតបក្សលើកទី៤០ ដែលធ្វើឡើងនៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ គណបក្សប្រជាជនកម្ពុជាសង្ឃឹមថា នឹងទទួលបានជ័យជម្នះនៅការបោះឆ្នោតឃុំសង្កាត់ឆ្នាំក្រោយ។ រូបថតៈ Fresh News

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា គណៈកម្មាធិការកណ្តាលមិនបានធ្វើការពង្រីកគួរជាដុំកំភួនទេនៅឆ្នាំនេះ។ ប៉ុន្តែ លោកបានមានប្រសាសន៍ថា លោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់លោកនាយករដ្ឋមន្ត្រីស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបន្ថែមទៅក្នុងគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលដែលទទួលបន្ទុកពិនិត្យ និងវាយតម្លៃ ការងាររបស់បក្សផងដែរ។

ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត មិនទាន់រួចផុតពីរឿងអាស្រូវចុងក្រោយនៅឡើយទេដោយមិនទាន់បានឆ្លើយតបជាសាធារណៈចំពោះការសន្ទនាតាមទំព័រហ្វេសប៊ុកដែលបានបែកធ្លាយតាមប្រព័ន្ធអីុនធឺណិតដែលទំនងជាបង្ហាញថា លោកបានសន្ទនាជាមួយកញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សសង្គ្រោះជាតិអំពីផែនការតវ៉ាប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។

សន្និបាតកាលពីចុងសប្តាហ៍នេះគឺជាលើកទី២ហើយសម្រាប់គណបក្សប្រជាជនកម្ពុជាចាប់តាំងពីលោក ហ៊ុន សែន បានកាន់តួនាទីជាប្រធានគណបក្សកាលពីឆ្នាំមុនបន្ទាប់ពីការទទួលមរណភាពរបស់លោក ជា ស៊ីម ។ គណបក្សក៏រំពឹងផងដែរថា វានឹងជាលើកចុងក្រោយដែរមុនពេលការបោះឆ្នោតឃុំសង្កាត់ដែលគ្រោងនៅថ្ងៃទី៤ ខែមិថុនា ។

ការបោះឆ្នោតឃុំសង្កាត់ត្រូវបានមជ្ឈដ្ឋានជាច្រើនចាត់ទុកថា ជាការវាស់ស្ទង់ការគាំទ្រដល់គណបក្សនៅមុនការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅឆ្នាំបន្ទាប់។ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតឃុំសង្កាត់អាណត្តិមុនក្នុងឆ្នាំ២០១២ ប៉ុន្តែគណបក្សប្រឆាំងរំពឹងថា នឹងធ្វើបានល្អប្រសើរច្រើននៅឆ្នាំក្រោយដោយសារគណបក្សបានបង្រួបប្រង្រួមគ្នា។

កាលពីដើមខែនេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានព្យាករថា គណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតឃុំសង្កាត់ភ្លូកទឹកភ្លូកដី៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស