29 C
Phnom Penh

ឈើ​​ប្រហោង​ក្នុង​​​ប្រើ​​សម្រាប់​​​លួចលាក់​​​ដឹកជញ្ជូន​​ភ្លុក និង​ឆ្អឹង​ខ្លា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយថា បំណែកសត្វខុសច្បាប់ដ៏ច្រើន ក្នុងនោះមានទាំងភ្លុកដំរី និងឆ្អឹងខ្លាផង ត្រូវបានគេរកឃើញនៅផែមួយក្នុងក្រុងភ្នំពេញកាលពីរសៀលថ្ងៃសៅរ៍បង្កប់ក្នុងឈើលុងដែលគេដឹកពីប្រទេសម៉ូសំប៊ិកមក បន្ទាប់ពីមានព័ត៌មានពីអាមេរិក។

គោលដៅ និងអ្នកទទួលទំនិញលាក់ទុកទាំងនេះនៅមិនទាន់ដឹងច្បាស់ទេ។

លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើក្រុងភ្នំពេញបាននិយាយថា ទំនិញទាំងនេះត្រូវបានរកឃើញនៅផែស្ងួតក្នុងក្រុងភ្នំពេញ ត្រូវគេបង្កកដោយក្រមួននៅក្នុងឈើបីកំណាត់ធ្វើឱ្យវាមានទម្ងន់សរុបប្រហែល២តោន។

លោកបាននិយាយថា ដោយរម្លាយក្រមួនចេញប្រហែល១ភាគ៥នៃកំណាត់ឈើកាលពីរសៀលម្សិលមិញ ក្រុមមន្ត្រីរហូតមកដល់ពេលនេះបានរកឃើញបំណែកសត្វផ្សេងៗចន្លោះពី១០ទៅ២០បំណែក។

លោកបាននិយាយថា “យើងបានរកឃើញសាកសត្វជាច្រើនញាត់ខាងក្នុងឈើដែលដឹកមកពីទ្វីបអាហ្វ្រិក។ គេបានខួងឈើដូចជាមឈូស ហើយបន្ទាប់មកគេដាក់ភ្លុក ស្បែកពង្រូល កន្ទុយដំរី និងឆ្អឹងខ្លាខាងក្នុង”។

cam-photo-ivory_COLORលោក វណ្ណារិទ្ធ បាននិយាយថា ក្រុមមន្ត្រីគយនៅផែស្ងួតបានទទួលព័ត៌មានក្នុងថ្ងៃនោះថាអាចមានការរត់ពន្ធសត្វ ហើយបានអញ្ជើញរដ្ឋបាលរបស់លោកចូលរួមក្នុងការស៊ើបអង្កេតបន្ថែម។ មន្ត្រីប្រហែល៣០នាក់ មកពីនាយកដ្ឋានគយ រដ្ឋបាលព្រៃឈើ ស្ថានទូតអាមេរិក និងអង្គការសម្ព័ន្ធសត្វព្រៃ បានចូលរួមក្នុងប្រតិបត្តិការនេះ។

លោក វណ្ណារិទ្ធ បាននិយាយថា “វាធ្វើឡើងយ៉ាងសម្ងាត់ ហើយប្រសិនបើយើងមិនមានព័ត៌មាន យើងមិនអាចចាប់វាបានទេ”។ លោកបាននិយាយបន្ថែមថា ចំនួនពិតប្រាកដនៃមុខទំនិញនីមួយៗមិនទាន់បានកំណត់ទេ ការចាប់បាននេះគឺច្រើនណាស់។

លោក David Josar អ្នកនាំពាក្យរងស្ថានទូតអាមេរិកបានបញ្ជាក់កាលពីម្សិលមិញថា ការបង្ក្រាបនេះ “មួយផ្នែកដោយសារព័ត៌មាន” ពីក្រុមអនុវត្តច្បាប់អាមេរិក។

លោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុនរ៉ួយ៉ាល់រេលវេ បាននិយាយថា ការចាប់បាននេះទំនងជាត្រូវបានរកឃើញក្នុងពេលបីទៅបួនថ្ងៃនៃការមកដល់ក្នុងប្រទេសនេះ ព្រោះវាទើបតែត្រូវបានដឹកជញ្ជូនមករដ្ឋធានីពីក្រុងព្រះសីហនុ ហើយបានស្គែនមើល ពេលនោះក្រុមមន្ត្រីក៏បានសម្រេចបើកទូរថភ្លើងបិទជិតដើម្បីពិនិត្យដោយហ្មត់ចត់ថែមទៀត។លោក Guiry បាននិយាយថា អ្នកត្រូវទទួលគេមិនដឹងច្បាស់ទេ ព្រោះទូរថភ្លើងកំពុងដឹកជញ្ជូន វាមិនទាន់បានទទួលយកដោយនរណាម្នាក់ទេ”។ លោកបានបង្វែរសំណួរបន្ថែមទៀតទៅក្រុមមន្ត្រីគយ។

លោក ក្ដូវ ណុច មេគយ និងរដ្ឋាករប្រចាំការផែស្ងួតនេះ បានបដិសេធមិនផ្ដល់សេចក្ដីលម្អិតក្នុងពេលការស៊ើបអង្កេតកំពុងធ្វើទេ។

លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិយាយថា លោកមិនបានទទួលព័ត៌មានពិស្ដារអំពីការចាប់បាននេះទេ ប៉ុន្តែជឿជាក់ថាគោលដៅចុងក្រោយទំនងបំផុតគឺប្រទេសចិន ដែលមានផ្សារងងឹតដ៏ធំផ្នែកសត្វកម្រ និងសត្វជិតផុតពូជ។

លោកបាននិយាយថា ក្នុងពេលកន្លងមកភ្លុកដំរីបាន”ឆ្លងកាត់ប្រទេសកម្ពុជាទៅប្រទេសវៀតណាម ហើយបន្តទៅប្រទេសចិន”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។

កាលពីខែសីហា ភ្លុកដំរីច្រើនជាង៦០០គីឡូក្រាមដែលដឹកពីទ្វីបអាហ្វ្រិកមកទុកនៅផែក្រុងព្រះសីហនុរយៈពេលជាង២ឆ្នាំ ត្រូវបានរកឃើញលាក់ក្នុងចំណោមគ្រាប់ពោតបន្ទាប់ពីក្រុមមន្ត្រីកាន់តែធុញទ្រាន់ក្នុងការរង់ចាំគេមកយកទំនិញនោះ។ ទំនិញលាក់ទុកនេះត្រូវបានឃាត់ទុកដោយសមត្ថកិច្ច ប៉ុន្តែវាសនារបស់វានៅមិនទាន់កំណត់នៅឡើយ៕ និត (រាយការណ៍បន្ថែមដោយ Janelle Retka)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស