25 C
Phnom Penh

ក្រុម​​​អ្នក​​​វិភាគ​​​ចំអក​​​ចំពោះការ​​​គំរាម​​​របស់​​​លោក សម រង្ស៊ី ដែល​​​ថា​​​នឹង​​​កម្ទេច​​​​​​អ្នកដែល​​​មិន​​​ទទួល​​​ស្គាល់​​​លទ្ធផល​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈគណបក្សរបស់ខ្លួនកំពុងស្ថិតក្នុងដំណើរការចរចាដើម្បីឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សកំពុងជាប់ពន្ធនាគារ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានសន្យាកាលពីចុងសប្តាហ៍ថា នឹង “កម្ចាត់” អ្នកនៅក្នុងគណបក្សប្រជាជនកម្ពុជាទាំងឡាយណាដែលមិនគោរពជ័យជម្នះដែលអាចកើតមាននៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។

ដោយសង្ខេបការឆ្លើយតបរបស់ខ្លួនចំពោះសំណួរអំឡុងកិច្ចសម្ភាសន៍តាមវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ថា តើលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោកនឹងទទួលយកការចាញ់ឆ្នោតដែរឬក៏អត់នោះ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ពួកគេគ្មានជម្រើសទេ។

លោកបានសរសេរថា “នៅក្នុងឆ្នាំ២០១៨ គណបក្សសង្គ្រោះជាតិនឹងបង្កើតរដ្ឋាភិបាលស្របច្បាប់ថ្មីមួយ ហើយអ្វីដែលនៅសល់ពីគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងគ្រាន់តែជាក្រុមឧទ្ទាមដែលនឹងត្រូវកម្ទេចដោយរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបញ្ជាកងកម្លាំងប្រដាប់អាវុធជាតិដែលមានការគាំទ្រពីសហគមន៍អន្តរជាតិដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ស្តីពីប្រទេសកម្ពុជា”។

លោក សម រង្ស៊ី បានលើកឡើងទៀតថា ប្រទេសវៀតណាមដែលលើកបន្តុបមេដឹកនាំគណបក្សប្រជាជនកម្ពុជាឲ្យឡើងកាន់អំណាចជិត៤ទសវត្សរ៍កន្លងមកនេះក៏នឹងាំទ្ររដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះជាតិដែរ ហើយច្រានចោលការគំរាមប្រើអំពើហិង្សារបស់លោក ហ៊ុន សែន ក្រោយគណបក្សសង្គ្រោះជាតិទទួលជ័យជម្នះក្នុងការបោះឆ្នោត។

cam-photo-rainsy-jump-channaលោកបានមានប្រសាសន៍ថា “ប៉ុន្តែ ការលើកឡើងពីបញ្ហានៃការផ្ទេរអំណាចក្នុងឆ្នាំ២០១៨ក្នុងពេលឥឡូវនេះគឺគ្រាន់តែជាផ្នែកនៃសង្គ្រាមនយោបាយ និងសង្គ្រាមចិត្តសាស្ត្រប៉ុណ្ណោះ ដោយសារលោក ហ៊ុន សែន តែងតែកម្លា ពេលលោកគំរាមបក្សសង្គ្រោះជាតិថានឹងកើតមានសង្គ្រាមស៊ីវិល ប្រសិនបើលោកចាញ់ឆ្នោតនាពេលខាងមុខ”។

លោក ហ៊ុន សែន បានបង្កើនការព្រមានរបស់លោកអំពីសង្គ្រាមស៊ីវិល មុនការបោះឆ្នោតជាតិឆ្នាំ ២០១៣ ហើយបានបន្តលើកឡើងថា ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិនឹងនាំទៅរកអំពើហិង្សាដោយចៀសមិនផុតឡើយ ដោយលោកបានព្រមាននៅចុងឆ្នាំ២០១៥ថា ការប៉ុនប៉ងណាមួយនៅក្នុងការផ្តួលរំលំមេបញ្ជាការយោធា និងអគ្គស្នងការនគរបាលជាតិបច្ចុប្បន្ននឹងឈានទៅរកប្រតិកម្មប្រឆាំងតបវិញ។

ការព្យាកររបស់លោក សម រង្ស៊ី ដែលបច្ចុប្បន្នត្រូវបានរារាំងមិនឲ្យចូលមកក្នុងប្រទេសកម្ពុជាវិញ ផ្ទុយទាំងស្រុងពីអ្វីដែលត្រូវបានលើកឡើងដោយប្រវត្តិវិទូ និងអ្នកវិភាគដែលជឿថា លោក ហ៊ុន សែន ទំនងជានៅតែគ្រប់គ្រងយោធាភាគច្រើនដដែល ទោះបីជាបន្ទាប់ពីចាញ់ឆ្នោតក៏ដោយ ហើយប្រើប្រាស់អង្គភាពដ៏ស្មោះស្ម័គ្រដើម្បីឲ្យខ្លួននៅតែបន្តកាន់អំណាចប្រសិនបើចាំបាច់។

លោក ដេវិដ ឆាណ្ឌល័រ (David Chandler) ដែលជាប្រវត្តិវិទូមួយរូបបានលើកឡើងអំឡុងកិច្ចសម្ភាសន៍មួយតាមវិទ្យុកាលពីពីខែឧសភាថា កម្ពុជានឹងមិនមានលទ្ធិប្រជាធិបតេយ្យដែលដំណើរការនោះឡើយ លុះត្រាតែលោក ហ៊ុន សែន ស្លាប់ ឬត្រូវបានផ្តួលរំលំ ដែលលោកលើកឡើងថា អាចកើតឡើងបានមានតែតាមរយៈកងកម្លាំងទេ។

លោកបានមានប្រសាសន៍អំឡុងពេលនោះថា “ខ្ញុំមិនដែលនិយាយតាមកម្មវិធីរបស់អ្នក ឬកន្លែងណាផ្សេងថា លោក ហ៊ុន សែន គួរតែត្រូវបានផ្តួលរំលំដោយកងកម្លាំងឡើយ ប៉ុន្តែ ទោះជាយ៉ាងណា លោកនឹងមិនត្រូវបានផ្តួលរំលំនោះទេ”។

ប្រវត្តិវិទូបន្ទាប់ដែលមានឈ្មោះ មីលថុន អូសស្បន (Milton Osborne) បានផ្តល់ការវិភាគស្រដៀងគ្នានេះនៅក្នុងអត្ថបទមួយរបស់ The Interpreter កាលពីខែមុន ប៉ុន្តែ បានគូសបញ្ជាក់ថា ជ័យជម្នះរបស់គណបក្ស       សង្គ្រោះជាតិមិនទទួលបានការធានាទាល់តែសោះ ហើយថា ការព្រមព្រៀងចែករំលែកអំណាចដ៏ផុយស្រួយចៀសមិនផុតនោះឡើយ ប្រសិនបើលទ្ធផលបែបនេះកើតមានមែននោះ។

លោកបានសរសេរថា “និយាយជារួមមក បើផ្អែកលើភ័ស្តុតាងកាលពីមុន និងពេលបច្ចុប្បន្ននេះ…លោក ហ៊ុន សែន និងគណបក្សរបស់លោកត្រៀមខ្លួនរួចហើយ ក្នុងការចាត់គ្រប់វិធានការដែលពួកគេមើលឃើញថា ចាំបាច់នៅក្នុងការបន្តកាន់អំណាចតទៅមុខទៀត។ មិនថា វិធានការរបស់ពួកគេស្រមតាមទស្សនទាននីតិរដ្ឋរបស់បស្ចឹមប្រទេស ឬក៏អត់នោះឡើយ គឺគ្មានការពិចារណាទេ”។

លោក មាស នី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវបានលើកឡើងកាលពី ម្សិលមិញថា វាលឿនពេកហើយសម្រាប់លោក  សម រង្ស៊ី ក្នុងការធ្វើការប្រកាសបែបនេះ។

លោកបានមានប្រសាសន៍ថា “គណបក្សកាន់អំណាចនៅតែចង់បំបែកបំបាក់គណបក្សប្រឆាំងមួយនេះ។ គណបក្សសង្គ្រោះជាតិមិនគួរមានមោទនភាពជ្រុលក្នុងការនិយាយថាពួកគេនឹងឈ្នះឆ្នោតឡើយ”។ លោកបានបន្ថែមថា ការបង្កបញ្ហាបែបនេះមិនអាចជួយអ្វីបានទេសម្រាប់ដំណើរការក្រោយការបោះឆ្នោត ប្រសិនបើគណបក្សប្រជាជនកម្ពុជាពិតជាចាញ់មែននោះ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើខ្ញុំជា លោក សម រង្ស៊ី ខ្ញុំនឹងមានការប្រុងប្រយ័ត្នចំពោះថា តើត្រូវចេញសេចក្តីថ្លែងការណ៍យ៉ាងម៉េច ទើបធ្វើឲ្យមានការផ្ទេរអំណាចមានដំណើរដោយរលូនប្រកបដោយសន្តិវិធី។ អ្វីៗដែលប៉ះពាល់ដល់យោធាគឺវារសើបណាស់”។

លោក មាស នី បានយល់ស្របថា វៀតណាមមានជម្រើសតិចតួច ក្រៅពីទទួលយកការផ្លាស់ប្តូរ ប៉ុន្តែនឹងគិតគូរខ្ពស់ចំពោះការប្រព្រឹត្តមកលើពលរដ្ឋរបស់ខ្លួនដោយសារមានការព្រួយបារម្ភថា តើពួកគេនឹងត្រូវបានប្រព្រឹត្តមកលើយ៉ាងដូចម្តេចដោយគណបក្សសង្គ្រោះជាតិដែលមេដឹកនាំរបស់ខ្លួនតែងតែប្រើពាក្យរើសអើងជាយូរមកហើយមកលើជនជាតិវៀតណាម។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា បន្ទាប់ពីពលរដ្ឋភាគច្រើនបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ វៀតណាមមិនអាចធ្វើអ្វីបានទេ ប៉ុន្តែ យកចិត្តទុកដាក់ចំពោះការរស់នៅរបស់ជនជាតិវៀតណាមនៅកម្ពុជា”។

លោក ខាល ថាយ័រ អ្នកជំនាញប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅបណ្ឌិតសភាកងទ័ពការពារអូស្ត្រាលី (Australian Defense Force Academy) បានលើកឡើងថា លោកមិនយល់ស្របទាល់តែសោះចំពោះការព្យាកររបស់លោក សម រង្ស៊ី ។

លោកបានលើកឡើងតាមអីុម៉េលថា “ខ្ញុំគិតថាសេណារីយ៉ូរបស់លោក សម រង្ស៊ី មិនអាចទៅរួចទេ។ ប្រសិនបើលោក សម រង្ស៊ី ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកវិញហើយអំឡុងយុទ្ធនាការឃោសនាលោកទំនងជាកៀងគរបានការគាំទ្រនោះ ខ្ញុំព្យាករថា អ្វីៗអាក្រក់នឹងកើតមានឡើង។ លោក ហ៊ុន សែន និងរបបរបស់លោកនឹងមិនព្រមលះបង់អំណាចនោះឡើយ ហើយពួក គេនឹងរៀបចំការបោះឆ្នោតដើម្បីធានាការវិលត្រឡប់មកកាន់អំណាចបន្តទៀត”។

លោកបានមានប្រសាសន៍បន្ថែមថា “ប្រសិនបើក្នុងហេតុផលណាមួយដែលការបោះឆ្នោតដែលត្រូវបានរៀបចំ មិនអាចទៅរួច លោក ហ៊ុន សែន នឹងរកលេសអន្តរាគមន៍ ហើយសម្លាប់គណបក្សប្រឆាំង”។ លោកបានបន្ថែមទៀតថា ទាំងប្រទេសវៀតណាម និងប្រទេសចិន នឹងមិនថ្កោលទោសការបង្ក្រាបដ៏ហិង្សាលើគណបក្សសង្គ្រោះ ជាតិឡើយប៉ុន្តែ ពួកគេនឹងចៀសវាងការគាំទ្រដោយបើកចំហ។

លោកបានថ្លែងថា “ទាំងប្រទេសចិន និងប្រទេសវៀតណាមសុទ្ធតែដឹងយ៉ាងច្បាស់ថាប្រសិនបើពួកគេធ្វើអន្តរាគមន៍ដោយបើកចំហក្នុងការគាំទ្រលោក ហ៊ុន សែន ប្រឆាំងលោក សម រង្ស៊ី  នេះអាចនឹងបញ្ឆេះឲ្យមានចលនាស្នេហាជាតិនិយមក្នុងចំណោមពលរដ្ឋខ្មែរប្រឆាំងពួកគេ”៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស