33 C
Phnom Penh

បណ្ឌិត​កម្ពុជា​​មួយ​រូប​​ក្លាយ​ជា “អ្នក​ជំនាញ​ខាង​ភាសា​សំស្ក្រឹត​” ដំបូង​​​គេ​បង្អស់​នៅ​​ក្នុង​ប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កញ្ញា ឆោម គន្ធា បានក្លាយជា “អ្នកជំនាញខាងភាសាសំស្ក្រឹត” ដំបូងបង្អស់នៅប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ  បន្ទាប់ពីទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសម្រាប់ការស្រាវជ្រាវរបស់កញ្ញាស្ដីពីឥទ្ធិពលនៃភាសាបុរាណរបស់ឥណ្ឌាមួយនេះ ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ស្ទើរតែផ្ដាច់មុខដោយបព្វជិតសាសនាហិណ្ឌូអំឡុងពិធីសាសនា មានមកលើភាសាខ្មែរ។

ជាទូទៅគេទទួលស្គាល់ថា ភាសាដ៏សំខាន់របស់ប្រទេសកម្ពុជាមិនអាចអភិវឌ្ឍបានដោយប្រសិទ្ធភាពនោះទេ ប្រសិនបើគ្មានទំនាក់ទំនងជាមួយភាសាសំស្ក្រឹតដែលគេជឿថា បានមកដល់ឆ្នេរសមុទ្រកម្ពុជាតាមឈ្មួញឥណ្ឌាអំឡុងឆ្នាំសូន្យនៃគ.ស។ បណ្ដាអ្នកស្រាវជ្រាវជឿថា ភាសានេះត្រូវបានប្រើប្រាស់សម្រាប់ការកត់ត្រាអំឡុងអាណាចក្រខ្មែរអស់រយៈពេលជាង១.០០០ឆ្នាំមកហើយ។

ដោយទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកភាសានេះ កញ្ញា ឆោម គន្ធា អាចជាជនជាតិខ្មែរតែម្នាក់គត់ដែលក្លាយជាអ្នកប្រវត្តិសាស្ត្រខាងខ្មែរសម័យបុរាណ ជាជំនាញមួយដែលជាធម្មតាជនបរទេសជាអ្នកកាន់ នេះបើតាមប្រសាសន៍របស់លោក ឆែម រិទ្ធី នាយកប្រតិបត្តិវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។

លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយកាលពីម្សិលមិញថា “ទីបំផុតប្រទេសកម្ពុជាត្រៀមខ្លួនចាប់ផ្ដើមសរសេរប្រវត្តិសាស្ត្រសម័យបុរាណដោយខ្លួនឯងហើយ ដែលជាធម្មតាតែងតែសរសេរដោយអ្នកស្រាវជ្រាវបរទេស”។ លោកបានបន្តថា សមិទ្ធផលរបស់កញ្ញា ឆោម គន្ធា គឺជា “លើកដំបូង ប៉ុន្តែជាជំហានដ៏ធំនៅក្នុងមុខវិជ្ជាអក្សរចារឹកសំស្ក្រឹតរបស់កម្ពុជា”។

លោកបានមានប្រសាសន៍បន្ថែមទៀតថា “តាមការរំពឹងទុករបស់ខ្ញុំ  គាត់ប្រហែលជាចាប់ផ្ដើមទាំងការស្រាវជ្រាវ និងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឱ្យក្លាយជាអ្នកជំនាញខាងភាសាសំស្ក្រឹត”។

បន្ទាប់ពីទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកភាសាសំស្ក្រឹតពីសាកលវិទ្យាល័យ Magadha University នៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០០៨ កញ្ញា ឆោម គន្ធា បានបន្តការសិក្សាថ្នាក់បណ្ឌិតនៅវិទ្យាស្ថានស្រាវជ្រាវ Ecole Pratique des Hautes Etudes របស់បារាំង ទីដែលគាត់បានសរសេរនិក្ខេបបទស្ដីពី “តួនាទីភាសាសំស្ក្រឹតនៅក្នុងការអភិវឌ្ឍន៍ភាសាខ្មែរ៖ ការសិក្សាអក្សរចារឹកពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី១៤”។

លោកស្រី ឡ័រ ដឺ មឺនីល (Lois De Menil) អតីតប្រធានមជ្ឈមណ្ឌលខេមរសិក្សា (Center for Khmer Studies) ដែលបានឧបត្ថម្ភផ្នែកហិរញ្ញវត្ថុអំឡុងពេលសិក្សារបស់កញ្ញា ឆោម គន្ធា បានមានប្រសាសន៍ថា ការចេះភាសាសំស្ក្រឹតគឺមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការសិក្សាបន្ថែមទៀតអំពីអតីតកាលដ៏យូរលង់របស់កម្ពុជា។

លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយថា ”មួយផ្នែកធំនៃប្រវត្តិសាស្ត្របុរាណរបស់កម្ពុជាដូចដែលបានកត់ត្រាទុកនៅលើសិលាចារឹក និងនៅក្នុងឯកសារគឺសរសេរជាភាសាសំស្ក្រឹត ដោយសារវប្បធម៌ឥណ្ឌាមានឥទ្ធិពលយ៉ាងខ្លាំងមកលើអារ្យធម៌ខ្មែរក្នុងរយៈពេលជាច្រើនសតវត្សរ៍មកនេះ”។

លោកស្រីបានគូសបញ្ជាក់ថា នៅពេលនោះ កញ្ញា ឆោម គន្ធា បានចាប់ផ្ដើមសិក្សារបស់ខ្លួន ហើយភាសាសំស្ក្រឹតមិនមានបង្រៀននៅតាមសាកលវិទ្យាល័យណាមួយរបស់កម្ពុជាឡើយ មានន័យថា “គ្មាននិស្សិតកម្ពុជារូបណាអាចទទួលបានផ្នែកដ៏សំខាន់នៃបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់កម្ពុជានេះឡើយ”។

លោកស្រីបានលើកឡើងថា កញ្ញា ឆោម គន្ធា ដែលកាលពីម្សិលមិញមិនអាចទាក់ទងបាន ត្រូវចេះភាសាផ្សេងៗទៀតឱ្យស្ទាត់ជំនាញនៅក្នុងការសិក្សាទម្រាំតែទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតរបស់ខ្លួន។

លោកស្រីមានប្រសាសន៍ទៀតថា “បន្ថែមពីលើការសិក្សាភាសាសំស្ក្រឹតពីកម្រិតមូលដ្ឋានគ្រឹះ គាត់ត្រូវចេះភាសាអង់គ្លេសឱ្យស្ទាត់ជំនាញក្នុងកម្រិតខ្ពស់ ហើយបន្ទាប់មកនៅក្នុងប្រទេសបារាំងគាត់ត្រូវរៀនភាសាបារាំងឱ្យស្ទាត់ជំនាញត្រឹមត្រូវដល់កម្រិតស្ដង់ដាររបស់បារាំង ដែលមិនអនុញ្ញាតឱ្យមានកំហុស”។

កញ្ញា ឆោម គន្ធា ក៏ជានាយិកានៃសារមន្ទីរព្រះ នរោត្តម សីហនុ អង្គរ នៅក្នុងខេត្តសៀមរាប ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាផងដែរ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស