33 C
Phnom Penh

កម្លាំង​ថ្មី​ទទួល​បាន​ឧទ្ធម្ភាគចក្រ​ដើម្បី​ជួយ​ល្បាត​មើល​ការ​នេសាទ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការថ្មីមួយដែលមានសិទ្ធិអាចប្រើឧទ្ធម្ភាគចក្រ ដើម្បីជួយបង្ក្រាបបទល្មើសនេសាទដែលកើតមាននៅបឹងទន្លេសាប ដែលជាច្រើនឆ្នាំមកហើយ ក្រុមអ្នកបរិស្ថានបានព្រមានថាមានការនេសាទច្រើនហួសហេតុរហូតដល់កម្រិតវិនាស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មាធិការថ្មីនេះក្នុងសារាចរមួយដែលចុះហត្ថលេខានៅថ្ងៃទី១៣ខែធ្នូ និងបានផ្សព្វផ្សាយតាមអីុនធឺណិតកាលពីចុងសប្តាហ៍ ដោយបានតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ដើម្បីត្រៀមកម្លាំងចុះល្បាតបឹងដ៏ធំល្វឹងល្វើយនេះ។

សារាចរមានខ្លឹមសារថា “ក្រុមការងារនេះមានភារកិច្ចស៊ើបអង្កេតនិងស្វែងរកជនល្មើស និងអ្នកពាក់ព័ន្ធក្នុងបទល្មើសនេសាទ ហើយគណៈកម្មាធិការនេះមានសិទ្ធិប្រើឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មរបស់ខ្លួន”។

សារាចរបានបន្ថែមថា គណៈកម្មាធិការនេះត្រូវរាយការណ៍ជាប្រចាំនូវការងាររបស់ខ្លួនជូនលោក ហ៊ុន សែន។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមេបញ្ជាការរងនៃកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវបានតែងតាំងជាអនុប្រធាន។

លោក សាខុន បាននិយាយថា ក្រុមការងារនេះត្រូវបានបង្កើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានធ្វើដំណើរនាពេលថ្មីៗនេះទៅខេត្តបាត់ដំបង ហើយបានឃើញមានអ្នកនេសាទខុសច្បាប់ក្នុងទន្លេសាប និងមានរបាយការណ៍ថា មានការធ្វើការលំៗក្នុងការបញ្ឈប់ពួកគេ។

លោក សាខុន បាននិយាយថា “រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការចម្រុះក្រសួងដើម្បីបោសសម្អាតបទល្មើសនេសាទ ពីព្រោះរដ្ឋបាលជលផលមិនបានសហការល្អជាមួយអាជ្ញាធរខេត្តដើម្បីបញ្ឈប់ការនេសាទខុសច្បាប់ទេ”។

លោកបាននិយាយថា “យើងនឹងរៀបចំក្រុមការងារពិសេស ហើយយើងនឹងចេញបញ្ជាទៅថ្នាក់ខេត្ត ដើម្បីចាត់វិធានការបំបាត់ការនេសាទខុសច្បាប់ ហើយយើងនឹងតាមដានការអនុវត្តរបស់អាជ្ញាធរខេត្ត”។

លោក សាខុន បានកត់សម្គាល់ថា ក្នុងពេលកន្លងមក ពួកជនល្មើសគ្រាន់តែ “ត្រូវអប់រំ” ប៉ុណ្ណោះ នៅពេលចាប់បានកំពុងបំពានច្បាប់នេសាទ ប៉ុន្តែចាប់ពីពេលនេះទៅ លោកបាននិយាយថា ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ។

លោករដ្ឋមន្ត្រីបាននិយាយថា ការធ្វើដំណើរតាមឧទ្ធម្ភាគចក្រលើកដំបូងរបស់លោកដើម្បីរកមើលការនេសាទខុសច្បាប់ គ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍។

លោកបានកត់សម្គាល់ថា បទល្មើសនេសាទដែលគេរាយការណ៍បានថយចុះច្រើនជាង២០០ករណីនៅឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុន ក៏ប៉ុន្តែលោកមិនមានតួលេខជាក់លាក់ក្នុងដៃទេ៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស