27.5 C
Phnom Penh

អាជ្ញាធរ​​​ចាប់​​​ផ្តើម​​​ការ​​​ងារ​​​ស្ថាបនា​​​ផ្លូវ​​​ដ៏​​​ចម្រូវ​​​ចម្រាសនៅ​​​​​​ក្បែរ​​​វិហា​​​រអិុស្លាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អាជ្ញាធររាជធានីភ្នំពេញបានចាប់ផ្ដើមវាស់វែងផ្លូវថ្មីមួយខ្សែដ៏ចម្រូងចម្រាសដែលត្រូវស្ថាបនានៅជាប់វិហារអុិស្លាមមួយកន្លែងស្ថិតក្នុងតំបន់បឹងកក់ ដោយច្រានចោលសំណើនៅនាទីចុងក្រោយរបស់សហគមន៍មូស្លីមនៅតំបន់នោះ ឱ្យរំកិលផ្លូវនេះចម្ងាយប្រាំម៉ែត្របន្ថែមទៀតពីអគារនេះ។

សហគមន៍នេះលើកឡើងថា ខ្លួនបារម្ភថាផ្លូវដែលគ្រោងស្ថាបនាកាត់តាមដីដែលមួយផ្នែកជាបរិវេណវិហារអុីស្លាមអាល់សឺកាលនោះ នឹងរំខានដល់ការថ្វាយបង្គំរបស់ពួកគេនៅទីនោះ ហើយបានស្នើឱ្យសាលារាជធានីធ្វើផ្លូវវាងទៅ។

ក្រុមកម្មករដាំបង្គោលរបងនៅជុំវិញការដ្ឋានស្ថាបនាផ្លូវថ្មីតាមការគ្រោងទុកនៅក្បែរវិហារអិុស្លាមអាល់សឺកាល នៅក្នុងរាជ ធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា /ឌឹ ខេមបូឌា ដេលី  
ក្រុមកម្មករដាំបង្គោលរបងនៅជុំវិញការដ្ឋានស្ថាបនាផ្លូវថ្មីតាមការគ្រោងទុកនៅក្បែរវិហារអិុស្លាមអាល់សឺកាល នៅក្នុងរាជ ធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា /ឌឹ ខេមបូឌា ដេលី

ដោយមិនរាថយ កម្មករបានចាប់ផ្ដើមធ្វើការវាស់វែងនៅកន្លែងនោះកាលពីព្រឹក្សិលមិញ ដើម្បីរៀបចំការស្ថាបនា ហើយបានដាំបង្គោលរបងបណ្ដោះអាសន្នមុនពេលធ្វើការផ្អាកទៅវិញនៅពេលរសៀល ដើម្បីឱ្យក្រុមមន្ត្រីរៀបចំកិច្ចប្រជុំមួយទៀតជាមួយអ្នកពាក់ព័ន្ធ។

បន្ទាប់ពីកិច្ចប្រជុំ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា អាជ្ញាធរមិនអាចធ្វើតាមសំណើចុងក្រោយ របស់សហគមន៍បានទេ ពីព្រោះតម្រូវឱ្យធ្វើផ្លូវកោងខ្លាំងពេក។

លោកបានមានប្រសាសន៍ថា “ពួកគេស្នើឱ្យយើងរំកិលចេញប្រាំម៉ែត្រ ប៉ុន្តែយើងមិនអាចរំកិលបានទេ ហើយយើងនឹងធ្វើទៅតាមផែនការ។ ពួកគាត់មិនអាចរារាំងបានទេ។ ផ្លូវនេះត្រូវតែកើតឡើង”។

លោក ស្លេះ ណាហ្ស៊ី ដែលជាប្រធានមណ្ឌលផ្សព្វផ្សាយមូស្លីមកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលដែលលើកកម្ពស់ការអប់រំមូស្លីមសាសនា និងពុទ្ធសាសនាអំពីជំនឿទៅវិញទៅមកបានមានប្រសាសន៍ថា លោកមានការខកចិត្តពីការច្រានចោលរបស់សាលារាជធានី។

លោកបានថ្លែងថា “វាមិនមែនជាមហាវិថីទេ ដូច្នេះបើវាជាផ្លូវកោងនោះ ខ្ញុំគិតថា ក្រុមបច្ចេកទេសនឹងដឹងពីរបៀបស្ថាបនា ឬរបៀបដាក់ស្លាកសញ្ញាហើយ”។ លោកបានថ្លែងថា សមាជិកសហគមន៍នឹងពិភាក្សាថាតើនឹងត្រូវបន្តជំរុញពីបុព្វហេតុរបស់ខ្លួនយ៉ាងដូចម្តេច ។

ខណៈពេលចុះទៅពិនិត្យមើលការដ្ឋានកាលពីព្រឹកម្សិលមិញ លោក ឃួង ស្រេង បាននិយាយការពារតម្រូវការសម្រាប់ផ្លូវនេះ ថាជាវិធានការចាំបាច់ក្នុងការដោះស្រាយបញ្ហាកកស្ទះ។

លោកបានថ្លែងទៅកាន់អ្នកយកព័ត៌មានថា “សូមក្រឡេកមើលទីក្រុងទៅមើល។ បើយើងមានផ្លូវផ្សេង វាអាចកាត់បន្ថយការកកស្ទះចរាចរណ៍បានច្រើន”។

វិវាទជុំវិញការស្ថាបនាផ្លូវនេះបណ្ដាលឱ្យមានការផ្ដន្ទាទោសពីបទបរិហារកេរ្តិ៍កាលពីខែសីហា លើលោក អះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចដែលបានចោទប្រកាន់លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារថាបានទទួលផលប្រយោជន៍ពីការស្ថាបនាផ្លូវនេះ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស