41.3 C
Phnom Penh

ការ​ចម្អិន​អាហារ​ក្លាយជា​​កម្មវិធី​សិក្សា​​ដំបូងគេ​បង្អស់​នៅ​​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាន ស្រីល័ក្ខណ៍ បានរៀនចម្អិនអាហារពីម្ដាយរបស់ខ្លួននៅក្នុងផ្ទះបាយតូចចង្អៀតដោយទឹកកំពុងពុះលើចង្ក្រានកែច្នៃក្នុងភូមិរបស់នាងនៅខេត្តពោធិ៍សាត់។

នាងចេះឆាគុយទាវបែបថៃ (ផាត់ថៃ) ឬឆាសាច់គោឡុកឡាក់យ៉ាងងាយស្រួល ហើយថ្មីៗនេះនាងធ្លាប់ជាអ្នកលក់មី គុយទាវ តាមចិញ្ចើមផ្លូវរយៈពេល១ឆ្នាំនៅក្នុងប្រទេសថៃ។

ប៉ុន្តែចុងភៅដែលមានមហិច្ឆតារូបនេះមានក្ដីសុបិនចង់រៀនចម្អិនអាហារអន្តរជាតិជាមួយនឹងឧបករណ៍ផ្ទះបាយទំនើបៗនៅក្នុងផ្ទះបាយអាជីព ហើយចុងក្រោយនឹងបើកភោជនីយដ្ឋានដ៏តូចមួយផ្ទាល់ខ្លួន។ ស្ត្រីរូបនេះនិយាយថា “អាហារមួយចំនួនខ្ញុំមិនចេះចម្អិនទេ ប៉ុន្តែអនាគតរបស់ខ្ញុំគឺចម្អិនអាហារ”។

សាន ស្រីល័ក្ខណ៍ គឺជាសិស្សដំបូងដែលបានចុះឈ្មោះសិក្សានៅសាលាបណ្ដុះបណ្ដាលពីវិធីធ្វើម្ហូបដំបូងគេបង្អស់នៅក្នុងប្រទេសមានឈ្មោះថា វិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy of Culinary Arts Cambodia) ឬហៅកាត់ថា ACAC ដែលបានបើកទទួលចុះឈ្មោះសិស្សជំនាន់ទី១របស់ខ្លួនកាលពីដើមខែនេះសម្រាប់កម្មវិធីសិក្សារយៈពេល២ឆ្នាំ។

នៅខែមីនា សាន ស្រីល័ក្ខណ៍ និងមិត្តរួមថ្នាក់របស់នាងនឹងចាប់ផ្ដើមចូលសិក្សាវគ្គចម្អិនអាហារនៅក្នុងផ្ទះបាយដែលមានអនាម័យ និងធំទូលាយនៅក្នុងរាជធានីភ្នំពេញ  ដែលពេញទៅដោយឧបករណ៍ផ្ទះបាយនាំចូលពីប្រទេសស្វ៊ីស។

cam-photo-culinaryលោក ម៉ាឃើស ខាលបឺរ័រ (Markus Kalberer) ព្រឹទ្ធបុរសនៅសាលានេះបានមានប្រសាសន៍ថា “តម្រូវការមេចុងភៅដែលមានសមត្ថភាពគឺមានច្រើន។ នោះជាមូលហេតុដែលសាលានេះបង្កើតឡើង។ អ្នកគ្រប់គ្នាចេះតែត្អូញត្អែរថា គ្មានការបណ្ដុះបណ្ដាលនៅក្នុងវិស័យចម្អិនម្ហូបអាហារ”។

ខណៈលោកទទួលស្គាល់ការងារដែលបណ្ដាអង្គការមិនមែនរដ្ឋាភិបាលបាននិងកំពុងធ្វើនៅក្នុងប្រទេសកម្ពុជា ដើម្បីបណ្ដុះបណ្ដាលមេចុងភៅ និងអ្នករត់តុ លោកលើកឡើងថា ចំនួនមេចុងភៅ និងអ្នករត់តុមានតិចឆ្ងាយណាស់បើធៀបទៅនឹងតម្រូវការនៅក្នុងប្រទេស។

យោងតាមលោក លូ ម៉េង ជាមេចុងភៅដ៏ល្បីល្បាញបំផុតមួយរូប និងជាម្ចាស់ភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា តាមការរំពឹងទុក  តម្រូវការនឹងកើនឡើងដោយក្រសួងទេសចរណ៍បានព្យាករថា ចំនួនភោជនីយដ្ឋាននឹងបន្តកើនឡើងរហូតដល់យ៉ាងហោចណាស់ត្រឹមឆ្នាំ២០២០។

លោកមានប្រសាសន៍ថា “ការកើនឡើងចំនួនភោជនីយដ្ឋាននឹងកើនឡើងរហូត។ ប្រាកដណាស់ យើងបានស្នើឱ្យមានបុគ្គលិកជំនាញច្រើន ហើយយើងក៏ត្រូវការចំណេះដឹងមូលដ្ឋានបន្ថែមទៀតសម្រាប់បុគ្គលិកដែរ”។

នៅសាលាខាងលើនេះ សិស្សនឹងត្រូវបែងចែកពេលវេលារបស់ខ្លួនជាពីរឆមាស សម្រាប់វគ្គចម្អិនអាហារ និងវគ្គទ្រឹស្ដីដូចជាអនាម័យ ការគ្រប់គ្រងអាជីវកម្ម និងភាសាអង់គ្លេស ហើយ២ឆមាសទៀតគឺចំណាយទៅលើការបំពេញកម្មសិក្សានៅក្នុងវិស័យនេះ។

លោកស្រី នីខូល ល័រធែន (Nicole Loretan) នាយកផ្នែកលក់ និងទីផ្សារនៅសាលានេះបានមានប្រសាសន៍ថា “វាមិនត្រឹមតែជាថ្នាក់ចម្អិនប៉ុណ្ណោះទេ។ ពួកគេរៀនទាំងអស់ ពីព្រោះនៅពេលពួកគេចេញទៅ ពួកគេចាំបាច់ត្រូវមានកម្រិតអន្តរជាតិ។ បើពួកគេដាក់ពាក្យធ្វើការនៅក្នុងប្រទេសសិង្ហបុរី  ឬផ្សេងពីនេះ គេប្រាកដជាមិនត្រឹមតែសួរថា ’តើអ្នកឯងរៀនចេះអ្វីខ្លះក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ?’ ហើយឆ្លើយថា ‘អាហារខ្មែរ’ នោះទេ” ដោយ លោកស្រីបានពន្យល់ថា សិស្សនឹងរៀនបច្ចេកទេសចម្អិនពីជំុវិញពិភពលោក។

លោកស្រីបានបញ្ជាក់ថា សិស្សដែលបានបញ្ចប់ការសិក្សាចំណេះដឹងទូទៅរយៈពេល១២ឆ្នាំ មិនថា ពួកគេប្រឡងជាប់បាក់ឌុបឬក៏អត់នោះទេ  គឺពួកគេអាចចុះឈ្មោះចូលរៀនបាន។

សូមបញ្ជាក់ថា តម្លៃសិក្សាសម្រាប់មួយចប់កម្មវិធីសិក្សារយៈពេល២ឆ្នាំនេះគឺជាង៣.០០០ដុល្លារសម្រាប់សិស្សកម្ពុជា និងជាង៦.៥០០ដុល្លារសម្រាប់សិស្សបរទេស។ លទ្ធផលចុងក្រោយសម្រាប់សិក្ខាកាមដែលបញ្ចប់ការសិក្សាដោយជោគជ័យ គឺទទួលបានសញ្ញាបត្រស្ដង់ដារអាស៊ានដែលបញ្ជាក់ទទួលស្គាល់ដោយសាលាគ្រប់គ្រងសណ្ឋាគារលូសឺនរបស់ស្វ៊ីស (Swiss Hotel Management Academy Luserne) ជាសាលាមួយដែលបានបើកនៅឆ្នាំ១៩០៩ ដើម្បីជួយផ្ដល់ការផ្គត់ផ្គង់បុគ្គលិកស្រដៀងគ្នាដើម្បីបំពេញតម្រូវការចម្អិនអាហារនៅក្នុងប្រទេសស្វ៊ីស។

លោក សេង សុធា ជាមេចុងភៅនៃភោជនីយដ្ឋានម្ហូបខ្មែរនៅសៀមរាប ដែលធ្លាប់បម្រើការងារនៅបរទេសបានថ្លែងថា សាលានេះជាការរួមចំណែកបន្ថែមគួរឱ្យស្វាគមន៍ដល់ឧស្សាហកម្មនេះ។

លោកមានប្រសាសន៍ទៀតថា “ខ្ញុំចង់ឃើញមេចុងភៅក្មេងៗមានសមត្ថភាពបង្កើតអាហារថ្មី។ ដើម្បីធ្វើរឿងនោះបាន ពួកគេចាំបាច់ត្រូវសិក្សាពីគ្រឿងផ្សំ ប្រភពគ្រឿងផ្សំ ព្រមទាំងវីតាមីននៃគ្រឿងផ្សំនីមួយៗ និងថាតើគ្រឿងផ្សំណាខ្លះដែលប្រើជាមួយគ្នាត្រូវ។ និយាយតាមត្រង់ ពួកគេមានទេពកោសល្យ ប៉ុន្តែពួកគេគ្មានសាលាត្រឹមត្រូវ បើមិនដូច្នោះពួកគេមិនអាចរៀនពីសេចក្ដីលម្អិតទាំងនោះបានទេ។

ខណៈការចាប់ផ្ដើមកម្មវិធីសិក្សារយៈពេល២ឆ្នាំនេះខិតជិតមកដល់ សាលានេះកំពុងបន្តស្វែងរកមេចុងភៅ និងជំនួយការគ្រូបង្រៀននៅឡើយដើម្បីចូលរួមជាមួយបុគ្គលិករបស់ខ្លួន។ លោក ម៉ាឃើស ខាលបឺរ័រ បានមានប្រសាសន៍ថា ក្រៅពីរូបលោក សាលាជ្រើសរើសបានជំនួយការគ្រូបង្រៀនកម្ពុជាម្នាក់ហើយ ហើយនៅត្រូវការមេចុងភៅពីរនាក់ និងជំនួយការពីរនាក់ទៀត។

លោកបានគូសបញ្ជាក់ថា “នោះជាបញ្ហាប្រឈមធំបំផុតដែលយើងមាននៅពេលនេះ គឺស្វែងរកមហាវិទ្យាល័យអាចផ្ដល់គុណភាពដែលយើងចង់ផ្ដល់”។

ហើយខណៈការចាប់ផ្ដើមកម្មវិធីសិក្សានេះមិនសូវធំ ដោយទទួលសិស្សដំបូងត្រឹមតែ៤០នាក់បើប្រៀបធៀបទៅនឹងគោលដៅសិស្ស២០០នាក់ក្នុងមួយជំនាន់ រហូតមកទល់ពេលនេះ សាន ស្រីល័ក្ខណ៍ គឺជាសិស្សតែម្នាក់គត់ដែលបានចុះឈ្មោះរួចរាល់ ហើយសិស្ស១០នាក់ទៀតកំពុងស្ថិតក្នុងដំណើរការចុះឈ្មោះនៅឡើយ នេះបើតាមប្រសាសន៍របស់លោកស្រី នីខូល ឡ័រធែន។

ប៉ុន្តែ សាន ស្រីល័ក្ខណ៍ ប្រាកដក្នុងចិត្តថា ចុងក្រោយលទ្ធផលនឹងល្អប្រសើរ ហើយខ្លួននឹងត្រៀមរួចជាស្រេចពេលបញ្ចប់ការសិក្សាដើម្បីចូលប្រឡូកក្នុងផ្ទះបាយដោយជោគជ័យ។ “នៅក្នុងសាលាពួកគាត់នឹងបង្ហាញខ្ញុំពីរបៀបធ្វើបែបនេះ របៀបរៀបចំអាហារ របៀបចម្អិនអាហារ។ ខ្ញុំសប្បាយចិត្តពីព្រោះនៅពេលការសិក្សារបស់ខ្ញុំបញ្ចប់ ខ្ញុំនឹងមានការងារធ្វើ ហើយខ្ញុំអាចបើកភោជនីយដ្ឋានតូចមួយដោយខ្លួនឯង”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស