កញ្ញា ធី សុវណ្ណថា អ្នកដែលគេស្គាល់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមទំនងជាបដិសេធជាលើកដំបូងកាលពីម្សិលមិញពីការដែលថា កញ្ញាបានសរសេរគំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានបង្ហោះតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះរបស់កញ្ញា ហើយបាននិយាយថា កញ្ញានឹងដាក់ពាក្យបណ្ដឹងស្វះស្វែងឱ្យមានការស៊ើបអង្កេត។
សារគំរាមនោះមាននៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា Thy Sovantha II ជាទំព័រហ្វេសប៊ុកដែលសកម្មជនវ័យក្មេងរូបនេះចាប់ផ្ដើមប្រើឆ្លើយតបទៅនឹងយុទ្ធនាការជាសាធារណៈមួយដែលមិនគាំទ្រទំព័រហ្វេសប៊ុកដើមរបស់កញ្ញា បន្ទាប់ពីកញ្ញាបានផ្លាស់ប្ដូរភាពស្មោះត្រង់របស់ខ្លួនពីគណបក្សសង្គ្រោះជាតិមកគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចវិញ។
សារមួយក្នុងចំណោមសារដែលបានបង្ហោះកាលពីពេលថ្មីៗអមជាមួយរូបថតកាំភ្លើងជាច្រើនដើម ហើយកញ្ញា ធី សុវណ្ណថា បានលើកកាំភ្លើងបាញ់ផងនោះមានខ្លឹមសារថា “កឹម សុខា សូមប្រុងប្រយ័ត្ន”។
កញ្ញា ធី សុវណ្ណថា មិនអាចទាក់ទងបានទេចាប់តាំងពីសារដែលបានបង្ហោះមក។ សារមួយដែលបង្ហោះក្នុងទំព័រហ្វេសប៊ុកដើមរបស់កញ្ញាកាលពីព្រឹកម្សិលមិញបដិសេធថា កញ្ញាមិនបានធ្វើការគំរាមណាមួយឡើយ។
សារនោះមានខ្លឹមសារថា “នាងខ្ញុំ ធី សុវណ្ណថា ម្ចាស់ទំព័រហ្វេសប៊ុក Thy Sovantha សូមបដិសេធចោលទាំងស្រុងនូវព័ត៌មានវាយប្រហាររាជរដ្ឋាភិបាល ឬព័ត៌មានក្នុងន័យវាយបុគ្គលផ្សេងៗ”។
សារដដែលនេះបន្តថា “នាងខ្ញុំរាយការណ៍ជូន Facebook ដើម្បីបិទ Account Fake ទាំងនោះចោល និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីចាត់វិធានការជាបន្ទាន់”។
កញ្ញា ធី សុវណ្ណថា មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់អះអាងពីការដែលកញ្ញាបានសរសេរបង្ហោះកាលពីម្សិលមិញបានទេ ហើយកញ្ញាមិនបានឆ្លើយតបចំពោះសារដែលស្នើសុំការអត្ថាធិប្បាយឡើយ។
នៅពេលទាក់ទងកាលពីវេលារសៀល លោក សារ៉ាន់ កំសត់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា លោកមិនដឹងពីពាក្យបណ្ដឹងណាមួយរបស់កញ្ញា ធី សុវណ្ណថា ទេ ប៉ុន្តែបានបន្ថែមថា នគរបាលនឹងធ្វើការវាយតម្លៃពីពាក្យបណ្ដឹងនោះប្រសិនបើទទួលបាន។
លោកបានមានប្រសាសន៍ថា “ពលរដ្ឋគ្រប់រូបមានសិទ្ធិដាក់ពាក្យបណ្ដឹង។ ប្រសិនបើគាត់ដាក់ត្រឹមត្រូវតាមច្បាប់ យើងនឹងចាត់វិធានការស៊ើបអង្កេត”។
គណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សនឹងមិនដាក់ពាក្យបណ្ដឹងរបស់ខ្លួនផ្ទាល់ជុំវិញការគំរាមនេះទេ ហើយគណបក្សលើកឡើងថា គណបក្សមានការងារសំខាន់ច្រើនទៀតដែលត្រូវធ្វើ ហើយមន្ត្រីរដ្ឋាភិបាលលើកឡើងថា ពួកគេនឹងមិនស៊ើបអង្កេតសារបង្ហោះដោយមិនមានពាក្យបណ្តឹងនោះទេ បើទោះជាអាជ្ញាធរបានស៊ើបអង្កេតការគំរាមសម្លាប់តាមប្រព័ន្ធអុីនធឺណិតមកលើមន្ត្រីដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាដោយមិនមានពាក្យបណ្ដឹងក្នុងពេលកន្លងថ្មីៗក៏ដោយ។
កាលពីព្រឹកម្សិលមិញ មុនពេលការបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុកដើមរបស់កញ្ញា ធី សុវណ្ណថា មួយថ្ងៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅតែ មិនអើពើអំពីគ្រោះថ្នាក់ដែលអាចកើតមានដដែល។ លោកបានឆ្លើយតបដោយសំណើចថា ក្នុងចំណោមការប៉ុនប៉ងធ្វើឃាតនោះ “បើសិនជាករណីហ្នឹងកើតមាន អ្នកដែលត្រូវស៊ើបអង្កេតមុនគេគឺអ្នកដែលធ្វើការគំរាមហ្នឹងឯង”។
លោកបានបន្ថែមទៀតថា បើទោះជាការគំរាមនេះត្រូវបានបង្ហោះដោយកញ្ញា ធី សុវណ្ណថា ក៏ដោយ ក៏ការគំរាមនោះប្រហែលជាមិនធ្ងន់ធ្ងរឡើយ “ដូចពាក្យខ្មែរពោលថា ឆ្កែព្រុសបានត្រឹមតែព្រុស ហ៊ឺ! កញ្ញា ធី សុវណ្ណថា ជាកូនក្មេង វាមិនចូលចិត្តដល់ឃោរឃៅអ៊ីចឹងទេ”។
បើទោះជាដូច្នេះក្ដី ឧត្ដមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថា អាជ្ញាធរកំពុងឃ្លាំមើលសារបង្ហោះគំរាមផ្សេងៗទៀត។ លោកបានថ្លែងថា ”យើងមិនមែនល្ងង់ដល់ថ្នាក់មិនអើពើបញ្ហាដូចនេះឡើយ”៕សារុន