32 C
Phnom Penh

សកម្មជន​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ឈប់​តវ៉ា​ជា​បណ្តោះអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសកម្មជនពាក់ខោអាវខ្មៅដែលបានអំពាវនាវឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្សដែលជាប់ពន្ធនាគារស្ទើរតែរាល់ថ្ងៃច័ន្ទអស់រយៈពេល៣៣សប្តាហ៍កន្លងមកហើយ បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេនឹងឈប់តវ៉ានៅសប្តាហ៍ក្រោយ ពីព្រោះពួកគេរំពឹងថានឹងមានការដោះលែងអ្នកជាប់ពន្ធនាគារនៅមុនដំណាច់ឆ្នាំនេះ។

អ្នកស្រី បូវ សោភា សកម្មជនប្រឆាំងការបណ្តេញចេញ បាននិយាយកាលពីថ្ងៃច័ន្ទនៅតំបន់បឹងកក់ក្នុងក្រុងភ្នំពេញថា “យើងដោះអាវខ្មៅរបស់យើងចេញនៅថ្ងៃនេះ ដោយសង្ឃឹមថា រដ្ឋាភិបាលនឹងដោះលែងមនុស្ស៦នាក់ដែលត្រូវឃាត់ខ្លួន”។

cam-photo-black-monday-channa-2អ្នកស្រីមានការចូលរួមពីសំណាក់សកម្មជនដីធ្លីច្រើនជាង២០នាក់ ដែលបានដោះអាវខ្មៅសម្គាល់របស់ពួកគេ ជាសារមួយទៅរដ្ឋាភិបាលឲ្យធ្វើតាមការសន្យាថានឹងដោះលែងមន្ត្រីមកពីអង្គការសិទ្ធិមនុស្សអាដហុក និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់។

សកម្មជន “ថ្ងៃច័ន្ទពណ៌ខ្មៅ” ក៏បានអំពាវនាវសុំឲ្យដោះលែងអ្នកស្រី ទេព វន្នី មេដឹកនាំតវ៉ានៅបឹងកក់ ដែលកំពុងត្រូវជាប់ឃុំ ខណៈដែលអ្នកស្រីរង់ចាំសវនាការទាក់ទិននឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការតវ៉ា។

អ្នកស្រី សោភា បាននិយាយថា “យើងនឹងផ្អាកការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ រហូតដល់ដំណាច់ឆ្នាំនេះ។ ប្រសិនបើអ្នកទាំងនោះត្រូវដោះលែង ពេលនោះយើងនឹងឈប់តែម្តង”។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានមានប្រសាសន៍នៅដើមខែនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមទៅនឹង “ដំណោះស្រាយ” ចំពោះមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប. “ប្រហែលនៅចុងខែធ្នូនេះ” ក្នុងជំនួបមួយជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។

បន្ទាប់ពីក្រុមសកម្មជនបានដោះអាវរបស់ពួកគេចេញកាលពីថ្ងៃច័ន្ទ ពួកគេបាននិយាយថា ពួកគេនឹងពាក់វាវិញហើយចាប់ផ្តើមការតវ៉ានៅខែក្រោយ ប្រសិនបើមនុស្សទាំង៦នាក់មិនត្រូវបានដោះលែងនោះទេ។

អ្នកស្រី សោភា បាននិយាយថា “យើងនឹងធ្វើថ្ងៃច័ន្ទពណ៌ខ្មៅសាជាថ្មី បើទោះជាមានតែអ្នកស្រី វន្នី នៅក្នុងពន្ធនាគារក៏ដោយ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស