32 C
Phnom Penh

គម្រោង​​​ស្ថាបនា​​ផ្លូវ​​​បេតុង​លើផ្លូវ​ដែក​​នឹង​​ប៉ះពាល់​ដល់​សហគមន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កំណាត់ផ្លូវដែកដែលលាតសន្ធឹងពីផ្លូវជាតិលេខ៥កាត់តាមសង្កាត់មួយចំនួនក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានទុកចោលមិនប្រើប្រាស់ច្រើនទសវត្សរ៍មកហើយ។ ផ្ទះមានជាជួរអមសងខាងផ្លូវដែកនេះ ហើយម៉ូតូបើកបរទៅមកតាមបណ្ដោយកំណាត់ផ្លូវដែលគ្មានហាង និងសំរាមនេះ។

ប៉ុន្តែនៅប៉ុន្មានខែខាងមុខ គម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង៥គីឡូម៉ែត្រ និងកាត់ចំដីផ្ទះរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ នេះបើយោងតាមមន្ត្រីឱ្យដឹងកាលពីម្សិលមិញ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍អំឡុងសន្និសីទកាសែតដែលលោកបានរៀបចំកាលពីម្សិលមិញបន្ទាប់ពីជួបជាមួយប្រជាពលរដ្ឋ ដើម្បីជូនដំណឹងអំពីគម្រោងនេះថា  ”យើងនឹងស្ថាបនាផ្លូវនេះ ព្រោះយើងត្រូវមានផ្លូវប្រសព្វឱ្យបានច្រើនសម្រាប់បើកបរនៅក្នុងរាជធានី។ ផ្លូវដែកនេះលែងសំខាន់ទៀតហើយ”។

សាលារាជធានីគ្រោងស្ថាបនាផ្លូវបេតុងលើកំណាត់ផ្លូវដែកប្រវែង៥គីឡូម៉ែត្រ ដែលរត់កាត់សង្កាត់មួយចំនួនក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ តាមការរំពឹង ទុកគម្រោងនេះនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងមូលដ្ឋាន។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី 

លោកថ្លែងថា តាមការរំពឹងទុកគម្រោងនេះនឹងចំណាយពេល៥ខែទើបចប់រួចរាល់ជាស្ថាពរ។ គម្រោងនេះនឹងត្រូវការដីប្រវែង១៥ម៉ែត្រសងខាងផ្លូវដែកដើម្បីស្ថាបនាផ្លូវមួយខ្សែដែលមានបួនគន្លង ធ្វើសួនច្បារខណ្ឌចែកទ្រូងផ្លូវ និងចិញ្ចើមថ្នល់ដែលមានប្រព័ន្ធលូ។

លោកបញ្ជាក់ថា កន្លែងណាដែលផ្លូវនេះប៉ះចំផ្ទះរបស់អ្នកភូមិ ម្ចាស់ផ្ទះនឹងទទួលបានសំណង ឬរៀបចំការរស់នៅជាថ្មី ហើយអ្នកដែលសុខចិត្តរស់នៅលើដីនៅសល់តាមបណ្ដោយផ្លូវថ្មីនេះក៏នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីផ្លូវការដែរ។

អភិបាលរូបនេះមានប្រសាសន៍ទៀតថា “យើងមានលទ្ធភាពស្វែងរកដំណោះស្រាយសមរម្យសម្រាប់ប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវដែកនេះ”។ លោកបានថ្លែងថា ដំបូងឡើយរដ្ឋាភិបាលមានគម្រោងស្ថាបនាផ្លូវដែលមានទទឹងរហូតដល់ទៅ៦០ម៉ែត្រឯណោះ ប៉ុន្តែបានកាត់បន្ថយវិញដើម្បីកុំឱ្យប៉ះចំផ្ទះច្រើនពេក។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ក្រុមការងារមួយកំពុងដំណើរការកំណត់ថាតើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារប្រឈមការបាត់បង់ដី ហើយនឹងចាប់ផ្ដើមចរចារឿងសំណងជាមួយពួកគាត់នៅពេលដ៏ខ្លីខាងមុខ។ លោកបានបន្ថែមថា លោកមិនដឹងពីការចំណាយប៉ាន់ស្មាននៃគម្រោងនេះទេ ដោយបង្វែរសំណួរទៅមន្ត្រីមន្ទីរសាធារណការរាជធានីដែលមិនអាចទាក់ទងបាន។

យោងតាមលោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលដែលតស៊ូមតិ ដើម្បីការពារសហគមន៍ប្រឈមការបណ្ដេញចេញ ឬមានជម្លោះដីធ្លីបានឱ្យដឹងថា ប្រជាពលរដ្ឋរាប់រយគ្រួសារនឹងរងផលប៉ះពាល់ដោយសារគម្រោងនេះ។

សាលារាជធានីគ្រោងស្ថាបនាផ្លូវបេតុងលើកំណាត់ផ្លូវដែកប្រវែង៥គីឡូម៉ែត្រ ដែលរត់កាត់សង្កាត់មួយចំនួនក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ តាមការរំពឹង ទុកគម្រោងនេះនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងមូលដ្ឋាន។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី 
សាលារាជធានីគ្រោងស្ថាបនាផ្លូវបេតុងលើកំណាត់ផ្លូវដែកប្រវែង៥គីឡូម៉ែត្រ ដែលរត់កាត់សង្កាត់មួយចំនួនក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ តាមការរំពឹង ទុកគម្រោងនេះនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងមូលដ្ឋាន។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកគូសបញ្ជាក់ថា “បើគេស្ថាបនាផ្លូវមួយដែលមានទទឹង៣០ម៉ែត្រ វានឹងប៉ះពាល់ច្រើនណាស់ គឺប៉ះពាល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។ វាជាការល្អដែលរដ្ឋាភិបាលរៀបចំវេទិកាបែបនេះ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ ប៉ុន្តែរដ្ឋាភិបាលត្រូវទុកពេលឱ្យបានគ្រប់គ្រាន់ដើម្បីពន្យល់ពីគម្រោងនេះ និងការតាំងលំនៅថ្មីដើម្បីឱ្យប្រជាពលរដ្ឋយល់ច្បាស់”។

លោកមានប្រសាសន៍ថា ទន្ទឹមនឹងរដ្ឋាភិបាលមានសិទ្ធិចាត់ចែងដីធ្លីឡើងវិញសម្រាប់សេវាសាធារណៈ “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងស្ដាប់ប្រជាពលរដ្ឋ មិនថារដ្ឋាភិបាលបន្តឬក៏បញ្ឈប់ដំណើរការនេះទេ”។

អ្នកស្រី សាយ លាងអេង អាយុ៣៥ឆ្នាំ ជាអ្នកលក់ម្ហូបអាហារដែលបានរស់នៅតាមបណ្ដោយផ្លូវដែកនេះអស់រយៈពេល២០ឆ្នាំមកហើយនិយាយថា គាត់បើកចិត្តទូលាយស្វាគមន៍គម្រោងនេះ។

អ្នកស្រីបាននិយាយទៀតថា “ខ្ញុំមានដីតែ៥ម៉ែត្រប៉ុណ្ណោះ វាមិនស្មើផ្លូវម្ខាងផងទេ។ ខ្ញុំមិនចង់ប្រឆាំងពួកគេទេ ប៉ុន្តែសូមផ្ដល់សំណងឱ្យបានសមរម្យ។ បើគេបណ្ដេញយើងដោយមិនឱ្យអ្វីយើងសោះ យើងនឹងមិននៅស្ងៀមទេ”៕ សុខុម (រាយការណ៍បន្ថែមដោយ Janelle Retka)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស