30 C
Phnom Penh

​ចិន​ផ្តល់​សម្ភារ​ដល់​ គ.ជ.ប. ​គិត​ជាទឹក​ប្រាក់​ចំនួន​១១លាន​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ទទួលបានរថយន្ត ម៉ូតូ សម្ភារសម្រាប់ធ្វើវីដេអូខុនហ្វឺរិន កុំព្យូទ័រ និងព្រីនធ័រពីប្រទេសចិនតគិតជាទឹកប្រាក់១១លានដុល្លារ គឺលើសពីតម្លៃនៃការផ្ដល់ជំនួយមុនៗពីសហភាពអឺរ៉ុប និងប្រទេសជប៉ុនសម្រាប់ប្រព័ន្ធចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប.បានមានប្រសាសន៍ថា សម្ភារទាំងនេះនឹងជួយឆ្លើយតបតាមតម្រូវការរបស់គ.ជ.ប. បើទោះជាលោកមិនបានបញ្ជាក់ថាមានប៉ុន្មានក៏ដោយ។ លោកបានមានប្រសាសន៍ថា សម្ភារទាំងនេះមិនគ្រប់គ្រាន់ទាំងស្រុងសម្រាប់យើងដើម្បីបម្រើការនៅគ.ជ.ប.ក៏ពិតមែន ប៉ុន្តែវាអាចាត់បន្ថយការលំបាករបស់យើងបានមួយចំនួន។

លោកបានថ្លែងថា រថយន្តនិងសម្ភារទាំងនេះជាអំណោយតែប៉ុណ្ណោះ ហើយគ្មានបំណងជះឥទ្ធិពលលើការបោះឆ្នោតនាពេលខាងមុខឡើយ។ លោកបានបន្ថែមថា ការផ្តល់អំណោយទាំងនេះធ្វើឡើងបន្ទាប់ពីមានការផ្តល់អំណោយមុនៗពីសហភាពអឺរ៉ុបជាទឹកប្រាក់ចំនួនចំនួន៦,៧លានដុល្លារ និងពីប្រទេសជប៉ុនចំនួន១,១លានដុល្លារ។

អំណោយនេះត្រូវបានប្រគល់នៅពិធីមួយដែលមានការចូលរួមជាអធិបតីដោយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

cam-photo-nec-channaយោងតាមសេចក្ដីថ្លែងការណ៍មួយដែលអានដោយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា អំណោយដែលរដ្ឋាភិបាលចិនបានផ្តល់ឱ្យនេះ រួមមានរថយន្ត៤៤គ្រឿង ម៉ូតូ២៩គ្រឿង សម្ភារសម្រាប់ធ្វើវីដេអូខុនហ្វើរិន២៦គ្រឿងកុំព្យូទ័រ៨០គ្រឿង និងព្រីនធ័រ៧៥គ្រឿង គិតជាទឹកប្រាក់មានតម្លៃ១១.៧៣០.០៣៦ដុល្លារ។

លោក ស៊ិក ប៊ុនហុក ថ្លែងថា “តាងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលចិនដែលតែងតែយកចិត្តទុកដាក់ និងជួយដល់ប្រទេសកម្ពុជា ហើយឥឡូវនេះជួយដល់ គ.ជ.ប. សម្រាប់រៀបចំការបោះឆ្នោតជាតិ និងការបោះឆ្នោតថ្នាក់ក្រោមជាតិ”។

លោក ស៊ិក ប៊ុនហុក បានកត់សម្គាល់ថា ម្ចាស់ជំនួយបរទេសដូចជាចិនបានផ្ដល់អំណោយដល់ការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីមានការបោះឆ្នោតជាតិឡើងវិញក្នុងឆ្នាំ១៩៩៣។

ប្រទេសកម្ពុជាទទួលបានអំណោយសប្បុរសយ៉ាងច្រើនពីប្រទេសចិននៅឆ្នាំនេះ ជាមួយនឹងការមកបំពេញទស្សនកិច្ចជាផ្លូវការរបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិនកាលពីខែតុលា និងការផ្ដល់ជំនួយថ្មីដល់ប្រទេសកម្ពុជាដែលមានទឹកប្រាក់២៣៧លានដុល្លារ។ អ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថា ការផ្ដល់ជំនួយកើនឡើងពីប្រទេសចិននេះឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្ដូរគោលនយោបាយអន្តរជាតិរបស់កម្ពុជាចំពោះប្រទេសជាតិខាងក្នុងតំបន់អាស៊ីមួយនេះដែលមិនខ្វល់ពីការរំលោភបំពានសិទ្ធិមនុស្ស។

លោក ធីទីណាន ពង់សុទ្ធិរក្ស (Thitinan Pongsudhirak) ប្រធានវិទ្យាស្ថានសិក្សាស្រាវ ជ្រាវផ្នែកសន្តិសុខ និងអន្តរជាតិនៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ បានមានប្រសាសន៍ថា អំណោយនេះបង្ហាញថា ការគាំទ្ររបស់កម្ពុជាចំពោះចិន “កាន់តែរឹងមាំ។

លោកបានលើកឡើងតាមអុីម៉េលថា “អំណោយជាទឹកប្រាក់នេះមិនច្រើនទេ ប៉ុន្តែសារៈសំខាន់ស្ថិតនៅត្រង់ថា អ្នកទទួលជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងប្រទេសកម្ពុជា។ ប្រទេសចិនផ្ដល់អំណោយដល់ផ្នែកនេះច្រើនជាងសហភាពអឺរ៉ុប និងជប៉ុនដែលជាមហាអំណាចដ៏ធំទទួលបន្ទុកក្នុងប្រទេសកម្ពុជា។

លោក Lee Morgenbesser អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Griffith នៃប្រទេសអូស្ត្រាលី និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា ”នៅពីក្រោយរនាំងបិទបាំង៖ ការបោះឆ្នោតក្រោមរបបផ្ដាច់ការក្នុងតំបន់អាស៊ីអាគ្នេយ៍” (Behind the Facade: Elections Under Authoritarianism in Southeast Asia ) បានលើកឡើងថា អំណោយរបស់ចិនចំពោះការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាធ្វើឱ្យមានសំណួរច្រើនជាងចម្លើយ។

លោក Morgenbesser បានថ្លែងថា “ស្ថានភាពនេះពិតជាមិនធម្មតាទេ។ ជំនាញរបស់ចិនក្នុងការរៀបចំការបោះឆ្នោតគឺតិចជាងជំនាញរបស់កម្ពុជា។  ទន្ទឹមនឹងខ្ញុំជំទាស់គំនិតដែលយល់ថា ការផ្តល់អំណោយនេះគាំទ្រដល់ ‘ការបោះឆ្នោតដោយសេរី’ មានសំណួរស៊ីជម្រៅចោទសួរថាតើអំណោយជាទឹកប្រាក់១១លានដុល្លារនេះសមនឹងឱ្យផ្ដោតការចាប់អារម្មណ៍ខ្លាំងដែរទេ”។

លោកបានថ្លែងថា មួយផ្នែកនៃការជំរុញទឹកចិត្តអាចជាការបង្កើនអានុភាពរបស់ចិនលើរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងប្រទេសមហាអំណាចលោកខាងលិច ជាពិសេសសហភាពអឺរ៉ុប និងជប៉ុន។

លោកថ្លែងថា ”ដោយមើលឃើញថា ការបោះឆ្នោតជាមធ្យោបាយដើម្បីឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានកាន់អំណាចជាថ្មីនោះ ប្រទេសចិនប្រាកដជាខំប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីធ្វើឱ្យរឿងនេះកើតឡើង”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស