ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចុះកិច្ចព្រមព្រៀងថ្មីដើម្បីបន្តប្រតិបត្តិការនៅកម្ពុជា មិនដល់ពីរសប្តាហ៍ផងមុនពេលដល់ថ្ងៃដែលរដ្ឋាភិបាលកំណត់ឱសានវាទឲ្យបិទការិយាល័យនេះប្រសិនបើមិនព្រមចុះអនុស្សរណៈនៃការយោគយល់ (MoU) ថ្មី។
គេមិនដឹងច្បាស់ទេថា តើមានសម្បទានអ្វីខ្លះ អំឡុងការចរចាររាប់ខែមកនេះជុំវិញអនុស្សរណៈនៃការយោគយល់គ្នានេះដែលផុតសុពលភាពជាងមួយឆ្នាំកន្លងមកហើយប៉ុន្តែពាក្យពេចន៍ថ្មី ត្រូវបានបន្ថែមនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ជាឯកសារដ៏ទូលំទូលាយដែលគូសបញ្ជាក់ពីសិទ្ធិនិងការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសដែលជាសមាជិករបស់ខ្លួន។
រដ្ឋាភិបាលបានទាមទារឲ្យបន្ថែមពាក្យពេចន៍ទៅក្នុងបទប្បញ្ញត្តិនានាដោយរារាំងអង្គការសហប្រជាតិមិនឲ្យជ្រៀតជ្រែកចូលក្នុងកិច្ចការអធិបតេយ្យភាពរបស់ខ្លួន ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាចំណាត់ការមួយដើម្បីបំបិទសិទ្ធិរិះគន់របស់ការិយាល័យសិទ្ធិមនុស្សមួយនេះ។
ជាជំនួសវិញ ធម្មនុញ្ញទាំងមូលត្រូវបានលើកឡើងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាថ្មី តាមសំណើរបស់អង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងការបរទេសកាលពីម្សិលមិញនៅតែសង្កត់ធ្ងន់លើការមិនជ្រៀតជ្រែក ជាមូលដ្ឋាននៃការបន្តការងាររបស់ខ្លួនជាមួយអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គឺផ្អែកលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដោយលើកឡើងពីគន្ថីមួយដែលចែងថា “ពុំមានបទប្បញ្ញត្តិណាមួយក្នុងធម្មនុញ្ញឲ្យអ.ស.ប ចូលជ្រៀតជ្រែកកិច្ចការដែលស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសជាសមាជិកនីមួយៗឡើយ”។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងបន្តថា អនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ ហើយនឹងអនុញ្ញាតឲ្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សបន្តប្រតិបត្តិការនៅប្រទេសកម្ពុជាពីរឆ្នាំទៀត។
អង្គការសហប្រជាជាតិបានបញ្ជាក់អំពីការចុះហត្ថលេខានេះ ហើយបានបង្ហោះច្បាប់ចម្លងនៃកិច្ចព្រមព្រៀងដែលមិនទាន់បានចុះហត្ថលេខាលើអីុនធឺណិត។
លោកស្រី លីហ្ស ស្រូសេល (Liz Throssell) អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំទីក្រុងហ្សឺណែវ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍តាមអីុម៉េលមួយថា”យើងបានឈានដល់កិច្ចព្រមព្រៀងដែលទទួលយកទៅវិញទៅមក និងដែលពិចារណាអំពីជំហររបស់ភាគីទាំងពីរ ហើយរក្សាសុចរិតភាពនៃ MoU នេះ”។
ទាំងអង្គការសហប្រជាជាតិ និងក្រសួងការបរទេសសុទ្ធតែបានលើកឡើងថា ខ្លួនទន្ទឹងរង់ចាំធ្វើការជាមួយគ្នាដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែអ្នកសង្កេតការណ៍បានលើកឡើងថា ដំណើរការដ៏អូសបន្លាយនិងការគំរាមបិទការិយាល័យសិទ្ធិមនុស្សមួយនេះគឺជាសញ្ញាបង្ហាញថា រដ្ឋាភិបាលនេះគ្មានបំណងធ្វើដូច្នេះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងបានទេកាលពីម្សិលមិញ ហើយអង្គការសហប្រជាជាតិបានបដិសេធមិនឆ្លើយតបនឹងសំណួរដែលសួរថា តើភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងដោយរបៀបណា?។
អនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានបង្ហោះនៅលើអីុនធឺណិតលើកឡើងថា វាជាមធ្យោបាយ “ដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃគោលបំណង និងគោលការណ៍ដែលត្រូវបានដាក់តម្កល់ក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ជាពិសេសមាត្រ២(កថាខ័ណ្ឌ៧) របស់ខ្លួន” ដែលសំដៅដល់ការមិនជ្រៀតជ្រែក។
ធម្មនុញ្ញនេះក៏បានគូសបញ្ជាក់ពីតួនាទី របស់អង្គការសហប្រជាជាតិនៅក្នុងការជួយលើកកម្ពស់ “ការគោរពជាសាកល និងការសង្កេតតាមដានសិទ្ធិមនុស្ស និងសេរីភាមូលដ្ឋានសម្រាប់ពលរដ្ឋទាំងអស់ដោយមិនគិតពីភាពខុសគ្នានៃពូជសាសន៍ ភេទ ភាសា ឬតំបន់”។
លោក ហ្វីល រ៉ូបឺតសុន (Phil Roberson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី បានលើកឡើងថា រដ្ឋាភិបាលនឹងពុះពារប្រើប្រាស់បទប្បញ្ញត្តិមិនជ្រៀតជ្រែកនេះដើម្បីបំបិទសិទ្ធិរបស់ការិយាល័យរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស។
លោកបានលើកឡើងតាមរយៈអីុម៉េលមួយថា “ខ្ញុំច្បាស់ថា មានអ្នកនៅក្នុងជួររដ្ឋាភិបាលដែលមើលឃើញថា បទប្បញ្ញត្តិស្តីពីកិច្ចការអធិបតេយ្យភាពនេះជាឥទ្ធិពលដើម្បីដាក់សម្ពាធលើការិយាល័យ OHCHR ប៉ុន្តែពួកគេនឹងមានការលំបាកក្នុងការធ្វើដូច្នេះ ដោយសារមានការវិនិច្ឆ័យពីអន្តរជាតិដ៏រឹងមាំនិងមិនផ្លាស់ប្តូរ ដែលគាំទ្រដោយមន្ត្រីការទូត និងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងៗទៀតសម្រាប់ការងារដែល OHCHR កំពុងធ្វើនៅកម្ពុជា”។
លោកបានបន្ថែមទៀតថា ការមិនផ្លាស់ប្តូររបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងការធ្វើឲ្យរដ្ឋាភិបាលផ្ទុះកំហឹង គឺជាការបង្ហាញថា ការិយាល័យនេះកំពុងបំពេញតួនាទីរបស់ខ្លួននៅក្នុងការរាយការណ៍អំពីការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។
លោកបានថ្លែងថា “លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកដឹងថា ខ្លួនកំពុងរំលោភបំពានសិទ្ធិមនុស្សជាប្រចាំ បុ៉ុន្តែ ពួកគេមិនចង់ឲ្យគេនិយាយអំពីបញ្ហានេះឡើយ”។
លោកបានថ្លែងបន្តថា “ខ្ញុំសូមលើកឡើងថា ការខិតខំការពារខ្លួនរបស់រដ្ឋាភិបាលបង្ហាញថា OHCHR កំពុងធ្វើការងារបានយ៉ាងល្អតាមគោលការណ៍នៅក្នុងការចងក្រងឯកសារ និងលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ជាមួយរដ្ឋាភិបាល ហើយពួកគេគួរតែបន្តងើបឡើងតតាំងនឹងការរិះគន់មិនត្រឹមត្រូវពីសំណាក់រដ្ឋាភិបាល”។
លោក ឌុច ពិសិដ្ឋ ប្រធានផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ការខិតខំរបស់រដ្ឋាភិបាលក្នុងការតតាំងនឹងការរិះគន់ដោយលើកឡើងពីអធិបតេយ្យភាពរបស់ខ្លួននោះ មិនមែនជារឿងថ្មីទេ ហើយថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមួយនេះគួរតែត្រៀមខ្លួនបិទជាជាងមិនហ៊ាននិយាយអ្វីទាល់តែសោះ។
លោកបានមានប្រសាសន៍ថា “ចាប់ពីទស្សនៈស្តីពីសិទ្ធិមនុស្ស អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកសុទ្ធតែមិនពាក់ព័ន្ធទេ ព្រោះសហគមន៍អន្តរជាតិមានការទទួលខុសត្រូវនៅក្នុងការការពារសិទ្ធិមនុស្សទូទាំងពិភពលោក”។ លោកបានបន្ថែមថា នៅប៉ុន្មាន ឆ្នាំខាងមុខនេះនឹងជាពេលសាកស្បងការតាំងចិត្តរបស់អង្គការសហប្រជាជាតិចំពោះតម្លៃទាំងនោះនៅកម្ពុជា។
លោកបានមានប្រសាសន៍បន្តទៀតថា “ការិយាល័យអង្គការសហប្រជាជាតិមួយនេះត្រូវតែចាត់វិធានការឲ្យបានតឹងរឹុងចំពោះរដ្ឋាភិបាល ហើយកុំខ្លាចគេបិទការិយាល័យរបស់ខ្លួន ឬជម្រើសមួយទៀតត្រូវហ៊ានលះបង់អាណត្តិរបស់ខ្លួននៅក្នុងការការពារនិងការលើកកម្ពស់សិទ្ធិបុគ្គលគ្រប់រូបនៅកម្ពុជា”។
ភាពតានតឹងដែលកំពុងកើនកម្តៅឡើងរវាងរដ្ឋាភិបាល និងអង្គការសហប្រជាជាតិកាលពីពីរឆ្នាំកន្លងមកនេះឆ្លុះបញ្ចាំងអំពីស្ថានភាពសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរទៅ មុនការបោះឆ្នោតឃុំសង្កាត់២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ជាការបោះឆ្នោតដំបូងចាប់តាំងពីគណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រយ៉ាងច្រើនប្រកៀកប្រកិតនឹងគណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ២០១៣មក។
ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥មកចំនួនអ្នកទោសនយោបាយមានការកើនឡើងយ៉ាងខ្លាំងនេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូដែលកំណត់តួលេខក្នុងពេលបច្ចុប្បន្នរហូតដល់២៦នាក់។ ក្រុមអ្នកទោសនយោបាយនោះ រួមមានមន្ត្រីការពារសិទ្ធិមនុស្សបួនរូប មន្ត្រីរៀបចំការបោះឆ្នោតមួយរូប ព្រមទាំងសកម្មជន និងមន្ត្រីគណបក្សប្រឆាំងមួយចំនួនទៀត៕ស៊ុយឈាង