លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅដល់ទីក្រុងហាណូយកាលពីម្សិលមិញ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃជាមួយនឹងគម្រោងចុះសន្ធិសញ្ញាថ្មីៗជាច្រើនជាមួយសម្ព័ន្ធមិត្តយូរអង្វែងរបស់លោក នេះបើយោងតាមសារមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក។
យោងតាមសារនោះបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងរួមមានការជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វុក និងប្រធានសភាវៀតណាម ង្វៀន ធី គីម ង៉ាន (Nguyen Thi Kim Ngan) ព្រមទាំងការចុះសន្ធិសញ្ញាពាក់ព័ន្ធការផ្ទេរអ្នកទោស ជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងសំណុំរឿងព្រហ្មទណ្ឌ និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនារបស់កម្ពុជា និងសមភាគីវៀតណាម។
លោក ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍ដោយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ព្រមទាំងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម ហើយលោកក៏បានទៅគោរពវិញ្ញាណក្ខន្ធទាហានវៀតណាមដែលបានពលីជីវិតផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេស និងក្រសួងយុត្តិធម៌មិនអាចទាក់ទងសុំការបំភ្លឺបានទេទាក់ទិនដំណើរទស្សនកិច្ចនេះ។
លោក ហ៊ុន សែន មិនបានលើកឡើងពីវិវាទព្រំដែនដែលកំពុងកើតមានរវាងប្រទេសទាំងពីរដែលកាលពីខែមុន បានស្នើសុំឱ្យបារាំងជួយចម្លងផែនទីថ្មីនៃតំបន់មានវិវាទ ដើម្បីជួយដល់ការកំណត់ព្រំដែននោះទេ៕ សុខុម