35 C
Phnom Penh

ក្មេង​​​ស្រី​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​ជួយ​​​សង្គ្រោះ​​​ចេញ​​​ពី​​​ផ្ទះ​​​បន​​​​​​ដែល​​​បើក​​​ក្រោម​​​ស្លាក​​​កន្លែង​​​ម៉ាស្សា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរបាននិយាយកាលពីម្សិលមិញថា នគរបាលបានចាប់ខ្លួនម្ចាស់ហាងម៉ាស្សាមួយកន្លែងដែលបង្កប់សេវាផ្លូវភេទ ហើយបានជួយសង្គ្រោះក្មេងស្រីជំទង់ពីរនាក់ និងស្ត្រីវ័យក្មេង៥នាក់ទៀតពីកន្លែងនោះ។

លោក លី ឡៃ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា នាយកដ្ឋាននេះបានចាប់ខ្លួនលោក លឹម វិញ ដែលបើកហាងម៉ាស្សានេះពីផ្ទះល្វែងនៅផ្លូវលេខ២៧១អំឡុងការឆ្មក់ចូលកាលពីថ្ងៃច័ន្ទបន្ទាប់ពីមានការសើុបអង្កេត។

លោកបានថ្លែងថា “បុរសរូបនេះបានបើកហាងម៉ាស្សានេះ ប៉ុន្តែប្រើប្រាស់កន្លែងនេះផ្តល់សេវាផ្លូវភេទទៅវិញ។ ឥឡូវនេះយើងកំពុងសាកសួរម្ចាស់ហាង និងស្ត្រីវ័យក្មេងទាំង៧នាក់”។

ក្មេងស្រីពីរនាក់ក្នុងចំណោមក្មេងស្រីទាំងនោះនិយាយថា ពួកគេមានអាយុ១៦ និង១៧ឆ្នាំ ចំណែកស្ត្រី៥នាក់ទៀតប្រាប់ថា ពួកគេមានអាយុចន្លោះពី១៨ឆ្នាំដល់២២ឆ្នាំ ប៉ុន្តែ លោក លី ឡៃ និយាយថា លោកជឿថា ក្មេងស្រីទាំងនេះក្មេងជាងនេះ ហើយលោកនឹងផ្ទៀងផ្ទាត់អាយុរបស់ពួកគេជាមួយក្រុមគ្រួសាររបស់ពួកគេ។

លោកថ្លែងថា “យើងគិតថា ក្មេងស្រីទាំង២នាក់នេះអាយុ១៤ឆ្នាំ និង១៥ឆ្នាំតែប៉ុណ្ណោះ ពីព្រោះពួកគេមើលទៅក្មេងណាស់”។

ស្ត្រីទាំងនេះបានប្រាប់នគរបាលថា លោក លឹម វិញ អាយុ៦១ឆ្នាំ បានឱ្យពួកគេរួមភេទជាមួយភ្ញៀវ ហើយយកប្រាក់ទាំងនោះទុក ជាការចោទប្រកាន់ដែលអាចមានទោសជាប់ពន្ធនាគារពី៧ឆ្នាំដល់១០ឆ្នាំ។

លោកបានថ្លែងថា ការសាកសួរមិនទាន់បានបង្ហាញឲ្យដឹងថា តើស្ត្រីទាំងនេះទីបំផុតបានធ្លាក់ខ្លួនទៅដល់ហាងម៉ាស្សាស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនេះដោយរបៀបណានៅឡើយទេ។ លោកបានបន្ថែមថា ករណីស្រដៀងគ្នាជាច្រើនអាចបណ្តាលមកពីបំណុលគ្រួសារ។

លោកបានមានប្រសាសន៍ថា “ឪពុកម្តាយភាគ ច្រើនបានយកលុយពីម្ចាស់ហាងមុនហើយពួកគេតម្រូវឲ្យស្នាក់នៅក្នុងហាងនោះរហូតដល់សងបំណុលរួច រួមទាំងការប្រាក់ផងដែរ។ ក្មេងស្រីទាំងនេះមិនត្រូវបានឃុំខ្លួនទេ ប៉ុន្តែ ពួកគេមិនអាចចេញពីហាងនោះបានទេ”លុះណាតែសងបំណុលរួចអស់សិន។

លោក លី ឡៃ បានមានប្រសាសន៍ថា ហាងម៉ាស្សានេះត្រូវបានបិទកាលពីល្ងាចថ្ងៃច័ន្ទ ហើយឥឡូវនេះស្ថិតក្រោមការគ្រប់គ្រងរបស់សាលាដំបូងរាជធានីភ្នំពេញ។

លោកបានថ្លែងថា “ឥឡូវនេះយើងកំពុងរៀបចំឯកសារបញ្ជូនទៅតុលាការនៅថ្ងៃស្អែក។ លោកបានថ្លែងថា បុគ្គលិកស្ត្រីទាំង៧នាក់នោះ នឹងត្រូវបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញនៅថ្ងៃនេះ បន្ទាប់ពីអាជ្ញាធរសាកសួរពួកគេរួចរាល់៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស