38 C
Phnom Penh

កសិករ​តវ៉ា​ក្នុង​ក្រុង​ភ្នំពេញ​ប្រឆាំង​ក្រុមហ៊ុន​ចម្ការ​អំពៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិករប្រហែល១០០នាក់មកពីខេត្តកោះកុងបានធ្វើដំណើរមកក្រុងភ្នំពេញកាលពីថ្ងៃអង្គារដើម្បីទាមទារឲ្យមន្ត្រីរដ្ឋាភិបាលរកដំណោះស្រាយចំពោះជម្លោះដីធ្លីរបស់ពួកគាត់ដែលកើតមានជាយូរមកហើយ ជាមួយក្រុមហ៊ុនចម្ការអំពៅបី ដែលពួកគាត់ចោទថាបានប្លន់យកដីរបស់ពួកគាត់។

អ្នកតវ៉ាភាគច្រើនអះអាងថា ដីធ្លីរបស់ពួកគាត់ត្រូវបានដណ្តើមយកដោយចម្ការពីរ ដែលពេលនោះជារបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ប៉ុន្តែតាំងពីពេលនោះមកត្រូវបានទិញយកដោយដៃគូថៃរបស់លោក។

អ្នកតវ៉ាប្រហែល១៥នាក់ស្ថិតក្នុងជម្លោះមួយស្រដៀងគ្នាជាមួយចម្ការមួយរបស់ក្រុមហ៊ុន ហេង ហ៊ុយ កសិកម្ម (Heng Huy Agriculture) នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ដងពែង ជាតំបន់ការពារក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

cam-photo-protest-channaអ្នកស្រី ប៉ាវ ងឿង ដែលបាននិយាយបន្ថែមថា អ្នកស្រីបានបាត់បង់ផ្ទះរបស់អ្នកស្រីទៅលើចម្ការ ហេង ហ៊ុយ ហើយចម្ការរបស់អ្នកស្រីបាត់ទៅលើចម្ការមួយក្នុងចំណោមចម្ការពីរផ្សេងទៀត បាននិយាយថា “យើងកាន់តែក្រ ដោយសារតែរដ្ឋាភិបាលផ្តល់សម្បទានដីសេដ្ឋកិច្ចទៅក្រុមហ៊ុនជាច្រើន ដែលដណ្តើមយកផ្ទះសំបែងរបស់យើង។ ដីចម្ការជាជីវិតរបស់យើង។ យើងចង់បានដីធ្លីរបស់យើងវិញ”។

យោងតាមអ្នកតវ៉ា អ្នកតវ៉ាបានចំណាយពេលប្រហែលពីរម៉ោងនៅខាងក្រៅរដ្ឋសភា មុនពេលបុគ្គលិកផ្តល់យោបល់ថា ពួកគេទទួលយកបណ្តឹងទៅក្រសួងបរិស្ថាន។ បន្ទាប់មកពួកគាត់បានចំណាយពេលពីរម៉ោងទៀតនៅទីនោះ មុនពេលមន្ត្រីម្នាក់បានព្រមានពួកគាត់ថា សន្តិសុខក្រុងនឹងដេញពួកគាត់ចេញ។

ដោយមិនរាថយ ពួកគាត់បាននិយាយថា ពួកគាត់នឹងព្យាយាមដាក់ញត្តិទៅក្រសួងរៀបចំដែនដី និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតនៅថ្ងៃនេះ។

ទាក់ទងនាពេលបន្ទាប់នៅល្ងាចនោះ អ្នកស្រី ងឿង បាននិយាយថា វត្តសាមគ្គីរង្សី ដែលជាយូរមកហើយបានផ្តល់ជម្រកដល់អ្នកតវ៉ាដែលមកពីកន្លែងផ្សេង បានបដិសេធមិនអនុញ្ញាតឲ្យពួកគាត់ស្នាក់នៅនាពេលយប់នោះទេ។

លោក ប៊ុន ឡឺត អភិបាលខេត្តកោះកុង បាននិយាយថា ក្រសួងរៀបចំដែនដីកំពុងធ្វើការដោះស្រាយជម្លោះនេះ ប៉ុន្តែ លោកមិនបានដឹងសេចក្តីលម្អិតទេ។ លោក ជាម សុផលមករា អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថា ក្រុមមន្ត្រី “កំពុងដោះស្រាយបញ្ហានេះ” ប៉ុន្តែបានបដិសេធមិននិយាយពិស្តារទេ។ អ្នកតំណាងជាច្រើនរបស់ចម្ការមិនអាចទាក់ទងបានឡើយ។

លោក ហេង ហ៊ុយ ជាម្ចាស់ក្រុមហ៊ុនដែលដាក់តាមឈ្មោះរបស់ខ្លួន បានចោទក្រុមកសិករថាបានមកកាន់កាប់ដី ក្រោយពីវាត្រូវបានរដ្ឋាភិបាលផ្តល់ឲ្យលោកប៉ុណ្ណោះ។

ចម្ការពីរផ្សេងទៀតក៏បានបដិសេធថាមិនបានធ្វើខុសដែរ។ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានចោទចម្ការទាំងបីថាបានរំលោភសិទ្ធិដីធ្លីរបស់ក្រុមអ្នកស្រុកមូលដ្ឋាន៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស