38.1 C
Phnom Penh

ធនាគារ​អេស៊ីលីដា​ប្តឹង​មន្ត្រី​រដ្ឋាភិបាល​ពី​បទ​បរិហារកេរ្តិ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានដាក់ពាក្យប្តឹងពីបទបរិហារកេរ្តិ៍ទៅនគរបាលកាលពីថ្ងៃច័ន្ទ ចំពោះមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដែលបានចោទធនាគារនេះថាបានឃុបឃិតជាមួយភរិយារបស់អភិបាលខេត្ត ដោយបង្កើតឯកសារពន្ធយានយន្តក្លែងបន្លំ។

លោក អិុន ចាន់នី ប្រធានធនាគារដ៏ធំបំផុតរបស់ប្រទេសនេះជាយូរមកហើយ បានដាក់ពាក្យប្តឹង លោក ផែង វណ្ណៈ ទៅអគ្គស្នងការនគរបាលជាតិ ដោយស្នើសុំឲ្យមានវិធានការផ្លូវច្បាប់ចំពោះមន្ត្រីរដ្ឋាភិបាលរូបនេះ ពីបទបង្ខូចកេរ្តិ៍ឈ្មោះរបស់ធនាគារតាមរយៈការអធិប្បាយ “មិនពិត” ដែលបង្ហោះតាមហ្វេសប៊ុក។

ពាក្យបណ្តឹងដែលចុះហត្ថលេខាដោយលោក អិុន ចាន់នី និងចុះកាលបរិច្ឆេទថ្ងៃច័ន្ទ មានខ្លឹមសារថា “សូមចាត់វិធានការចំពោះជនដែលបានផ្សព្វផ្សាយព័ត៌មាននេះ”។

លោក វណ្ណៈ បានអះអាងថា ឯកសារមួយដែលចេញដោយធនាគារនេះបានបង្ហាញថា ភរិយារបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបង់ប្រាក់ពន្ធមិនត្រឹមត្រូវ។ ប័ណ្ណបង់ពន្ធរថយន្តចំនួនពីរសន្លឹកដែលជាប្រភេទរថយន្តដូចគ្នា ប៉ុន្តែតម្លៃបង់ពន្ធខុសគ្នា ដោយរថយន្តមួយជារបស់ភរិយាលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបង់២០០.០០០រៀល ចំណែករថយន្តមួយទៀតដែលម្ចាស់ជាប្រជាពលរដ្ឋធម្មតាបង់៦០០.០០០រៀល។

លោក វណ្ណៈ ដែលវត្តមានហ្វេសប៊ុកបង្កហេតុរបស់លោក បាននាំឲ្យលោកត្រូវផ្តន្ទាទោសកាលពីខែមីនា ពីបទបរិហារកេរ្តិ៍សមាជិកព្រឹទ្ធសភាម្នាក់ ដោយសារការផ្សព្វផ្សាយព័ត៌មានរឿងស្នេហាលួចលាក់ បាននិយាយថា ធនាគារនេះមានសិទ្ធិចោទប្រកាន់លោកពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ហើយថាតាំងពីពេលនោះមក លោកបានដឹងថា លោកបានធ្វើខុស។

លោកបាននិយាយថា “បើគេគិតថា អ្វីដែលខ្ញុំបាននិយាយ គឺមិនពិត ហើយប៉ះពាល់ពួកគេ គឺសមហេតុផលហើយដែលគេប្តឹង”។

“ខ្ញុំនឹងទទួលខុសត្រូវ និងផ្តល់ការបំភ្លឺ…។ ខ្ញុំនឹងសុំទោសពួកគេ ហើយបើគេនៅតែមិនទទួល ខ្ញុំអាចត្រូវពិន័យ”។

លោកបាននិយាយទៀតថា “ខ្ញុំថា ធនាគារបានឃុបឃិតជាមួយគេ អ៊ីចឹងនិយាយដោយទទួលខុសត្រូវនិងយុត្តិធម៌ទៅ គឺខ្ញុំខុសហើយ”។

លោក វណ្ណៈ បាននិយាយថា សម្តីភាន់ច្រឡំរបស់លោកបានកើតមានឡើងដោយសារតែការភាន់ច្រឡំក្នុងរបាយការណ៍មួយ ដែលធ្វើឡើងដោយមន្ទីរសាធារណការខេត្តសៀមរាប។

លោកបាននិយាយថា “នៅមានកំហុសជាមួយស្ថាប័នរដ្ឋនៅឡើយ…ពីព្រោះវាបានដាក់ចំណាត់ថ្នាក់រថយន្តដោយមិនត្រឹមត្រូវ”៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស