36 C
Phnom Penh

លោក ស ខេង អាច​​នឹង​ត្រូវ​រដ្ឋ​​សភា​កោះហៅ​​ទៅ​​ឆ្លើយ​បំភ្លឺ​ទាក់​ទិនការធ្វើឃាតលោក កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាចប្រឈមការសាកសួរឱ្យឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភាទាក់ទិនការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ បន្ទាប់ពីតំណាងរាស្ត្រជាន់ខ្ពស់មួយរូបនៃគណបក្សសង្គ្រោះជាតិបានដាក់សំណើជូនប្រធានរដ្ឋសភាកាលពីថ្ងៃអង្គារ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាបានដាក់លិខិតស្នើសុំលោក ហេង សំរិន ប្រធានរដ្ឋសភាដើម្បីកោះហៅលោក ស ខេង ឱ្យចូលទៅឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មការនេះ។

លោកថ្លែងថា “យើងកំពុងទាក់ទង [លោក អេង ឆៃអ៊ាង] ដើម្បីសម្រេចថាតើត្រូវកោះហៅសម្ដេច ស ខេង ឬក៏អត់ ព្រោះសំណុំរឿងនេះបានធ្លាក់ដល់ដៃតុលាការហើយ” ហើយថា លិខិតនេះមិនបញ្ជាក់កាលបរិច្ឆេទសម្រាប់ការកោះហៅទេ។ ”លិខិតនេះមិនទាន់បញ្ជូនទៅសម្ដេចប្រធានរដ្ឋសភាសម្រាប់ការអនុម័តនៅឡើយទេ”។

ទាក់ទិនបញ្ហានេះ លោក អេង ឆៃអ៊ាង មិនអាចទាក់ទងសុំការបំភ្លឺបានទេ ចំណែកឯសហការីនៅក្នុងគណៈកម្មការនេះបានបង្វែរសំណួរទៅលោកដែលជាប្រធានគណៈកម្មការ។

photo-kem-ley_WEBលោក កែម ឡី ជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព និងជាអ្នករិះគន់គណបក្សកាន់អំណាចដ៏មានឥទ្ធិពល ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងសាហាវក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង (កាល់តិចស្តុបបូកគោ) ក្នុងរាជធានីភ្នំពេញកាលពីខែកក្កដា បង្កភាពរំជើបរំជួលពេញផ្ទៃប្រទេស និងធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់នាំគ្នាចេញទៅតាមដងផ្លូវដើម្បីដង្ហែសពរបស់លោក។

នៅពេលសមត្ថកិច្ចចាប់បានជនសង្ស័យជាឃាតករឈ្មោះ អឿត អាង ក្នុងរយៈពេល១ម៉ោងក្រោយការបាញ់សម្លាប់ ជនសង្ស័យបានប្រាប់ថាខ្លួនឈ្មោះ “ជួប សម្លាប់” ហើយនិយាយថា ខ្លួនសម្លាប់ជនរងគ្រោះដោយសាររឿងជំពាក់លុយ៣.០០០ដុល្លារមិនព្រមសង។ វីដេអូឃ្លីបនៃការឆ្លើយសារភាពរបស់ជនសង្ស័យត្រូវបានបង្ហោះភ្លាមៗតាមប្រព័ន្ធអុីនធឺណិត។

ប៉ុន្តែមិត្តភក្ដិ និងក្រុមគ្រួសាររបស់ អឿត អាង ដែលជាអន្ទិត និងជាទាហាននិយាយថា ពួកគេមិនធ្លាប់ឮជនសង្ស័យនិយាយពីលោក កែម ឡី ទេ ហើយចាំបានថា ជនសង្ស័យនិយាយថា ខ្លួនមកភ្នំពេញដើម្បីចូលបម្រើយោធា១០ថ្ងៃមុនហេតុការណ៍បាញ់សម្លាប់។

លោក លី សុផាណា អ្នកនាំាពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា ចៅក្រមស៊ើបសួរកំពុងបន្តស៊ើបអង្កេតឃាតកម្មនេះ។ ប៉ុន្តែបណ្ដាអ្នកមានមន្ទិលសង្ស័យនិយាយថា ដោយសារការខ្វះព័ត៌មានសាធារណៈ និងអសមត្ថភាពរបស់អ្នកស៊ើបអង្កេតក្នុងសំណុំរឿងនេះ លទ្ធផលចេញមកប្រាកដជាស្រដៀងគ្នាទៅនឹងឃាតកម្មលើអ្នករិះគន់គណបក្សប្រជាជនកម្ពុជាកន្លងមកដែលគ្មានការដោះស្រាយដែរជាមិនខាន។

ដោយព្យាយាមចៀសវាងការបដិសេធរបស់រដ្ឋាភិបាលមិនព្រមបញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាពនៃហេតុការណ៍បាញ់សម្លាប់លោក កែម ឡី លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានដាក់សំណើមួយទៅតុលាការនៅសហរដ្ឋអាមេរិក ដោយស្នើក្រុមហ៊ុន ឈេហ្វរ៉ុន (Chevron) ជាក្រុមហ៊ុនថាមពលខ្នាតយក្សដែលធ្វើប្រតិបត្តិការក្រោមយីហោកាល់តិចនៅក្នុងប្រទេសកម្ពុជា ឱ្យបញ្ចេញវីដេអូនោះ។

លោក កែម រិទ្ធីសិទ្ធិ ប្អូនប្រុសរបស់លោក កែម ឡី បានសម្ដែងការពេញចិត្តចំពោះការប្រឹងប្រែងកោះហៅលោក ស ខេង ទៅឆ្លើយបំភ្លឺ ហើយលោកនិយាយថា លោកនឹងដឹកនាំសកម្មភាពផ្ទាល់ខ្លួនដើម្បីជំរុញឱ្យបញ្ចេញវីដេអូនោះ។

លោកលើកឡើងថា “សពរបស់គាត់មិនមែនជារបស់គ្រួសារទេ ប៉ុន្តែជារបស់ពលរដ្ឋគ្រប់រូប។ យើងមានគម្រោងដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងតុលាការដើម្បីសុំឱ្យបញ្ចេញរូបភាពវីដេអូក្នុងថ្ងៃខ្មាន់កាំភ្លើងបាញ់សម្លាប់គាត់”។

លោកបាននិយាយទៀតថា វីដេអូនោះមិនត្រូវបង្ហាញឱ្យតែគ្រួសាររបស់លោកមើលនោះទេ ពោលគឺត្រូវផ្សាយឱ្យបានទូលំទូលាយដើម្បីស្រាយកំហឹងរបស់សាធារណជនដែលចង់បានចម្លើយទាក់ទិនសំណុំរឿងនេះ។ “រូបភាពវីដេអូនៃការបាញ់ប្រហារបងប្រុសខ្ញុំ គួរតែបញ្ចេញឱ្យសាធារណជនបានឃើញតាមបណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុកជាដើម ឬចាក់បញ្ចាំងតាមទូរទស្សន៍ក្នុងស្រុកឱ្យសាធារណជនបានឃើញ និងកាត់សេចក្ដី” ចំពោះអ្វីដែលបានកើតឡើង។

ប្អូនប្រុសរបស់អ្នកវិភាគរូបនេះនិយាយថា លោកជឿថា ការស៊ើបអង្កេតដែលមានតម្លាភាពនឹងបង្ហាញថា ឈ្មោះ អឿត អាង “មិនមែនជាមនុស្សតែម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងឃាតកម្មដ៏សាហាវនេះទេ”។

លោក កែម រិទ្ធីសិទ្ធិ បានបញ្ជាក់ថា អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី និងកូនប្រុសប្រាំនាក់របស់គាត់កំពុងស្ថិតនៅក្នុងទីក្រុងបាងកកនៅឡើយ ក្រោមការមើលថែរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីភៀសខ្លួនទៅទីនោះកាលពីខែសីហា ដោយសារព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ អ្នកស្រី ប៊ូ រចនា កំពុងមានផ្ទៃពោះ នៅពេលលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ហើយក្រោយមកក៏សម្រាលបានកូនប្រុសម្នាក់។

លោកបាននិយាយថា ”គាត់និងកូនៗរបស់គាត់កំពុងស្ថិតនៅក្នុងប្រទេសថៃនៅឡើយ រង់ចាំបំពេញសំណុំឯកសារដើម្បីចេញទៅប្រទេសអូស្ត្រាលី” ទីដែលពួកគាត់សង្ឃឹមតាំងលំនៅថ្មីនៅទីនោះ៕ សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស