32 C
Phnom Penh

ជនជាតិ​ម៉ុងតាញ៉ា​​វិល​ត្រឡប់ទៅ​ប្រទេស​វៀតណាមវិញ ក្រោយ​​​ក្រសួង​​​បញ្ចប់ការសម្ភាស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្វែងរកសិទ្ធិជ្រកកោនមួយក្រុមមានគ្នា១៣នាក់ ដែលបានភៀសខ្លួនពីវៀតណាមមកប្រទេសកម្ពុជា អំឡុងរយៈពេល២ឆ្នាំមកនេះដើម្បីដាក់ពាក្យស្នើសុំឋានៈជាជនភៀសខ្លួនបានវិលត្រឡប់ទៅតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសកំណើតរបស់ពួកគេវិញហើយកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីក្រសួងមហាផ្ទៃបានបញ្ចប់ការសម្ភាសក្រុមទាំងមូលនេះដែលមានគ្នា១៦៧នាក់កាលពីសប្ដាហ៍មុន។

ឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានដឹកជញ្ជូនក្រុមមានគ្នា១៣នាក់នេះកាត់តាមច្រកព្រំដែនអូរយ៉ាដាវ ខេត្តរតនគិរី ហើយមន្ត្រីវៀតណាមបានមកទទួលពួកគេ ហើយបញ្ជូនពួកគេទៅស្រុកកំណើតវិញ នេះបើយោងតាមការឱ្យដឹងពីលោកស្រី វីវៀន តាន អ្នកនាំពាក្យប្រចាំតំបន់នៃទីភ្នាក់ងារជនភៀសខ្លួនមួយនេះ។

លោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃមានប្រសាសន៍ថា  នាយកដ្ឋានរបស់លោកបានបញ្ចប់ការសម្ភាសជនស្វែងរកសិទ្ធិជ្រកកោនទាំង១៦៧នាក់ដែលមកពីតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាមកាលពីថ្ងៃសុក្រ។

លោកថ្លែងថា ”យើងមិនទាន់កំណត់ថា ប៉ុន្មាននាក់ជាប់ និងប៉ុន្មាននាក់ធ្លាក់នៅឡើយទេ។ ពេលនេះយើងកំពុងវាយតម្លៃករណីនីមួយៗដើម្បីកំណត់ឋានៈរបស់ជនស្វែងរកសិទ្ធិជ្រកកោន ហើយបន្ទាប់មកយើងនឹងបញ្ជូនពួកគេមួយករណីម្ដងៗដើម្បីឱ្យក្រសួងមហាផ្ទៃវាយតម្លៃសម្រេចជាចុងក្រោយ”។

លោកបានលើកឡើងទៀតថា លោកមិនដឹងថា ដំណើរការវាយតម្លៃនេះនឹងបញ្ចប់នៅពេលណាទេ ប៉ុន្តែថា សំណើភាគច្រើនរបស់ក្រុមនេះទំនងជាត្រូវបានច្រានចោល។

ការលូកដៃរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធដំណើរការនេះបានបង្កឱ្យមានភាពចម្រូងចម្រាស ដោយបណ្ដាអ្នកតស៊ូមតិដើម្បីការពារសិទ្ធិមនុស្សលើកឡើងថា ប្រទេសកម្ពុជាមិនពិចារណាឱ្យបានត្រឹមត្រូវនោះទេចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនេះ ដោយសារតែរងសម្ពាធនយោបាយពីប្រទេសវៀតណាម។

UNHCR និយាយថា ក្រុមដែលត្រូវបានបញ្ជូនត្រឡប់ទៅវិញនៅក្នុងឆ្នាំកន្លងទៅ “ហាក់រស់នៅក្នុងភូមិឋានរបស់ខ្លួនវិញដោយគ្មានបញ្ហាធំដុំឡើយ”។

លោកស្រី ដេនីស ខាហ្វលែន (Denise Coghlan) នាយិកាអង្គការ Jesuit Refugee Service ដែលបាននិងកំពុងផ្ដល់ជំនួយដល់ជនជាតិម៉ុងតាញ៉ានៅក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គ្រួសារមួយដែលស្ថិតក្នុងចំណោមមនុស្សទាំង១៣នាក់នេះ បានប្ដឹងជំទាស់ការបដិសេធមិនព្រមទទួលយកពួកគេ មុនពេលត្រូវគេបញ្ជូនទៅវៀតណាមវិញ។

ខណៈ UNHCR បន្តឃ្លាំមើលអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅវិញ លោកស្រីលើកឡើងថា ”ពួកគេប្រហែលបន្តឃ្លាំមើលជាពិសេស”សម្រាប់ករណីនោះ៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស