វត្តសាមគ្គីរង្សី ធ្លាប់ជាវត្តមួយក្នុងចំណោមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញដែលអ្នកតវ៉ារងការបណ្តេញចេញដោយបង្ខំមកពីក្រៅក្រុងអាចប្រាកដថា ជាកន្លែងសម្រាប់ស្នាក់នៅអំឡុងពេលយប់ប្រកបដោយសុវត្ថិភាពនិងមិនអស់ប្រាក់ ខណៈពួកគាត់ព្យាយាមស្នើសុំឲ្យរដ្ឋាភិបាលជួយ។
តែឥឡូវលែងមានបែបនេះទៀតហើយ។ វត្តនេះមិនបានអនុញ្ញាតឲ្យក្រុមអ្នកតវ៉ាដំបូងចូលវត្តនោះឡើយកាលពីយប់ថ្ងៃអង្គារ។
ទោះបីជាក្រុមអ្នកតវ៉ាមកពីខេត្តកោះកុងត្រូវបានអនុញ្ញាតឲ្យចូលវត្តនេះកាលពីព្រឹកម្សិលមិញក៏ដោយ តែព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការវត្តនេះបានមានសង្ឃដីកាថា អាជ្ញាធរសាលារាជធានីបានព្រមានព្រះអង្គមិនឲ្យអនុញ្ញាតឲ្យអ្នកតវ៉ាស្នាក់នៅពេលយប់បន្ថែមទៀតនោះឡើយ ឬសូម្បីតែចូលខ្លោងទ្វារវត្តនេះ បើគ្មានការយល់ព្រមពីរដ្ឋាភិបាល។
ព្រះចៅអធិការវត្តអង្គនេះបានមានសង្ឃ ដីកាទៀតថា ក្រុមមន្ត្រីបានគំរាមព្រះអង្គមិនឲ្យអនុញ្ញាតឲ្យអ្នកតវ៉ាស្នាក់នៅនោះឡើយ លុះត្រាតែក្រុមមន្ត្រីស្នើឲ្យព្រះអង្គផ្តល់កន្លែងស្នាក់នៅដល់ពួកគេ។
ព្រះអង្គមានសង្ឃដីកាថា”វាហួសពីប្រាប់ហើយ អស់ពីប្រាប់ចូលលក្ខណៈគំរាម”។ ព្រះអង្គបានបដិសេធមិនមានសង្ឃដីកាលម្អិតអំពីលក្ខណៈនៃការគំរាម ថាតើនរណាឲ្យពិតប្រាកដជាអ្នកធ្វើការគំរាមនេះ ឬនៅពេលណានោះឡើយ។ ព្រះតេជគុណ ថាច់ ហាសំអាង បានមានសង្ឃដីកាបន្ថែមថា “ពីមុនយើងអនុញ្ញាតឲ្យត្រង់ ឥឡូវត្រូវមានការស្នើសុំពីអាជ្ញាធរមូលដ្ឋាន”។
ព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថា “បេះដូងលោក គឺលោកបើកស្រាប់ហើយ លោកមិនមែនថា លោកប្រកាន់ថា មិនឲ្យនៅនោះទេ។ ប៉ុន្តែ ពេលអាជ្ញាធរដែនដីមិនមកសុំគឺអាត្មាមិនហ៊ានអនុញ្ញាតទេ យើងមិនហ៊ានអនុញ្ញាតដោយសារមានសម្ពាធចោទប្រកាន់លោកអញ្ចឹង”។
បន្ថែមពីលើការផ្តល់កន្លែងស្នាក់នៅដល់អ្នកតវ៉ាមកពីក្រៅក្រុង វត្តសាមគ្គីរង្សី ធ្លាប់ជាវត្តមួយស្ថិតក្នុងចំណោមវត្តមួយចំនួនក្នុងប្រទេសដែលតែងតែមិនធ្វើតាមវិន័យក្នុងព្រះពុទ្ធសាសនា ដោយនិយាយអំពីបញ្ហាដ៏រសើបផ្នែកនយោបាយ។
កាលពីដើមឆ្នាំមុន សាលារាជធានីបានធ្វើការស៊ើបអង្កេតវត្តសាមគ្គីរង្សីពាក់ព័ន្ធការធ្វើគតព្រះសង្ឃមួយអង្គនៅវត្តនេះ និង “សកម្មភាពប្រឆាំងរដ្ឋាភិបាល” ដែលគេមិនបញ្ជាក់ឱ្យដឹងផ្សេងៗទៀត។អ្នកនាំពាក្យសាលារាជធានីនៅពេលនោះបានមានប្រសាសន៍ថាការខ្វះការសហការរបស់វត្តជាមួយអាជ្ញាធរគឺ “ដូចជាការធ្វើអបគមន៍អ៊ីចឹង”។
កាលពីម្សិលមិញលោក ឃួង ស្រេងអភិបាលរងរាជធានីភ្នំពេញបានបដិសេធការដែលថា សាលារាជធានីបានព្រមានវត្តនេះកុំអនុញ្ញាតឱ្យអ្នកតវ៉ាស្នាក់នៅដោយមិនមានការយល់ព្រមពីរដ្ឋាភិបាល។ ប៉ុន្តែលោកបានថ្លែងថា ព្រះសង្ឃត្រូវតែប្រាប់អាជ្ញាធរពីអ្នកដែលព្រះអង្គឱ្យចូលស្នាក់នៅ។
លោកបានមានប្រសាសន៍ថា “វាជាទម្លាប់រដ្ឋបាល។ ឧទាហរណ៍ថា បើឱ្យបងប្អូនមក ស្រាប់តែបងប្អូនមានបញ្ហាកើតឡើងនៅក្នុងវត្តហ្នឹង តើនរណានឹងទទួលខុសត្រូវ គឺចៅអធិការវត្ត។ អ៊ីចឹងបើអត់រាយការណ៍ឱ្យសមត្ថកិច្ច តើសមត្ថកិច្ចដោះស្រាយរបៀបម៉េច?”។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា លោកស្រីមិនដឹងពីច្បាប់ណាមួយដែលផ្តល់ការគ្រប់គ្រងដល់រដ្ឋាភិបាលលើពុទ្ធបរិស័ទដែលចេញចូលវត្តឡើយ “ហើយមិនគួរមានការរឹតបន្តឹងបែបរំលោភបំពានណាមួយលើសេរីភាពនៃការជួបជុំ និងប្រមូលផ្តុំគ្នាដូចនេះឡើយ។
លោកស្រីបានថ្លែងថា ស្របតាមសេចក្តីសម្រេចកាលពីពេលថ្មីៗរបស់សាលារាជធានីក្នុងការផ្លាស់ប្តូរទីលានប្រជាធិបតេយ្យ ជាកន្លែងដែលរដ្ឋាភិបាលបានកំណត់សម្រាប់ការតវ៉ាជាសាធារណៈចេញពីកណ្តាលរាជធានីភ្នំពេញទៅកាន់ជាយក្រុង ”ចំណាត់ការនេះទំនងជាការប៉ុនប៉ងច្បាស់ក្រឡែតរបស់រដ្ឋាភិបាលក្នុងការរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការជួបជុំគ្នា និងការចូលរួមក្នុងការតវ៉ាដោយសន្តិវិធី”។
ក្រុមអ្នកតវ៉ាមកពីខេត្តកោះកុង ទីបំផុតត្រូវបានអនុញ្ញាតឱ្យចូលស្នាក់នៅក្នុងវត្តនេះតាមសំណើរបស់អាជ្ញាធរខណ្ឌបន្ទាប់ពីសម្រាកក្រៅខ្លោងទ្វារវត្តមួយយប់តាមចិញ្ចើមថ្នល់។
អ្នកស្រី សីុង កេត ជាអ្នកតវ៉ាម្នាក់បាននិយាយថា កូនប្រុសរបស់គាត់ដែលមានអាយុ២ឆ្នាំបានគ្រុនក្ដៅបន្ទាប់ពីសម្រាកនៅខាងក្រៅវត្តមួយយប់។
អ្នកស្រីនិយាយថា ”យើងយល់អំពីស្ថានភាពនោះ។ បើយើងរឹងទទឹងនៅតែចង់ស្នាក់នៅ ចៅអធិការនឹងមានបញ្ហា។ [មន្ត្រីរដ្ឋាភិបាល]ចាត់ទុកពួកយើងដូចសំរាមអ៊ីចឹង”៕ សារុន
(រាយការណ៍បន្ថែមដោយ Zsombor Peter)