30 C
Phnom Penh

ឈើ​ដែល​រឹបអូស​បាន​មាន​ញាត់​ភ្លុក​ដំរី​ជាង​១​តោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្លុកដំរីអាហ្វ្រិកជាងមួយតោន ស្បែកពង្រូល១៣៧គីឡូក្រាម និងលលាដ៍ក្បាលខ្លា៧ ស្ថិតក្នុងចំណោមបំណែកសត្វដែលគេរកឃើញលាក់ក្នុងឈើដឹកមកពីប្រទេសម៉ូសំប៊ិក ក្នុងការចាប់បានបំណែកសត្វខុសច្បាប់ដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។

បំណែកសត្វសរុប ដែលរុំក្រមួននិងលាក់ក្នុងកំណាត់ឈើបេងអាហ្វ្រិក ត្រូវបានប្រកាសឲ្យដឹងកាលពីថ្ងៃពុធ បន្ទាប់ពីបំណែកទាំងនោះត្រូវបានរើចេញជាបណ្តើរៗដោយក្រុមមន្ត្រីគយនៅផែស្ងួតក្រុងភ្នំពេញ ក្នុងរយៈពេលបីថ្ងៃ។

ក្រុមមន្ត្រីបាននិយាយថា ការចាប់បាននេះក៏មានឆ្អឹងខ្លា៨២.៣គីឡូក្រាម និងកន្ទុយដំរីជិត៥គីឡូក្រាមដែរ។ តម្លៃសរុបនៃបំណែកសត្វទាំងនោះមិនទាន់បានបញ្ចេញឲ្យដឹងទេកាលពីថ្ងៃពុធ។

នៅពេលដែលសេចក្តីលម្អិតមួយចំនួនអំពីគោលដៅនៃការដឹកជញ្ជូននេះត្រូវបានបញ្ចេញឲ្យដឹង លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ បាននិយាយថា ក្រុមមន្ត្រីគយកំពុងស៊ើបអង្កេតជនសង្ស័យក្នុងករណីនេះនៅឡើយ។

លោក វណ្ណារិទ្ធ បានប្រាប់ថា ក្រុមហ៊ុន Cam Transit Import ជាអ្នកត្រូវទទួលទំនិញ ដែលត្រូវបានរឹបអូសយកកាលពីសប្តាហ៍មុន។

cam-photo-ivory-1លោក ប៉ុល ចំរើន មន្ត្រីនគរបាលនៅខណ្ឌជ្រោយចង្វាក្នុងក្រុងភ្នំពេញ បាននិយាយថា មន្ត្រីប្រហែល២០នាក់ រួមមានរាជអាវុធហត្ថនិងមន្ត្រីព្រៃឈើផង បានឆែកឆេរឃ្លាំងរបស់ក្រុមហ៊ុននេះកាលពីព្រឹកថ្ងៃពុធ ប៉ុន្តែមិនបានរកឃើញអ្វីក្នុងឈើដែលស្តុកទុកនៅទីនោះទេ។

ក្រុមហ៊ុននេះមិនមានបង្ហោះនៅតាមអីុនធឺណិតទេ ហើយអ្នកកាសែតមិនអាចទទួលបានព័ត៌មានអំពីម្ចាស់ក្រុមហ៊ុនឡើយ។

លោក ចន ហ្គីរី (John Guiry) នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដែលខ្សែរថភ្លើងរបស់លោកដឹកទំនិញពីកំពង់ផែក្រុងព្រះសីហនុមក បាននិយាយថា “អ្នកទទួលទំនិញនេះនៅក្នុងប្រទេសចិន។ មាន[ភ្នាក់ងារ]វៀតណាមពាក់ព័ន្ធជាមួយនឹងបញ្ញើនេះដែរ”។

លោក ហ្គីរី បាននិយាយថា អង្គការសម្ពន្ធសត្វព្រៃកំពុងជួយក្នុងការស៊ើបអង្កេត ដូចអាំងទែប៉ូលធ្វើដែរ។ បុគ្គលិកមកពីអង្គការសម្ពន្ធសត្វព្រៃមិនអាចទាក់ទងបានទេកាលពីសប្តាហ៍មុន។

បំណែកសត្វត្រូវបានរក្សាទុកនៅផែស្ងួតរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវេក្នុងក្រុងភ្នំពេញ ខណៈដែលក្រុមមន្ត្រីសម្រេចថាភ្នាក់ងាររដ្ឋាភិបាលណា នាយកដ្ឋានគយរបស់ក្រសួងហិរញ្ញវត្ថុ ឬរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម នឹងបញ្ជូនរឿងក្តីនេះទៅតុលាការ។

បំណែកសត្វទាំងនេះជាផ្នែកនៃការចាប់បានបំណែកសត្វព្រៃជាច្រើនលើកផ្សេងទៀតក្នុងឆ្នាំកន្លងមក ក្នុងនោះមានទាំងការចាប់បានកុយរមាសពីរលើក និងភ្លុកដំរី៦០០គីឡូក្រាមដែលរកឃើញក្នុងកុងតឺន័រពោតនៅផែស្ងួតក្រុងព្រះសីហនុកាលពីខែសីហាដែរ។

ការរឹបអូសយកមួយចំនួន និងការចាប់បានភ្លុកដំរីពីមុនផង សព្វថ្ងៃនេះត្រូវបានរក្សាទុកនៅកន្លែងមានសុវត្ថិភាពក្នុងការិយាល័យរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ខណៈដែលក្រុមមន្ត្រីសម្រេចថានឹងត្រូវដោះស្រាយយ៉ាងណានោះ។

លោក វណ្ណារិទ្ធ បាននិយាយថា ប្រទេសកម្ពុជាបាននាំចូលកុងតឺន័រឈើចន្លោះពី៥០០ទៅ៦០០កុងតឺន័រពីទ្វីបអាហ្វ្រិក ចាប់តាំងពីខ្លួនបានចាប់ផ្តើមកត់ត្រាមក។ ទោះបីជាអ្នកត្រូវទទួលយកឈើគឺជនកម្ពុជាក្តី ក៏នៅមិនទាន់ច្បាស់ថាទីផ្សារណាដែលទំនិញនេះ ឬកុងតឺន័រផ្សេងទៀត ឆ្ពោះទៅនោះទេ ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីបាននិយាយថា ប្រទេសចិនទំនងបំផុតជាគោលដៅចុងក្រោយ។

តាមអង្គការបរិស្ថាន Forest Trends ប្រទេសចិនកំពុងងាកទៅរកទ្វីបអាហ្វ្រិកកាន់តែខ្លាំងឡើង ដើម្បីបំពេញសេចក្តីត្រូវការឈើហួសប្រមាណរបស់ខ្លួន ខណៈដែលឈើប្រណីតនៅអាស៊ីអាគ្នេយ៍កាន់តែហោចទៅ៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស