កាលពីម្សិលមិញ ក្រុមមន្ត្រីបានគូសបញ្ជាក់ បន្ថែមពីយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ដោយលើកឡើងថា យុទ្ធនាការនោះរួមមានការបង្កើនការអនុវត្តច្បាប់ ការបន្សាប ការប្រឆាំងការជួញដូរ និងការអប់រំជាដើម។
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ អំឡុងកិច្ចប្រជុំនៅវិទ្យាស្ថានជាតិគ្រប់គ្រងថា អ្នកជួញដូរគ្រឿងញៀនប្រើប្រាស់ប្រទេស កម្ពុជាជាចំណុចឆ្លងកាត់ដែលបានឈានដល់ទីផ្សារគ្រឿងញៀនក្នុងស្រុកកាន់តែធំឡើង។
លោក កែ គឹមយ៉ានបានថ្លែងថា “ប្រជាពលរដ្ឋ និងយុវជនរបស់យើងបានធ្វើចំណាកស្រុកមកធ្វើការក្នុងរាជធានីភ្នំពេញ ហើយពួកគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ហើយពួកគាត់ត្រូវបានអូសទាញឱ្យប្រើប្រាស់គ្រឿងញៀន។ ពួកគាត់ត្រូវគេប្រាប់ថា វាជាថ្នាំលើកកម្លាំង និងជាថ្នាំសប្បាយ”។
យោងតាមសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុនបានឱ្យដឹងថា ចំនួនអ្នកប្រើប្រាស់ថ្នាំញៀនដែលកំណត់បានអត្តសញ្ញាណ ក្នុងប្រទេសកម្ពុជានៅឆ្នាំនេះប្រហែល១៨.៥០០នាក់ គឺកើនឡើងប្រហែល ៣០ភាគរយកាលពីឆ្នាំមុន។
ខណៈការចាប់ខ្លួនតែម៉្យាងមិនអាចបញ្ចប់ការប្រើប្រាស់និងជួញដូរថ្នាំញៀនបាននោះ លោក កែ គឹមយ៉ាន បានថ្លែងថា ជនល្មើសថ្នាំញៀនមួយចំនួនគឺចាំបាច់ត្រូវប្រមូលចាប់ ហើយរដ្ឋាភិបាលត្រូវការកន្លែងបន្ថែមដើម្បីដាក់ពួកគេ។
លោក កែ គឹមយ៉ាន បានថ្លែងថា”ប្រសិនបើយើងផ្តោតលើការចាប់ខ្លួនតែម៉្យាង វានឹងមិនអាចដោះស្រាយបញ្ហាថ្នាំញៀនបានឡើយ។ ឥឡូវនេះនៅពេលយើងចាប់ខ្លួនយើង គ្មានកន្លែងដាក់ពួកគេទេ ទាំងក្នុងពន្ធនាគារ និងមណ្ឌលបន្សាប។ យើងត្រូវប្រមូលចាប់ឱ្យបានប្រហែល៦.០០០នាក់នៅក្នុងយុទ្ធនាការនេះ ពីព្រោះរាជធានីភ្នំពេញតែមួយមានមនុស្សស្ទើរតែប្រហែល៣.០០០នាក់ទៅហើយដែលប្រើប្រាស់ថ្នាំញៀន”។
លោក កែ គឹមយ៉ាន បានថ្លែងថា “ចំពោះអ្នកប្រើប្រាស់ថ្នាំញៀន មួយចំនួនទើបតែប្រើប្រាស់តិចតួច ដូច្នេះហើយ ពួកគេគ្រាន់តែសាកល្បងប៉ុណ្ណោះ…ហើយពួកគេនឹងត្រូវបញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន។ ចំពោះមណ្ឌលឃុំខ្លួនវិញ មិនមានកន្លែងគ្រប់គ្រាន់ដើម្បីដាក់ពួកគេឡើយ”។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា រដ្ឋាភិបាលមានផែនការប្រើប្រាស់មណ្ឌលអប់រំកែប្រែទី៤ក្នុងខេត្តពោធិ៍សាត់ដើម្បីដាក់ជនល្មើសគ្រឿងញៀនឱ្យដាច់ដោយឡែកពីអ្នកទោសដែលមិនប្រើប្រាស់គ្រឿងញៀន។ កាលពីថ្ងៃពុធ លោកបានអំពាវនាវឱ្យមានការសាងសង់ពន្ធនាគារមួយដាច់ដោយឡែកដើម្បីដាក់ជនល្មើសគ្រឿងញៀនក្នុងការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការប្រើប្រាស់សារធាតុខុសច្បាប់កុំឱ្យរាលដាលក្នុងចំណោមអ្នកទោស។
លោកបានលើកឡើងកាលពីថ្ងៃពុធថា “ប្រសិនបើយើងមិនបំបែកអ្នកទោសញៀនថ្នាំដែលនៅឡូកឡំជាមួយអ្នកទោសមិនញៀនថ្នាំទេនោះ ពួកគេនឹងក្លាយជាញៀនថ្នាំទាំងអស់គ្នាមិនខានឡើយ”។

លោក សែម ស៊ីថាត ប្រធានគម្រោងទទួលបន្ទុកផ្នែកគ្រឿងញៀននៅអង្គការFriends-International ជាអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់សេវាបន្សាបគ្រឿងញៀនដោយស្ម័គ្រចិត្តបានមានប្រសាសន៍កាលពីម្សិលមិញថា ការបង្កើនការពង្រឹងច្បាប់នឹងធ្វើឱ្យអ្នកផ្តល់សេវានេះលំបាកទាក់ទងជាមួយអ្នកប្រើប្រាស់គ្រឿងញៀន។
លោក បានថ្លែងថា លើសពីនេះទៅទៀត ការបង្ក្រាបរបស់នគរបាលទំនងជាធ្វើឱ្យអ្នកប្រើប្រាស់គ្រឿងញៀនកាន់តែចល័ត និងសម្ងំលាក់ខ្លួន។ “ខ្ញុំគិតថា វានឹងមិនអាចគ្រប់គ្រងបានទេ”។
លោកលើកឡើងថា ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងចូលក្នុងប្រទេសកម្ពុជា លោក ស ខេង ថ្លែងថា ត្រូវបង្កើតគណៈកម្មការមួយដើម្បីផ្តោតលើការដោះស្រាយការជួញដូរគ្រឿងញៀន។ គ្រឿងញៀនភាគច្រើនចូលមកក្នុងប្រទេសកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ឡាវ អាកាសយានដ្ឋានអន្តរជាតិ និងតាមប៉ុស្តិ៍ប្រៃសណីយ៍។
លោកបន្តថា “សកម្មភាពជួញដូរគ្រឿងញៀនក្នុងប្រទេសកម្ពុជាមិនទាន់ថយចុះឡើយ”។ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងនៅសន្និសីទមួយកាលពីម្សិលមិញថា នៅឆ្នាំនេះ នគរបាលនិងកងរាជអាវុធហត្ថបានធ្វើការលើករណីគ្រឿងញៀនចំនួន៤.១៩១ករណីរួមមាន១.១១២ករណីពាក់ព័ន្ធអ្នកប្រើប្រាស់ថ្នាំញៀន។
លោកបានបន្ថែមថា អាជ្ញាធរចាប់ខ្លួនជនសង្ស័យ៩.៨០២នាក់រួមមានអ្នកប្រើប្រាស់ថ្នាំញៀន៣.៦១១នាក់ និងរឹបអូសបានថ្នាំញៀនប្រហែល១៧៥គីឡូក្រាម។
លោក កែ គឹមយ៉ាន បានផ្ញើសារប្រាប់ដល់សាធារណជនអំពីហានិភ័យទាក់ទងការប្រើប្រាស់ថ្នាំញៀនថា ជាការចាំបាច់ ហើយគួរផ្សព្វផ្សាយតាមរយៈទូរទស្សន៍ សាលារៀន ការប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡាជាដើម។
លោកថ្លែងថា “យើងគួរបង្កើតគណៈកម្មការដើម្បីអប់រំ និងផ្សព្វផ្សាយអំពីបញ្ហានេះ”៕សារុន (រាយការណ៍បន្ថែមដោយ Matt Surrusco)